ពីនេះ ពីនោះ
គំនិត «​វាយបំបាក់​ដើម្បី​ត្រួតត្រា​» ពិតជា​នៅមាន​ប្រសិទ្ធភាព​នៅក្នុង​សង្គម​!
13, Nov 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​តាំងតែ​ពី​បុរាណកាល​មក​អ្នកដឹកនាំ​ខ្មែរ ព្រះរាជ​ខ្មែរ​បាន​ប្រើ​យុទ្ធសាស្ត្រ​មួយ​គឺ «​វាយបំបាក់​ដើម្បី​ត្រួតត្រា​» ក្នុង​បុព្វហេតុ​ពង្រីក​វិសាលភាព​ទឹកដី​។ ហើយ​គំនិត​នេះ​ត្រូវបាន​អនុវត្តន៍​តាំងពី​រជ្ជកាល​ព្រះបាទ​ហ៊ុនទៀន ចំណែក​អ្នកដឹកនាំ​សម័យ​ក្រោយៗ ព្រះអង្គ​ក៏​បន្ត​អនុវត្ត​គំនិត​នយោបាយ​នេះ​ដូចគ្នា​។ ចំណែក​បច្ចុប្បន្នភាព​នេះ​នៅតែ​បន្ត​អនុវត្តន៍​គោល​គំនិត​នេះ​យ៉ាង​ពេញនិយម​។​



ដើម្បី​​ប្រតិបត្តិ​គំនិត ឬ​យុទ្ធសាស្ត្រ​មួយ​នេះ​បាន គឺ​គេ​ត្រូវ​ពឹង​ផ្អែកលើ​របស់​បីយ៉ាង​ដែលមាន​សារសំខាន់​បំផុត​ដើម្បី​កិច្ចការ​នេះ​ទទួលបាន​ជោគជ័យ​។ របស់​ទាំងអស់នោះ​គឺ ទីមួយ​. មាន​បុគ្គល​មួយរូប​ដែលជា​អ្នក​ចម្បាំង​ដ៏​ខ្លាំងក្លា ទី​ពីរ​. មាន​កម្លាំង​កងទ័ព​ខ្លាំងក្លា និង​ទី​បី​. មាន​មនុស្ស​ជំនិត​ជាទី​ទុកចិត្ត​របស់​អ្នកដឹកនាំ ដើម្បី​ទៅគ្រប់​គ្រង​នគរ​ចំណុះ​ទើប​មិនមាន​បញ្ហា​។​

​រហូតមកដល់​សម័យ​បច្ចេកវិទ្យា សម័យ​វិទ្យាសាស្ត្រ សម័យ​ទំនើប​នេះ គេ​ឃើញថា​ប្រទេស​ណា​ក៏បាន​អនុវត្តន៍​ដែរ តែ​វា​មិន​មែនមាន​ទិដ្ឋភាព​ជាការ​ត្រួតត្រា​ប្រទេស​ចំណុះ​ដូច​សម័យមុន​នោះទេ​។  ហើយ​ប្រទេស​មហាអំណាច​ធំ​ក៏​នៅតែមាន​ការអនុវត្ត​គោល​គំនិត​មួយ​នេះ​ដដែល​។ តែ​ប្រទេស​ទាំង​នោះបាន​ប្រើ​រូបភាព​ផ្ទុយ​ពី​សម័យមុន ដែល​តែងតែ​ធ្វើសង្គ្រាម​អាវុធ​ដើម្បី​វាយបំបាក់​សត្រូវ​របស់​ខ្លួន​ដើម្បី​ត្រួតត្រា តែ​សម័យថ្មី​នេះ​គេ​ប្រើ​រូបភាព​ជាការ​ធ្វើសង្គ្រាម​សេដ្ឋកិច្ច សង្គ្រាម​មនោគមន៍វិជ្ជា​នយោបាយ និង​ការបង្ហាញ​នូវ​សាច់ដុំ​អាវុធ​ទំនើបកម្ម​។​

​និយាយ​ជា​រូបភាព​ប្រទេសមួយ​ជាមួយ​ប្រទេសមួយ​គឺជា​រឿង​មួយ​ដែល​ដាច់ខាត​ត្រូវតែមាន​។ ចំណែក​នៅក្នុង​ប្រទេស​ក្នុងស្រុក ក៏​គេ​ពេញនិយម​ប្រើប្រាស់​គោល​គំនិត​នេះ​ផងដែរ​ទាំង​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម និង​នយោបាយ​។ ជាពិសេស​នៅក្នុង​វិស័យ​នយោបាយ​បច្ចុប្បន្ននេះ អ្នកនយោបាយ​គឺ​កំពុងតែ​ប្រើ​យុទ្ធសាស្ត្រ​មួយ​នេះ​ដើម្បី​បំបាក់ស្មារតី​ដៃគូរ​ប្រកួត និង​អ្នកគាំទ្រ​នយោបាយ​បក្ស​ផ្សេង​ដែល​មិនមែណជា​បក្ស​របស់ខ្លួន​។ ហើយ​គេ​ឃើញថា​វា​នៅតែមាន​ប្រសិទ្ធភាព​ដដែល​ចំពោះ​អ្នក​ដែល​ទទួលរង​ឥទ្ធិពល​យុទ្ធសាស្ត្រ​មួយ​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com