អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក ទទូច​ឱ្យ​កែ​រដ្ឋធម្មនុញ្ញ​បើកផ្លូវ​ដល់​លោកស្រី ស៊ូ​ជី ធ្វើជា​ប្រធានាធិបតី​
13, Nov 2015 , 4:30 pm        
រូបភាព
​សហរដ្ឋអាមេរិក បាន​ទទូច​ឱ្យមាន​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​បាន​រារាំង​ការឡើង​ធ្វើជា​ប្រធានាធិបតី​របស់​ប្រធាន​គណបក្សប្រឆាំង​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។ ។ អាមេរិក​បានលើកឡើង​ថា នេះ​ជា​រឿង​ចាំបាច់​សម្រាប់​ដំណើរការ​ទៅមុខ​នៃ​លទ្ធិប្រជាធិបតេយ្យ​ក្មេងខ្ចី​មី​យ៉ាន់​ម៉ា បន្ទាប់ពី​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃអាទិត្យ​ទី​០៨ សប្ដាហ៍​មុន​។​

 
​កាលពី​ម្សិលមិញ លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ទូរ​សព្ទ​ទៅកាន់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដើម្បី​អបអរសាទរ​ជ័យជម្នះ​លោកស្រី​ក្នុងការ​បោះឆ្នោត​នៅ​ថ្ងៃទី​៨​ខែវិច្ឆិកា​កន្លងទៅ​។ បន្ទាប់មកទៀត សេត​វិមាន ក៏បាន​លើកឡើង​ពី​ជំហាន​ចាំបាច់​ផ្សេងទៀត​សម្រាប់​លទ្ធិប្រជាធិបតេយ្យនៅ​មី​យ៉ាន់​ម៉ា ជាពិសេស​បញ្ហា​ទាក់ទង​នឹង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។ 
 
​លោក Ben Rhodes ទីប្រឹក្សា​ទទួលបន្ទុក​កិច្ចការបរទេស​របស់​ប្រធានាធិបតី អូ​បា​ម៉ា បាន​ថា ដំណើរការ​ផ្លាស់ប្ដូរ​ទៅកាន់​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​មី​យ៉ាន់​ម៉ា គឺ​ចាំបាច់​ត្រូវតែមាន​កំណែទម្រង់​រដ្ឋ​ធម្មនុញ្ញ​។ លោក​បន្តថា បើទោះបីជា​មានការ​បោះឆ្នោត​ក៏ដោយ យោធា​ក៏ត្រូវ​គ្រប់គ្រង​អាសនៈ​ចំនួន​២៥​ភាគរយ​នៃ​សភា​ជាន់​ទាប និង​សភា​ជាន់ខ្ពស់​នៃ​ប្រទេស​មី​យ៉ាន​ម៉ា​ដែរ​។ 
 
​ទាក់ទង​នឹង​តំណែង​ប្រធានាធិបតី​នេះ លោកស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវបាន​រដ្ឋធម្មនុញ្ញ​នៃ​មី​យ៉ាន​ម៉ា រារាំង​មិន​ឲ្យ​លោកស្រី​កាន់តំណែង​នេះ​បានទេ ព្រោះតែ​ស្វាមី​របស់​អ្នកស្រី​ជា​ជនជាតិ​បរទេស (​ជនជាតិ​អង់គ្លេស​)​។ មា​ន័យ​ថា​លោកស្រី គឺ​មិន​មានឱកាស​ដឹកនាំ​ប្រទេស​ក្នុង​តំណែង​ជា​ប្រធានាធិបតី​ស្រប់ច្បាប់​នោះទេ ប្រសិនបើ​ក្រុម​យោធា​មិន​ព្រម​។ តែបើ​មាន​ភ្លើង​ខៀវ​ពី​ក្រុម​យោធា ពេលនោះ លោកស្រី អ៊ុង​សាន ស៊ូ​ជី អាច​មានឱកាស​ស្របច្បាប់​ក្នុងការ​ដឹកនាំ​ប្រទេស​បាន​។​
 
​យ៉ាងណាក៏ដោយ បើសិនជា​មិនអាច​ក្លាយជា​ប្រធានាធិបតី លោកស្រី អ៊ុង​សាន ស៊ូ​ជី នឹង​ដើរ​ផ្លូវ​មួយទៀត ពីព្រោះ​លោកស្រី​ធ្លាប់បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោ​កក​ស្រី​នឹង​ទទួលបាន​តំណែង​ខ្ពស់ជាង​តំណែង​ប្រធានាធិបតី​ទៅទៀត​៕ 

Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com