ISIS ថា​ខ្លួន​នៅ​ពីក្រោយ​ការផ្ទុះ​គ្រាប់បែក​នៅ​លី​បង់ ដោយ​ភ្ជាប់​នៅលើ​ម៉ូតូ​ទុកចោល​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ISIS ថា​ខ្លួន​នៅ​ពីក្រោយ​ការផ្ទុះ​គ្រាប់បែក​នៅ​លី​បង់ ដោយ​ភ្ជាប់​នៅលើ​ម៉ូតូ​ទុកចោល​
13, Nov 2015 , 5:10 pm        
រូបភាព
 
​គ្រាប់បែក​ចំនួន​ពីរ​គ្រាប់ ត្រូវបាន​បំផ្ទុះ​នៅ​ទីប្រជុំជន​មួយកន្លែង​ក្នុង​ទីក្រុង​បៃ​រ៉ូ​ត ដែល​បានសម្លាប់​មនុស្ស​ប្រមាណ​៤៣​នាក់​និង​ជាច្រើន​រយ​នាក់​ទៀត​បាន​រងរបួស​។ ក្រុម​រដ្ឋ​ឥស្លាម​អះអាងថា​ខ្លួន​នៅ​ពីក្រោយ​ការ​បំផ្ទុះ​នេះ​ដែល​ប្រហែលជា​សំដៅ​ដល់​ក្រុម​ឧទ្ទាម​ហេស​ប៊ុល​ឡា​ហ៍​។ នេះ​គឺជា​ការវាយប្រហារ​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ លើ​ទីតាំង​ក្រុម​ហេស​ប៊ុល​ឡា​ហ៍​នៅក្នុង​ប្រទេស​លី​បង់​។​

 
​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ មនុស្ស​យ៉ាងតិច​៤៣​នាក់ បាន​ស្លាប់ និង​ប្រមាណ​២៤០​នាក់​ផ្សេងទៀត​បាន​រងរបួស​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​ចំនួន​ពីរ​ក្នុង​សង្កាត់ Burj al-Barajneh របស់​ទីក្រុង​បៃ​រ៉ូ​ត​ប្រទេស​លី​បង់​។​គ្រាប់បែក​បាន​ផ្ទុះ​នៅលើ​ផ្លូវ​មួយ​ដែល​សម្បូរ​ដោយ​អ្នកលក់ដូរ​ជាច្រើន​ហើយ​ទីតាំង​នៃ​ការផ្ទុះ​គឺជា​មូលដ្ឋាន​រឹង​ម៉ាំ​របស់​ក្រុម​ឧទ្ទាម​ហេស​ប៊ុល​ឡា​ហ៍​។ 
 
​សង្កាត់ Burj al-Barajneh  គឺជា​សង្កាត់​ដែល​សម្បូរ​ជនជាតិ​មូស្លីម​ស៊ី​អ៊ី​ត​ភាគច្រើន​រស់នៅ ហើយ​វា​ស្ថិតនៅ​ជាប់​នឹង​ជំរំ​ជនភៀសខ្លួន​ប៉ា​លេ​ស្ទី​ន​។​
 
​ជុំវិញ​ហេតុការណ៍​នេះ ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម បានប្រកាស​ទទួលខុស​ត្រូវ​នៅ​ពីក្រោយ​ការ​បំផ្ទុះ​។ តាមរយៈ​សេចក្ដីថ្លែងការណ៍​ដែល​បាន​បង្ហោះ​នៅលើ​អ៊ិន​ធ័​រ​នែ​ត ក្រុម​រដ្ឋ​ឥស្លាម​និយាយថា អ្នក​ប្រយុទ្ធ​របស់​យើង​បាន​បំផ្ទុះ​គ្រាប់បែក​ដែល​ដាក់​ភ្ជាប់​នៅលើ​ម៉ូតូ​ទុកចោល នៅក្នុង​តំបន់​ដែល​សម្បូរ​ដោយ​ជន​ស៊ី​អ៊ី​ត​។ 
 
​សេចក្ដីថ្លែងការណ៍​បន្ត​ថា យុទ្ធជន​របស់​យើង​បាន​បំផ្ទុះ​គ្រាប់ នៅពេល​មនុស្ស​កំពុង​អ៊ូអរ​។ យ៉ាងណាក៏ដោយ មូលហេតុ​នៃ​ការវាយប្រហារ​មិនត្រូវ​បាន​ក្រុម​នេះ​បញ្ជាក់​នោះទេ​។ តែ​ជម្លោះ​និកាយ​សាសនា​អាចជា​មូលហេតុ​នៅ​ពីក្រោយ​ការ​បំផ្ទុះ​នេះ​។​
 
​គួរ​បញ្ជាក់ថា នេះ​គឺជា​លើកទីមួយ​ដែលមាន​ការវាយប្រហារ​បង្ហូរឈាម​យ៉ាងធ្ងន់ធ្ង​រ ដែល​សំដៅ​ដល់​ក្រុម​ហេស​ប៊ុល​ឡា​ហ៍ ចាប់តាំងពី​ក្រុម​ឧទ្ទាម​នេះ​ចូលរួម​ក្នុង​វិបត្តិ​ស៊ី​រី​នៅក្នុង​ឆ្នាំ​២០១៣ ។ ឯ​ការវាយប្រហារ​ចុងក្រោយ​បំផុត បាន​កើតឡើង​កាលពី​ឆ្នាំ​២០១៤៕ 
 

Tag:
 លី​បង់
© រក្សាសិទ្ធិដោយ thmeythmey.com