អន្តរជាតិ
ញូវយ៉ក ៖ អ្នកសុំទាន​ម្នាក់​រកប្រាក់​បាន ២០០ ដុល្លារ​ក្នុង​មួយ​ម៉ោង ដោយសារ​សត្វ​ឆ្កែ​
14, Nov 2015 , 12:38 pm        
រូបភាព
ដោយ: ធីតា
 
 
​អ្នកសុំទាន​ម្នាក់​ដែល​អង្គុយ​រង់ចាំ​ការដាក់​ទាន​នៅ​ស្ថានីយ៍​អ្នកដំណើរ​មួយ ( Grand Central Terminal ) នៅ​ទីក្រុង​ញូវយ៉ក អាច​រកប្រាក់​បាន ២០០ ដុល្លារ​ក្នុង​មួយ​ម៉ោង ដោយសារតែ​ទឹកចិត្ត​សន្តោស​របស់​ពលរដ្ឋ​ក្នុង​ទីក្រុង​នេះ​។​

 
​លោក Will Andersen អាយុ ៤៣ ឆ្នាំ​ធ្លាប់​បម្រើការ​ជា​អ្នក​កាន់​ខាង​ម៉ាស៊ីន​នៅ​រោងល្ខោន​មួយ អាច​ចិញ្ចឹមជីវិត​ដោយ​ងាយស្រួល ដោយសារតែ​អ្នកដំណើរ​អាណិត​ស្រឡាញ់​សត្វ​ឆ្កែ​របស់គាត់​ឈ្មោះ Rizzo ។ ពេលនេះ សត្វ​ឆ្កែ​នេះ​មាន​អាយុ ៩ ឆ្នាំ​ហើយ​។ លោក​បាន​អះអាង​ប្រាប់ New Yourk Post ថា​៖ « នៅ​ព្រឹក​ថ្ងៃ​សុក្រ​មួយ​នោះ ត្រឹមតែ​២ ម៉ោង​សោះ រកបាន​ប្រាក់​ដល់​ទៅ ៤០០ ដុល្លារ »​។ ជាមួយនឹង​ប្រាក់​ដែល​គាត់​អាច​រកបាន​ដោយ​ងាយស្រួល​នោះ គាត់​មានលទ្ធភាព​ជួល​បន្ទប់​មួយ​ក្នុងតម្លៃ ៣០០ ដុល្លារ​ក្នុង​មួយខែ បន្ទាប់ពី​រស់នៅ​ដោយ​គ្មាន​ផ្ទះសម្បែង​អស់​រយៈពេល ៣ ឆ្នាំ​មក​។ ពេលនេះ គាត់​នៅតាម​ផ្លូវ តែ​ពេល​ត្រូវ​សុំទាន​គេ​ប៉ុណ្ណោះ​។​
 
​នៅពេលដែល​ជួប​អ្នក​ចិត្ត​ទូលាយ បុរស​រូបនេះ​ទទួលបាន​ប្រាក់​ពី ៨០ ទៅ ១០០ ដុល្លារ ហើយ​ជាទូទៅ ពួកគេ​តែងតែ​និយាយថា « យកលុយ​នេះ ទៅ​សម្រាក​ឲ្យ​ស្រួលខ្លួន​ចុះ​យប់​នេះ » ។ ពួកគេ​ចង់​មានន័យថា ឲ្យ​លោក Andersen ទៅ​សម្រាក​នៅ​សណ្ឋាគារ​ឲ្យ​បាន​ស្រួលខ្លួន​ម្តង​។ លោក​បាន​អះអាង​បន្តទៀតថា អ្នកខ្លះ​ឲ្យ​ប្រាក់​លោក​ត្រឹមតែ ៥ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ប៉ុន្តែ ពួកគេ​ឲ្យ ៥ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ អ្នកខ្លះ​ទៀត​ឲ្យ​តែ ១ ដុល្លារ​ទេ​។ សម្រាប់​អ្នក​ដែល​ឲ្យ​ប្រាក់​តិចៗ​ទាំងនេះ​តែងតែ​និយាយថា​៖ « នេះ​សម្រាប់​សត្វ​ឆ្កែ »​។​
 
​អាជីព​នេះ​មិនមែន​សុទ្ធតែ​កាក់កប​សម្រាប់​អ្នកសុំទាន​គ្រប់រូប​នោះទេ អ្វីៗ​វា​អាស្រ័យ​នៅលើ​ទីតាំង​ដែរ​។ ប៉ុន្តែ វា​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​ណាស់​សម្រាប់​លោក Andersen ដែល​បាន​បោះបង់ចោល​កន្លែង​រកស៊ី​ចាស់​ដ៏​ល្អ​បែបនេះ បន្ទាប់ពី​គាត់​ល្បីល្បាញ​យ៉ាងខ្លាំង​ក្នុង​បណ្តាញ​ព័ត៌មាន​មក​។ ពេលនេះ គេ​មិនដឹងថា តើ​គាត់​ត្រូវ​ផ្លាស់ប្តូរ​ទីកន្លែង​សុំទាន ឬ​ប្តូរ​មុខរបរ​នោះទេ​៕

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com