អន្តរជាតិ
សំណង់​អគារ​ស្នាក់នៅ​សិង្ហ​បុរី​ជាប់​ឈ្មោះ​ជា​ស្ថាបត្យកម្ម​ពិភពលោក​ដ៏​អស្ចារ្យ​ឆ្នាំ ២០១៥
15, Nov 2015 , 8:06 am        
រូបភាព
ដោយ: ធីតា
​សំណង់​អគារ​ស្នាក់នៅ​មួយ​នៅ​សិង្ហ​បុរី ត្រូវបាន​ជាប់​ជា​សំណង់​ស្ថាបត្យកម្ម​ពិភពលោក​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ ២០១៥ កាលពី​សប្តាហ៍​មុន នៅក្នុង​ពិធី​មហោស្រព​ស្ថាបត្យកម្ម​ពិភពលោក ដែល​បាន​ប្រារព្ធ​ធើ្វ​ឡើង​ក្នុងប្រទេស​នេះ ពីថ្ងៃ​ទី ៤ ដល់ទី ៦ ខែវិច្ឆិកា​។ សំណង់​ដែលជា​អគារ​ច្រើន​ជាន់​ត្រួត​លើ​គ្នា​នោះ មាន​ឈ្មោះថា The Interlace ។​

 
សំណង់​ដ៏​អស្ចារ្យ​នេះ​ត្រូវបាន​សាងសង់​រួច​កាលពី​ឆ្នាំ ២០១៣ មាន​អគារ​ចំនួន ៣១ ដែលមាន​រាង​ជា​ចតុកោណកែង និង​ដាក់​ត្រួត​លើ​គ្នា​បញ្ឆិតៗ ពីមួយ​ទៅមួយ​។ ស្ថាបត្យករ​ដែល​រចនា​ម៉ូដ​សំណង់​អគារ​នេះ គឺជា​ជនជាតិ​អាល្លឺម៉ង់​ឈ្មោះថា Ole Scheeren ។ គោលបំណង​នៃ​ការ​រចនា​ម៉ូដ​នេះ គឺ​ដើម្បី​បង្កើត​អគារ​ស្នាក់​នៅក្នុង​ដង់ស៊ីតេ​ប្រជាជន​ដ៏​ខ្ពស់ ដោយ​មិនចាំបាច់​រក​ទីតាំង​ខុសៗ​គ្នា​ក្នុង​ការសាងសង់​តួ​អគារ​នោះទេ​។ The Interlace មាន​ទំហំ ១៧០ ០០០ ម៉ែត្រ​ការេ សាងសង់​លើ​ផ្ទៃដី​ទំហំ ៨ ហិច​តា​។ អគារ​នីមួយៗ​មាន ៦ ជាន់ និង​បណ្តោយ​ប្រវែង ៧០ ម៉ែត្រ​។​
 
​សំណង់​នេះ​ត្រូវបាន​ជាប់​ជា​សំណង់​ស្ថាបត្យកម្ម​ពិភពលោក ដោយសារតែ​វា​ជា​សំណង់​គំរូ​បង្ហាញ​ពី​ភាព​អង់អាច ដែលជា​គោល​គំនិត​នៃ​ស្ថាបត្យកម្ម​សម័យ​ទំនើប​។ ម្យ៉ាងទៀត ស្ថាបត្យកម្ម​នេះ​រចនា​ឡើង​ដោយ​ធ្វើ​ឲ្យ​ការរស់នៅ​របស់​មនុស្ស មានការ​ប្រា​ស័​យ​ទាក់ទង​គ្នា ដោយ​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ផងដែរ​។ សំណង់​នេះ​គឺជា​សំណង់​អគារ​ដ៏​ធំ​សម្បើម​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការអភិវឌ្ឍន៍​កន្លែងរ​ស់​នៅក្នុង​ប្រទេស​សិង្ហ​បុរី​៕

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com