ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី នឹង​មកដល់​កម្ពុជា​នៅ​ម៉ោង ១១ យប់​ថ្ងៃស្អែក​នៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប​
15, Nov 2015 , 12:43 pm        
រូបភាព
ដោយ:
 
​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង បាន​អះអាងថា លោក សម រង្ស៊ី ប្រធាន​កណ​បក្ស​សង្គ្រោះ​ជាតិ នឹង​មកដល់​ប្រទេស​កម្ពុ​យ​ជា​នៅ​ថ្ងៃទី ១៦ ខែ វិច្ឆិកា ស្អែក​នេះ​។



​លោក អេង ឆៃអ៊ាង មន្ត្រី​ស្និទ្ធ​នឹង​លោក សម រង្ស៊ី បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាងនេះ​ថា​៖« តាម​គម្រោង ហើយ​អាច​នឹងមិន​ផ្លាស់ប្តូរ​ទេ លោក សម រង្ស៊ី នឹង​ត្រឡប់មក​កម្ពុជា​នៅ​ថ្ងៃស្អែក​។ តាម​គម្រោង​គាត់​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប នៅ​ម៉ោង ១១ យប់​ថ្ងៃទី ១៦ ខែវិច្ឆិកា​»​។​
 
​ចំណែក​លោក កឹម សុខា មិនទាន់​ត្រឡប់មក​កម្ពុជា​វិញ​ទេ លោក​អនុប្រធាន​គណបក្សប្រឆាំង​រូបនេះ នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​មួយចំនួន​នៅ​អ៊ឺរ៉ុប​។ នេះ​បើតាម​មន្ត្រី​ខាងលើ​។​
 
​កាលពី​ថ្ងៃទី ១៤ ខែ វិច្ឆិកា លោក សម រង្ស៊ី បាន​ថ្លែងប្រាប់​ពលករ​នៅ​ប្រទេស​កូរ៉េ​ថា រូបលោក​នឹង​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ បើ​​ទោះបីជា​មានការ​ចាប់ចង​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ​ក៏ដោយ​។ លោក សម រង្ស៊ី បានបញ្ជាក់​យ៉ាងនេះ​ថា​៖« សម រង្ស៊ី អត់​ខ្លាច​ទេ​។ សម រង្ស៊ី កឹម សុខា ដូច​កូន​ខ្មែរ​ទាំងអស់ សុខចិត្ត​បូជាជីវិត ឲ្យ​តែ​ជាតិ​បាន​រស់​។ ដូច្នេះ​ខ្ញុំ​អត់​ខ្លាច​ទេ យក​ខ្ញុំ​ទៅណា យកទៅ តែ​ព្រលឹង​ខ្ញុំ​នៅតែ​ស្រឡាញ់​ខ្មែរ ការពារ​ខ្មែរ​..​។ ចង់​ចាប់​សម រង្ស៊ី ចាប់​ចុះ »​។ 
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្ត្រី បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​ដំណើរ​មកកាន់​កម្ពុជារ​ប​ស់លោក សម រង្ស៊ី ដើម្បី​ទទួលទោស​របស់ខ្លួន​។​
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា លោក ស៊ឺ វណ្ណ​នី ព្រះរាជ​អ​ជ្ញា​រង​សាលា​រាជធានី​ភ្នំពេញ បានចេញ​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី តាម​អំណាច​សាលដីកា​ស្ថាពរ ចុះ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៣ របស់​សាលាឧទ្ធរណ៍​។ លោក សម រង្ស៊ី ត្រូវ​ចោទប្រកាន់​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង ប្រព្រឹត្តទៅ​នៅ​សារមន្ទីរ​ជើងឯក កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០០៨ ដែល​ត្រូវជាប់​ពន្ធនាគារ​រយៈ​ពេល​ ២ ឆ្នាំ​ និងពិន័យ​ជាប្រាក់​ ៨ លាន​រៀល​។
 
 
 

Tag:
 ហ៊ុន សែន​
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com