ជាតិ
បទវិភាគ
យុទ្ធសាស្ត្រ​នយោបាយ​ចាស់ មិនអាច​ទាក់ទាញ​អ្នកបោះឆ្នោត​បាន​ទៀតឡើយ​!
15, Nov 2015 , 4:30 pm        
រូបភាព
 ​ភ្នំពេញ​៖ អស់​រយៈពេល​ជាច្រើន​អាណត្តិ​មកហើយ ពោល គឺ​ពី​អាណត្តិ​ទី​១​ដល់​អាណត្តិ​ទី​៤ គំនិត​អ្នកបោះឆ្នោត​មានការ​ប្រែប្រួល​តិចតួច​។ តែ​សម្រាប់​អាណត្តិ​ទី​៥​កន្លងមក អ្នកបោះឆ្នោត​ចាប់ផ្តើម​ចេះ​ដាក់​សម្ពាធ​លើ​អ្នកនយោបាយ​របស់ខ្លួន​ហើយ​។ ហើយ​នៅ​អាណត្តិ​ទី​៦​ខាងមុខនេះ ប្រសិនបើ​អ្នកនយោបាយ​នៅតែ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ចាស់​ដដែលៗ ពួកគេ​អាច​នឹង​បាត់បង់​ប្រជាប្រិយភាព​កាន់តែខ្លាំង​ឡើង​។


 
​ក្នុងអំឡុង​អាណត្តិ​ទី​១​ដល់​អាណត្តិ​ទី​៤(១៩៩៣-២០១៣) គណបក្សនយោបាយ​ស្ទើរតែ​ទាំងអស់​មិនសូវ​សស្រាក់សស្រាំ​ចុះ​មូលដ្ឋាន​តាំងពីដើម​អាណត្តិ​ទេ​។ ពួកគេ​រង់ចាំ​នៅសល់តែ​៦​ខែ មុន​ការបោះឆ្នោត ទើប​សកម្មភាព​អភិ​វ​ឌ្ប​ន៍​ភូមិ​ឃុំ ចុះ​ចែក​អំណោយ ចុះសួរសុខទុក្ខ ចុះ​អង្អែល​ខ្នង​អ្នកក្រីក្រ​ចាប់​ផ្តើមឡើង​។ 
 
​ពី​១៩៩៣​ដល់​ឆ្នាំ​២០១៣ ប្រជាពលរដ្ឋ​អ្នកគាំទ្រ​នយោបាយ​ជឿ​លើស​ម្តី​អ្នកនយោបាយ​ច្រើនជាង​ទង្វើ ហើយ​ពួកគេ​មិនសូវ​បាន​ស្រាវជ្រាវ​ទង្វើ​របស់​អ្នកនយោបាយ​ពិតប្រាកដ​នោះទេ​។ ដោយសារតែ​អ្នកនយោបាយ​យល់ឃើញ​ដូច្នោះ​ហើយ ទើប​ពួកគេ​មិនសូវ​ធ្វើ​អ្វី​ទាំងអស់​ក្រោយ​ការបោះឆ្នោត​ភ្លាម ដោយ​រង់ចាំ​សល់​តែ​៦​ខែ​មុន​ការបោះឆ្នោត អ្នកនយោបាយ​បានសម្រេច​ចិត្ត​ចុះទៅ​មូលដ្ឋាន​ធ្វើ​ល្អ​បន្តិចបន្តួច​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ទទួលបាន​ការគាំទ្រ​។ 
 
​អ្នកនយោបាយ​ខ្លះ​ថែមទាំង​និយាយ​បែប​អំនួត​ថា​៖«​ដើម្បី​ទទួលបាន​ការគាំទ្រ វា​ជាការ​ងាយស្រួល​ទេ ពោលគឺ​អោយតែ​ចេះ​អង្អែល​ខ្នង​ប្រជាពលរដ្ឋ​ទៅ ពួកគេ​នឹង​គាំទ្រ​ហើយ​។ ឬ​ម្យ៉ាងទៀត អោយតែ​ចេះ​សន្យា​ទៅជា​ការ​រួចរាល់​ហើយ​»​។ គំនិត​នេះ​អាច​ត្រឹមត្រូវ​មួយផ្នែក​កាលពី​អតីត​កាលដែល​ការយល់ដឹង​របស់​ពល​រដ្ឋ​ខ្មែរ​នៅមានកម្រិត​។ ប៉ុន្តែ​ការបោះឆ្នោត​ឆ្នាំ​២០១៣-២០១៨ កន្លងមកនេះ បានបង្ហាញ​អោយឃើញ​ច្បាស់​ថា ការសន្យា​ខ្យល់ ពាក្យ​ប្រជាភិថុតិ ទង្វើ​អង្អែល​ខ្នង អំណោយ​បន្តិចបន្តួច ការ​លួងលោម​បោកប្រាស់​ចិត្ត​មិនសូវមាន​ឥទ្ធិ​ល​ពល​ទៅលើ​អ្នកបោះឆ្នោត​ទៀតឡើយ​។​
 
​ចុះ​នៅ​ឆ្នាំ​២០១៧ និង​២០១៨​ខាងមុខនេះ អ្នកគាំទ្រ​ត្រូវការ​អ្វី​ពី​អ្នកនយោបាយ​? 
 
​ការបោះឆ្នោត​ឃុំ​សង្កាត់ និង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨​ខាងមុខនេះ គឺជា​ការបោះឆ្នោត​មួយ​ដែល​ទាមទារ​អោយ​អ្នកនយោបាយ​ធ្វើ​ច្រើនជាង​និយាយ និយាយ​ពិត​ច្រើនជាង​ភូតកុហក បង្ហាញ​សកម្មភាព​ច្រើនជាង​ទ្រឹស្តី​។ និយាយ​អោយ​ខ្លី មានន័យថា អ្នកបោះឆ្នោត​លែង​ត្រូវការ​ទៀតហើយ​អំណោយ​កំប៉ិកកំប៉ុក​(​សា​រ៉ុង ប្រេង​ក្រឡា អង្ករ ត្រីអាំង ទឹកត្រី ប្រាក់​២​ម៉ឺន​រៀល​)​។ ការសន្យា​ខ្ស​ល់ នយោបាយ​ប្រជាភិថុតិ លែង​អាច​ប្រើប្រាស់​ដើម្បី​បោកប្រាស់​អារម្មណ៍​ប្រជាពលរដ្ឋ​បាន​ទៀតហើយ​។ 
 
​អ្វីដែល​អ្នកនយោបាយ​ត្រូវធ្វើ​ដើម្បី​ទាក់ទាញ​អារម្មណ៍​អ្នកគាំទ្រ ជារួម​មាន​៖ ការដំឡើង​ប្រាក់ខែ​អោយ​អាចរ​ស់បាន​សមរម្យ បង្កើត​ការងារ​បន្ថែម លុបបំបាត់​អយុត្តិធម៌​សង្គម (​អ្នកមាន អ្នកធំ​មិនត្រូវ​ឈ្នះ​អ្នកក្រ​រហូត​នោះទេ​) លុបបំបាត់​អំពើពុករលួយ កាត់បន្ថយ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ លុបបំបាត់​គំនិត​បក្សពួកនិយម បែងចែក​ផល​ពី​ធនធានធម្មជាតិ​របស់​រដ្ឋ​អោយ​ស្មើភាព បើកចំហរ​សេរីភាព​បន្ថែមទៀត​ជូន​ពលរដ្ឋ​គ្រប់គ្នា​។​
 
​សូមបញ្ជាក់ថា តម្រូវការ​ចាំបាច់​រប​ស់មនុស្ស​មាន​បីយ៉ាង​សំខាន់​។ ទី​១ ដោះស្រាយ​បញ្ហា​ក្រពះ​។ ទី​២ ដោះស្រាយ​បញ្ហា​អយុត្តិធម៌ និង​ទី​៣ សេរីភាព​។ ប្រសិនបើ​គណបក្សនយោបាយ​ណាមួយ អាច​ដោះស្រាយ​បញ្ហា​បីយ៉ាង​នេះ​បាន ពេលនោះ ពួកគេ​នឹង​ទទួលបាន​ការគាំទ្រ​ជាក់​ជាពុំខាន​៕ 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com