កីឡាជាតិ
ជាតិ
E-Sport: តំបន់​ទី​៣ និង​៤ រកឃើញ​ក្រុម​ខ្លាំង​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​បុណ្យ​សមុទ្រ
16, Nov 2015 , 8:39 pm        
រូបភាព
ដោយ:
​ការប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​អេឡិចត្រូនិក​ប្រចាំឆ្នាំ​២០១៥ (Cambodian Cyber Championship, CCC 2015) លើ​វិញ្ញាសា AK2 រកឃើញ​ក្រុម​ខ្លាំង​ក្នុង​តំបន់​ទី​៣ និង​តំបន់​៤ ហើយ ដើម្បី​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ថ្ងៃទី​១១, ១២ ខែ​ឆ្នូ​ខាងមុខ​។ ដោយ​តំបន់​៣ មាន​ក្រុម Team Orn70, ក្រុម FiveDragon និង​ក្រុម The Chance ចំណែក​តំបន់​៤ មាន​ក្រុម​NeverCare, Will Show U និង​ក្រុម G-Mission ។



​តំបន់​ទី​៣​នៃ​ការប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៥ បានបញ្ចប់​កាលពី​សប្តាហ៍​មុន ដោយមាន​ក្រុម​ចូលរួម​ប្រកួត​មកពី ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និង​ខេត្តកំពង់ធំ​។ បន្ទាប់ពី​ធ្វើការ​ប្រកួតប្រជែង​គ្នា​អស់​រយៈពេល​មួយ​សបា្តហ៍ តាំងពី​ថ្ងៃទី​២ ខែវិច្ឆិកា ដល់ ថ្ងៃទី​៨ ខែវិច្ឆិកា បាន​រកឃើញ​ក្រុម​ខ្លាំង​ចំនួន​៣ ដែលមាន​សិទ្ធ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​បុណ្យ​សមុទ្រ​ក្នុងនោះ​មាន​ក្រុម Team Orn70 មកពី​ខេត្តកំពង់ធំ និង​ក្រុម FiveDragon មកពី​ខេត្តសៀមរាប ក្រុម​ទាំងពីរ​ត្រូវ​ឡើងទៅ​ជួបគ្នា​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​ក្រុម The Chance មកពី​ខេត្តសៀមរាប​ជាប់​លេខ​៣​ប្រចាំ​តំបន់​នេះ​។​

​ការ​ឡើងទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះដែរ​បន្ទាប់ពី​ក្រុម Team Orn70 បាន​យកឈ្នះ​ក្រុម The MarShai ដោយ​លទ្ធផល ៥-២ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ក្រុម Five Dragon បាន​យកឈ្នះ​ក្រុម The Chance ដោយ​លទ្ធផល ៥-២​។ ចំណែក The Chance បាន​យកឈ្នះ The MarShai ដោយ​លទ្ធផល ៥-២ ដើម្បី​បាន​ចំណាត់ថ្នាក់​លេខ​៣ សម្រាប់​ការប្រកួត​ជម្រុះ​ប្រចាំ​តំបន់​ទី​៣​នេះ​។​

​ការប្រកួត​ជម្រុះ​ស្វែងរក​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​ទី​៤ ដែលមាន​ក្រុម​ជាច្រើន​តំណាង​ឲ្យ​ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កំពង់ឆ្នាំង និង​ពោធិ៍សាត់ បាន​ចូលរួម​ប្រកួត ចាប់ផ្តើម​ពីថ្ងៃ​ទី​៩ វិច្ឆិកា ដល់ ថ្ងៃទី​១៤ វិច្ឆិកា នោះ ក្រុម NeverCare មកពី​ខេត្តកំពង់ឆ្នាំង និង​ក្រុម Will Show U មកពី​ខេត្តបាត់ដំបង នឹងត្រូវ​ឡើងទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ ដើម្បី​ស្វែងរក​ក្រុម​ម្ចាស់​ជើងឯក​ប្រចាំ​តំបន់​នេះ ដែល​នឹងធ្វើ​នៅ​បុណ្យ​សមុទ្រ​។​

​ការ​មាន​សិទ្ធ​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​បន្ទាប់ពី​ក្រុម Never Care បាន​យកឈ្នះ Naga Five ដោយ​លទ្ធផល ៥-០ ហើយ​ក្រុម Will Show U បាន​យកឈ្នះ G-Mission ដោយ​លទ្ធផល ៥-៣​។ ចំណែក​ក្រុម G-Mission បាន​យកឈ្នះ Naga Five ដោយ​លទ្ធផល ៥-២ ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ នឹងមាន​សិទ្ធិ​រួម​ដំណើរ​ជាមួយ NeverCare និង Will Show U ទៅលេង​នៅ​បុណ្យ​សមុទ្រ​។​

​ទោះជា​យ៉ាងណា មានតែ​ក្រុម Never Care និង Will Show U តែប៉ុណ្ណោះ​ដែល​ត្រូវ​ប្រកួត​គ្នា​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​បុណ្យ​សមុទ្រ ដើម្បី​ស្វែងរក​ក្រុម​លេខ​១ ប្រចាំ​តំបន់​ទី​៤​នេះ ដោយ​ក្រុម​លេខ​១​នឹង​ទទួលបាន​ប្រាក់រង្វាន់​១៥០០​ដុល្លារ ខណៈ​លេខ​២ ទទួលបាន ១០០០​ដុល្លារ​។ ចំណែក G-Mission ជា​ក្រុម​លេខ​៣​ប្រចាំ​តំបន់​ទី​៤ មាន​សិទ្ធិ​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ទូទាំងប្រទេស​នៅ​បុណ្យ​សមុទ្រ​។​

​ការប្រកួត​កីឡា​អេឡិចត្រូនិក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០១៥ បាន​រកឃើញ​ក្រុម​ខ្លាំង​ចំនួន​៦​ទៀត មកពី​តំបន់​ទី​៣ និង​តំបន់​ទី​៤ ដែល​បានបញ្ចប់ កាលពី​ថ្ងៃ​សៅរ៍ ហើយ​លទ្ធផល​នេះ ដោយ​លទ្ធផល​សហព័ន្ធ E-Sport ទើប​បង្កើត​ថ្មី​មួយ​នេះ រកបាន​ក្រុម​ខ្លាំង​សរុប​ចំនួន​១០​ហើយ សម្រាប់​យកទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ ក្នុង​ពិធីបុណ្យ​សមុទ្រ ខេត្តកំពត នា​ខែធ្នូ ឆ្នាំ​២០១៥ ខាងមុខនេះ គឺ​ខ្វះ​តែ​៦​ក្រុម​ទៀត​ប៉ុណ្ណោះ​។​

​ក្រុម​ទាំង​១០ ដែល​ត្រូវ​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ពិធីបុណ្យ​សមុទ្រ គឺ​តំបន់​ទី​១ រកបាន​២​ក្រុម តំបន់​ទី​២ រកបាន​២​ក្រុម តំបន់​ទី​៣​រកបាន​៣​ក្រុម និង​តំបន់​ទី​៤​រកបាន​៣​ក្រុម ខណៈ​ការប្រកួត​ស្វែងរក​ក្រុម​ចំនួន​៦​ទៀត នឹងត្រូវ​ធ្វើ​នៅ​តំបន់​ទី​៥ ក្នុង​រាជធានី​ភ្នំពេញ និង​តំបន់​ទី​៦ នៅ​ខេត្ត​ព្រះសីហនុ កំពត កោះកុង កំពង់ស្ពឺ និង​តាកែវ​។​

​បន្ទាប់ពី​បញ្ចប់​ការប្រកួត​ទាំង​៦​តំបន់ ក្រុម​ឈ្នះ​កៅអី​ទាំង​ទាំង​១៦ នឹងធ្វើ​ដំណើរ​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ នៅ​ខេត្តកំពត ចាប់ពី​ថ្ងៃទី​១១-១២ ខែធ្នូ ដើម្បី​ឈ្នះ​ជើងឯក​ជាតិ ដែល​លេខ​១​ទទួល​ប្រាក់រង្វាន់​១៥០០​ដុល្លារ លេខ​២​ទទួលបាន​១០០០​ដុល្លារ និង​លេខ​៣​ទទួលបាន​៥០០​ដុល្លារ​។ ជាពិសេស​ក្រុម​ជើងឯក​ថ្នាក់ជាតិ​លេខ​១ និង​លេខ​២ នឹង​តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ MATIC ឆ្នាំ​២០១៦​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​៕


Tag:
 កីឡា
  E Sport
© រក្សាសិទ្ធិដោយ thmeythmey.com