ព័ត៍មានសុខភាព
សុខភាព៖ ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ២ (​លម្អិត​)
17, Nov 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការលូតលាស់ របស់​ទារក​
​មុនពេល​កូន ចាប់ផ្តើម​លូតលាស់ អ្នក​បាន​បង្កើត​ដំណាក់កាល​ជាច្រើន ឲ្យ​គេ​រួចទៅហើយ​។ នៅ​សប្តាហ៍​ចុងក្រោយ មានការ​កើនឡើង​នៃ​ចំនួន​អ័រម៉ូន អឹ​ស​ស្ត្រូ​ហ្សែ​ន (Estrogen) និង​ប្រូ​ហ្សេ​ស​ស្តេ​រ៉ូ​ន (Progesterone) ចូលទៅក្នុង​ចរន្តឈាម និង​ជំរុញ​ឲ្យ​ស្បូន បង្កើត​ជាលិកា ដែល​ពោរពេញ​ទៅដោយ​ឈាម សម្រាប់​ទ្រទ្រង់​ពង​កូន ដែល​នឹងត្រូវ​ចាប់កំណើត​។ ក្នុងពេល​ចាប់ផ្តើម​សប្តាហ៍​មួយ​នេះ (​ច្រើនតែ​នៅ​ជុំវិញ​ថ្ងៃទី ១៤ នៃរ​ដ្ត​រដូវ ២៨ ថ្ងៃ​) អ្នកនឹង​មានការ​ផ្ទុះ​អូវុល (​ការ​បែកចេញ​នៃ​មេជី​វិត​ញី​មួយ ពី​ក្នុង​ក្រពេញ​អូ​វ៉ែ ចូលទៅក្នុង​បំពង់​ដៃ​ស្បូន​)​។​


 
​រយៈពេល ១២ ទៅ ២៤ ម៉ោង​ក្រោយ មេជី​វិត​ញី​នោះ នឹងត្រូវ​រលាយ ឬ​បង្ក​កំណើត​ជាមួយ​មេជី​វិត​ឈ្មោល បើសិនជា​មេជី​វិត​ឈ្មោល​មួយ​នោះ ស្ថិតក្នុង​ចំណោម​មេជី​វិត​ឈ្មោល​ចំនួន ២៥០​លាន​ក្បាល (​ជា​មធ្យម​) ដែល​ដៃគូ​ខាង​ប្រុស បាន​បាញ់​ទឹកកាម ចូលទៅក្នុង​ទ្វារមាស ឆ្ពោះទៅកាន់​មាត់ស្បូន​ទាំងអស់ ដើម្បី​អាចធ្វើ​ដំណើរ ទៅកាន់​បំពង់​ដៃ​ស្បូន ហើយ​ជួប​មេជី​វិត​ញី​។

មានតែ​មេជី​វិត​ឈ្មោល​ប្រហែល ៤០០ ក្បាល​ប៉ុណ្ណោះ ដែល​នៅមាន​ជីវិត ហើយ​អាចធ្វើ​ដំណើរ​លើផ្លូវ​ដ៏​លំបាក​ចំនួន ១០ ម៉ោង ដើម្បី​ទៅ​ជួប​មេជី​វិត​ញី​បាន​។ ហើយ​ចុងក្រោយ សល់​មេជី​វិត​ឈ្មោល​តែមួយគត់ ដែល​អាច​ទម្លុះ​រណាំង​ការពារ ភ្នាស​ខាងក្រៅ​របស់​មេជី​វិត​ញី ដើម្បី​បង្ក​កំណើត (​ដំណើរ​ការណ៍​មួយ​នេះ ប្រហែលជា​ចំណាយពេល​ប្រហែល ២០ នាទី​)​។​
 
​នៅ​រយៈពេល ១០ ទៅ ៣០ ម៉ោង​ក្រោយ ណៃ​យ៉ូ​របស់​មេជី​វិត​ឈ្មោល នឹង​រលាយ​ជាមួយ​ណៃ​យ៉ូ​របស់​មេជី​វិត​ញី ដើម្បី​ច្របល់​ចូលគ្នា នៃ​រូ​ម​មន្ត​ហ្សែ​ន ឬ​ដំណរ​ពូជ​របស់​ពួកគេ​។ បើសិនជា​មេជី​វិត​ឈ្មោល ផ្ទុក​ក្រូម៉ូសូម អ៊ី​ក្រិច (Y) អ្នកនឹង​បានកូន​ប្រុស តែបើ​វា​ផ្ទុក​ក្រូម៉ូសូម​អ៊ិ​ច (X) នោះ​អ្នកនឹង​បានកូន​ស្រី​។​
 
​ក្នុង​រយៈពេល​ធ្វើដំណើរ បី​ទៅ​បួន​ថ្ងៃ ក្នុង​បំពង់​ដៃ​ស្បូន ឆ្ពោះទៅកាន់​ស្បូន ពង​កូន ឬ​ស៊ី​ហ្គូ​ត (Zygote) នឹង​បំបែក​ខ្លួន​ទៅជា ១៦ កោសិកា​។ នៅពេល​វា​ចូលដល់​ស្បូន​ហើយ ឈ្មោះ​ស៊ី​ហ្គូ​ត​នេះ​ត្រូវ​ប្តូរ​មកជា ម៉ូ​រ៉ូ​ឡា (Morula) វិញ​។ រយៈពេល​ពីរ ឬ​បី​ថ្ងៃក្រោយ​ទៀត វា​នឹង​ចាប់ផ្តើម​កាច់​សំបុក នៅក្នុង​ជាលិកា​ដ៏​ត្រឈឹងត្រឈៃ ដែល​ត្រូវ​បានរៀបចំ​រួចជាស្រេច នៅ​ភ្នាស​ខាងក្នុង​របស់​ស្បូន ដើម្បី​ធ្វើការ​លូតលាស់ និង​ផ្លាស់ប្តូរ​រូបរាងកាយ ដ៏​អស្ចារ្យ​បន្តទៀត​។​
 
​នៅពេលនេះ ការលូតលាស់​របស់​កូន មាន​លក្ខណៈ​ដូច​កូន​បាល់​កោសិកា​ដ៏​តូច ដែល​អ្នកវិទ្យាសាស្ត្រ​ឲ្យ​ឈ្មោះ​វា​ថា ប្លា​ស​ស្តូ​សាយ (Blastocyst) មានន័យថា វា​មាន​ដុំ​កោសិកា​ខាងក្នុង​មួយ ដែល​នឹង​ក្លាយទៅជា​អំប្រ៊ីយ៉ុង​ដោយ​ខ្លួនឯង ប្រហោង​ទឹក​ពេញ សម្រាប់​ក្លាយទៅជា​ទឹកភ្លោះ និង​ដុំ​កោសិកា​ខាងក្រៅ សម្រាប់​ក្លាយទៅជា​សុក ដែលមាន​តួនាទី ដឹកជញ្ជូន​អុកស៊ីសែន និង​សារធាតុចិញ្ចឹម​ទៅ​ឲ្យ​កូន រួច​ប​ញ្ចូ​ន​កាកសំណល់​ចេញមក​វិញ​។​

​ការផ្លាស់ប្តូរ ជីវិត​របស់​អ្នក​
​រដូវ​ចុងក្រោយ​របស់​អ្នក បានចាប់ផ្តើម​បាត់ រយៈពេល ១២ ទៅ ១៦ ថ្ងៃ​រួចទៅហើយ ដូច្នេះ ឥឡូវនេះ អ្នក​ប្រហែលជា​កំពុងតែ​ផ្ទុះ​អូវុល ឬ​ជិត​ផ្ទុះ​ផង​មើលទៅ​។ អ្វីដែល​ចម្លែក​នោះ ប្រហែលជា​កើតមាន​ត្រង់​ថា គ្រូពេទ្យ​នឹង​គុណគូរ ទៅលើ​អាយុ​គភ៌​របស់​អ្នក ដោយ​គិត​ចាប់ពី​ថ្ងៃទី​មួយ នៃ​ការបាត់​រដូវ​ចុងក្រោយ​។​
​ដូច្នេះ ការ​មាន​ផ្ទៃពោះ​នេះ ប្រហែល​ជាមាន​អាយុ ៣៨ អាទិត្យ ដោយ​គិត​ចាប់ពី​ពេល​រលាយ​ចូលគ្នា នៃ​មេជី​វិត​ញី និង​ឈ្មោល​មក ប៉ុន្តែ ដោយសារតែ​វា​ច្រើនតែ​ពិបាក ក្នុងការ​ចង្អុលបង្ហាញ នូវ​ពេលវេលា​ជាក់លាក់ ទើប​គ្រូពេទ្យ និង​ឆ្មប រាប់​ចំនួន​អាយុ​គភ៌​ជា ៤០ អាទិត្យ​តែម្តងទៅ ដោយ​គិត​ចាប់​ពីថ្ងៃ​ចាប់ផ្តើម​បាត់​រដូវ​ចុងក្រោយ​។ នេះ​គឺជា​មូលហេតុ ដែល​គេ​គិតថា អ្នកមាន​ផ្ទៃពោះ ២ សប្តាហ៍​រួចទៅហើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com