ជាតិ
សង្គមជាតិ
ប្រញាប់​ចុះឈ្មោះ ដើម្បី​ជួបជុំ​ជាមួយ​បញ្ញវន្ត​ខ្មែរ​ពី​បរ​ទស​
07, Dec 2015 , 3:26 pm        
រូបភាព
ដោយ: ថ្មីៗ
 ​បញ្ញវន្ត​ខ្មែរ​ដែល​បញ្ចប់​ការសិក្សា​ពី​កម្ពុជា និង​ជាពិសេស​ពី​បរទេស ហើយ​ដែល​ពួកគេ​កំពុង​បំពេញការងារ​នៅក្នុង​រដ្ឋាភិបាល និង​ក្នុង​វិស័យ​ឯកជន នឹង​ជួប​មកជួប​ជុំគ្នា​នៅ​ថ្ងៃទី​២៩ និង​៣០​ខែមករា​ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ Intercontinental ក្នុង​រាជធានី​ភ្នំពេញ​។ វា​គឺជា​ការជួបជុំ​ទ្រង់ទ្រាយ​ធំ​លើក​ទី​២ នៅក្នុង​ព្រឹត្តិការណ៍ សន្និបាត​បញ្ញវន្ត​ពិភពលោក (Global Alumni Convention) ដែល​នឹងត្រូវ​រៀបចំ​ដោយ idp Education​។ នេះ​គឺជា​វេទិកា​នៃ​ការកសាង​ទំនាក់ទំនង និង​ការចែករំលែក​ពិសោធន៍ ចំណេះដឹង​នានា​ដែល​ទាក់ទង​ទៅនឹង​ការធ្វើ​អាជីវកម្ម និង​ទស្សនវិស័យ​នៃ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​នៅពេល​អនាគត​។​

 
​សន្និបាត​បញ្ញវន្ត​ពិភពលោក​នេះ នឹងត្រូវ​ចូលរួម​ដោយ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅក្នុង​ប្រទេស​កម្ពុជា អូស្ត្រាលី សហរដ្ឋអាមេរិក កាណាដា ចក្រភព​អង់គ្លេស ណូ​វែ​ល​ហ្សេ​ឡង់ បារាំង រុស្ស៊ី កូរ៉េ ជប៉ុន ចិន ម៉ាឡេស៊ី សិង្ហ​បុរី​។ លើសពីនេះ សន្និបាត​នេះ​ក៏​នឹងត្រូវ​ចូលរួម​ពី​សំណាក់​ឥស្សរជន​នៅក្នុង​រដ្ឋាភិបាល តំណាង​ស្ថានទូត​បរទេស​នៅ​កម្ពុជា និង​ប្រធាន​ក្រុមហ៊ុន​នៅក្នុង​វិស័យ​ឯកជន​សំខាន់ៗ​ផងដែរ​។​
 
​ការចូលរួម​ត្រូវ​បង់ថ្លៃ​។ គេ​ត្រូវ​ចុះឈ្មោះ​ឲ្យ​បាន​មុន​ថ្ងៃ​៣០​ខែវិច្ឆិកា​នេះ ដែល​តម្លៃ​នៃ​ការចុះឈ្មោះ​មានតម្លៃ​ទាប​ជាងគេ​។​
​ការចុះឈ្មោះ​ពីថ្ងៃ​ទី​១​តុលា​ដល់​ថ្ងៃទី​៣០​វិច្ឆិកា មានតម្លៃ ៧០​ដុល្លារ​
​ការចុះឈ្មោះ​ពីថ្ងៃ​ទី ១​ខែធ្នូ ដល់​ថ្ងៃទី​៣០​ខែធ្នូ មានតម្លៃ ៨០​ដុល្លារ​
​ការចុះឈ្មោះ​ពីថ្ងៃ​ទី ១​ខែមករា​ដល់​ថ្ងៃទី ២៨​ខែមករា មានតម្លៃ ៩០ ដុល្លារ​
​និង​ការចុះឈ្មោះ​ថ្ងៃ​ប្រារព្ធ​កម្មវិធី​នៅ​ថ្ងៃទី​២៩ និង​៣០ ខែមករា មានតម្លៃ ១០០ ដុល្លារ​
​អ្នក​ចាប់អារម្មណ៍​ចូលរួម​ក្នុង​វេទិកា​ប្រជុំ​បញ្ញវន្ត​ដ៏​ធំ​នេះ អាច​ចុះឈ្មោះ​អន​ឡាញ​តាមរយៈ​គេហទំព័រ www.cambodiaga.org ។ 
 
​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួនណា​រ៉ុ​ន គឺជា​អធិបតី​ក្នុង​ពិធី​បើក​សន្និបាត​បញ្ញវន្ត​ពិភពលោក​ឆ្នាំ​២០១៦​នេះ​។ តាមរយៈ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការរៀបចំ​សន្និបាត​បញ្ញវន្ត​ពិភពលោក លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​សន្និបាត​បញ្ញវន្ត​ពិភពលោក គឺជា​ព្រឹត្តិការណ៍​តែមួយ​ដែល​ប្រមូលផ្តុំ​អតីត​និស្សិត មន្ត្រី​រដ្ឋាភិបាល និង​វិស័យ​ឯកជន ដើម្បី​ពួកគេ​អាច​ជជែក​អំពី​ប្រធានបទ​សំខាន់ៗ ផ្លាស់ប្តូរ​ពិសោធន៍ និង​បង្កើត​ទំនាក់ទំនង​គ្នា​។ ព្រឹត្តិការណ៍​នេះ និមិត្តរូប​ដ៏​សំខាន់​នៃ​ការរីកចម្រើន​នៃ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា ហើយ​ខ្ញុំ​សូម​លើកទឹកចិត្ត​អតីត​និស្សិត​ទាំងអស់ និង​ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​ឯកជន​ទទួលបាន​ប្រយោជន៍​ពី​ឱកាស​នេះ​»​។​
 
​សន្និបាត​បញ្ញវន្ត​ពិភពលោក (GAC) ឆ្នាំ​២០១៦ គឺជា​វេទិកា​លើក​ទី​២​ហើយ​ដែល​ត្រូវបាន​រៀបចំ​ដោយ idp Education​។ កាលពី​ឆ្នាំ​កន្លងទៅ សន្និបាត​បញ្ញវន្ត​ពិភពលោក​ត្រូវបាន​រៀបចំឡើង​ដោយមាន​ការចូលរួម​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម តំណាង​ស្ថានទូត អ្នកជំនាញ និង​អតីត​និស្សិត​មកពី​ប្រទេស​ជឿនលឿន​ទាំង​៥ ដូចជា អូស្ត្រាលី ណូ​វែ​ល​ហ្សេ​ឡង់ ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​កាណាដា​។​៕

Tag:
 អប់រំ
  IDP
© រក្សាសិទ្ធិដោយ thmeythmey.com