កីឡាជាតិ
ជាតិ
កីឡាករ កែវ រំ​ចង់ ប៉ះ​ជាមួយ​កីឡាករ មី​យ៉ាន់​ម៉ា នៅ THAI FIGHT ប្រទេស​ថៃ
19, Nov 2015 , 7:59 am        
រូបភាព
ដោយ:
 
​អ្នក​ប្រដាល់​ជើង​ខ្លាំង​ចិត្តសឿង​របស់​កម្ពុជា កែវ រំ​ចង់ មកពី​ក្លិប​ដំបងក្រញូង​កីឡា​ខេត្តបាត់ដំបង នឹងធ្វើ​ដំណើរ​ឆ្លង​ប្រទេស ដើម្បី​ទៅ​ចួ​ល​រួម​ប្រកួត​ក្នុង​កម្មវិធី THAI FIGHT នៅ​ប្រទេស​ថៃ ថ្ងៃទី​២១ ខែវិច្ឆិកា ខាងមុខនេះ​។​

 
​នៅក្នុង​ដំណើរ​ឆ្លងដែន​នេះ​កីឡាករ កែវ រំ​ចង់ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ដែល​ខ្លួន​មិន​ធ្លាប់​ជួប មិន​ធ្លាប់​ស្គាល់​ប្រវត្តិ​ប្រកួត​ច្បស់​លាស់ MAUNG JOR ជនជាតិ មី​យ៉ាន់​ម៉ា ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​។ នេះ​បើតាម​ការឱ្យ​ដឹង​របស់ លោក កែវ សំអាង ដែលជា​គ្រូបង្វឹក និង​ជា​ឪពុក​របស់​កីឡាករ កែវ រំ​ចង់​។​
​លោក កែវ សំអាង បានឱ្យដឹង​ទៀតថា នៅក្នុង​ជំនួប​ជាមួយ​កីឡាករ មី​យ៉ាន់​ម៉ា គ្រាន់តែ​ជាការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​កំដៅ​សាច់ដុំ​តែប៉ុណ្ណោះ ហើយ​ជាការ​ប្រកួត​មួយ​ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ប្រកួត​សងសឹក​ជាមួយ​កីឡាករ​ថៃ  IQUEZANG KOR RUNGTHANAKEAT នៅ​ថ្ងៃទី​៣១ ខែធ្នូ ចុងឆ្នាំ​នេះ បន្ទាប់ពី​ចាញ់​ដោយ​មិន​អស់ចិត្ត​នៅក្នុង​ការប្រកួត THAI FIGHT ប្រទេស​វៀតណាម កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា កីឡាករ កែវ រំ​ចង់ ធ្លាប់​ឡើង​សង្វៀន THAI FIGHT ២​ដង​រួចមកហើយ ប៉ុន្តែ​មិន​ធ្លាប់​ស្គាល់​ជ័យជម្នះ​ឡើយ ដោយ​លើក​ទី​១ កាល​ដើមឆ្នាំ​២០១៤ កែវ រំ​ចង់ បាន​សន្លប់​ក្រោម​ដៃ YUDSANKLAI ក្នុង​ទឹក​ទី​២​។ ចំណែក​លើក​ទី​២ ការប្រកួត​នៅ​ប្រទេស​វៀតណាម ជាមួយ​កីឡាករ IQUEZANG KOR RUNGTHANAKEAT ចាញ់​ដោយ​ពិន្ទុ​កាលពី​ថ្ងៃ​២៤ ខែតុលា​កន្លងទៅ​៕

Tag:
 កីឡាប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com