ជាតិ
បទវិភាគ
តើ​ហេតុអ្វី​បានជា​អ្នកនយោបាយ​ចាប់យក​កម្លាំង​យុវជន​ដើម្បី​ឈ្នះឆ្នោត​?
21, Nov 2015 , 5:42 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ អ្នកនយោបាយ​មកពី​គ្រប់​គណបក្ស តែងតែ​ប្រើប្រាស់​មធ្យោបាយ​អូសទាញ​យុវជន គ្រប់​រូបភាព ដើម្បី​ឲ្យ​មក​គាំទ្រ​គណបក្ស​របស់ខ្លួន​។ តើ​ហេតុអ្វី​បានជា​យុវជន​ត្រូវបាន​អូសទាញ​ដោយ​អ្នកនយោបាយ​? តើ​អ្វី​ទៅជា​គុណសម្បត្តិ​របស់​យុវជន​នោះ​? តើ​ហេតុអ្វី​បានជា​អ្នកនយោបាយ​មិន​ចាប់យក​អ្នកបោះឆ្នោត​វ័យ​ចំណាស់​?



​នៅក្នុង​ប្រទេស​មួយចំនួន ក្រៅពី​កម្ពុជា សំឡេង​យុវជន​អាច​មិនសូវមាន​ទម្ងន់​ទៅលើ​លទ្ធផល​នៃ​ការបោះឆ្នោតជាតិ ឬ​បោះឆ្នោត​តំបន់ ពីព្រោះ ប្រទេស​ទាំងនោះ​អាចមាន​របាយ​អាយុ​នៃ​អ្នកបោះឆ្នោត​ស្មើគ្នា ឬ​លម្អៀង​គ្នា​តិចតួច មានន័យ​ម្យ៉ាង​ទៀតថា អ្នកបោះឆ្នោត​វ័យ​ចំណាស់ និង​អ្នកបោះឆ្នោត​វ័យក្មេង​ទើប​ដល់​អាយុ​បោះឆ្នោត​អាចមាន​ចំនួន​ស្មើគ្នា ឬ​ខុសគ្នា​តិចតួច​។ ប៉ុន្តែ​សម្រាប់​បរិបទ​នៃ​ប្រទេស​កម្ពុជា​វិញ យុវជន​មាន​ចំនួន​ច្រើន​លើស​អ្នកបោះឆ្នោត​វ័យ​ចំណាស់​។ ដូច្នេះហើយ​បានជា​អ្នកនយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​ប្រជែង​គ្នា​ចាប់យក​យុវជន​។

​របាយការណ៍មួយចំនួន​បាន​បង្ហាញថា យុវជន​ដែលមាន​អាយុ​ពី​១៥​ដល់​៣០​ឆ្នាំ មាន​ចំនួន​រហូត​ជាង​៣០​ភាគរយ ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ជិត​១៥​លាន​នាក់ ឬ​អាច​និយាយបានថា ចំនួន​យុវជន​ក្រោម​៣០​ឆ្នាំមាន​ចំនួន​ប្រមាណ​ជា​៤,៥​លាន​នាក់​។ គ្មាន​តួលេខ​ណា​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ចំនួន​យុវជន​ពី​១៨​ឆ្នាំ​ដល់​៣០​ឆ្នាំ​នោះទេ ប៉ុន្តែ​ការប៉ាន់ស្មាន​មួយចំនួន​ត្រូវបាន​គេ​គិតថា មាន​ចំនួន​ច្រើន​គួរសម​។ កាលពី​ការបោះឆ្នោត​ឆ្នាំ​២០១៣​កន្លងមក ចំនួន​មនុស្ស​គ្រប់​អាយុ​បោះឆ្នោត​មាន​ចំនួន​ប្រមាណ​ជា​៩​លាន​នាក់​។

បើ​ផ្អែកលើ​តួលេខ​នេះ យុវជន​ក្នុង​ចន្លោះ​ពី​១៨​ដល់​៣០​ឆ្នាំ ពិត​ជាមាន​ទម្ងន់​លើ​លទ្ធផល​នៃ​ការបោះឆ្នោត​ជាក់​ជាពុំខាន​។ ចំនួន​យុវជន​ច្រើន​ជា​រឿង​មួយ ប៉ុន្តែ​តើ​មូលហេតុ​អ្វី​បានជា​អ្នកនយោបាយ​ចាប់​យកតែ​យុវជន ហើយ​ពួកគេ​មិនសូវ​ខ្វល់​ពី​អ្នកបោះឆ្នោត​ដែលមាន​អាយុ​ចាប់ពី​៣០​ឆ្នាំ​ឡើងទៅ​? សំណួរ​បែប​ផ្សេង គឺថា តើ​ហេតុអ្វី​បានជា​អ្នកនយោបាយ​ចាប់យក​យុវជន​អាយុ​ក្រោម​៣០​ឆ្នាំ​។ មាន​ហេតុផល​ជាច្រើន​ដែល​អ្នកនយោបាយ​ចាប់យក​បេះដូង​យុវជន​អាយុ​វ​ក្រោម​៣០​ឆ្នាំ​។ តែ​កត្តា​ចម្បងៗ​មានដូចជា​៖ ទី​១ យុវជន​ក្រោម​អាយុ​៣០​ឆ្នាំ គឺជា​ក្រុម​អ្នកបោះឆ្នោត​ដែល​មិនទាន់​ធ្វើការ​សម្រេចចិត្ត​បោះឆ្នោត​ឲ្យ​គណបក្ស​ណាមួយ​ពិតប្រាកដ មានន័យថា ពួកគេ​អាច​ប្តូរ​ចិត្តបាន​គ្រប់ពេលវេលា​អាស្រ័យ​លើ​គោលនយោបាយ​របស់​គណ​បក្ស​នីមួយៗ​។ ចំពោះ​អ្នកបោះឆ្នោត​ដែលមាន​វ័យ​ចំណាស់​វិញ ពួកគេ​បានសម្រេច​ចិត្ត​រួចជាស្រេច​ហើយ​ថា ពួកគេ​ស្រឡាញ់​បក្ស​ណា​។ អ្នកបោះឆ្នោត​វ័យ​ចំណាស់​អាច​ប្តូរ​ចិត្ត​ដែរ តែ​ភាគរយ​មាន​ចំនួន​តិចតួច​ណាស់​។ ដូច្នេះហើយ​ទើប​គណបក្សនយោបាយ​គ្រាន់តែ​លួងលោម​បន្ថែម​តិចតួច​ប៉ុណ្ណោះ​។ មូលហេតុ​ទី​២​ដែល​អ្នកនយោបាយ​ចាប់ទាញ​អារម្មណ៍​យុវជន​អាយុ​ក្រោម​៣០​ឆ្នាំ​ដែរនោះ គឺ​ដោយសារ ពួកគេ​មួយចំនួនធំ​ទទួលបាន​ការសិក្សា​ខ្ពស់​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។ នៅពេលដែល​ពួកគេ​ទទួលបាន​ការសិក្សា​ខ្ពស់ ក្រុមយុវជន​ទាំងនោះ​អាច​ទៅប្រាប់ ឬ​ពន្យល់​អាណាព្យាបាល សាច់ញាតិ​ដទៃទៀត​ឲ្យ​បោះឆ្នោត​តាម​ពួកគេ​។ នេះ​គឺជា​ឥទ្ធិពល​មិនផ្ទាល់​ពី​សំណាក់​យុវជន​ទៅកាន់​ក្រុមមនុស្ស​ដទៃទៀត​។

កត្តា​ទី​៣​ដែល​យុវជន​មាន​ឥទ្ធិពល​លើ​ការបោះឆ្នោត​ដែរនោះ គឺ​យុវជន​គ្រប់គ្រង​ប្រាក់ចំណូល​គ្រួសារ​។ យុវជន​ខ្លះ មិនមាន​ចំណេះដឹង​ច្រើន​មែន តែ​ពួកគេ​មាន​ប្រាក់ចំណូល​ផ្តល់ជូន​គ្រួសារ ដូចជា​កម្មករ​រោងចក្រ​កាត់ដេរ ឬ​កម្មករ​នៅ​កន្លែង​ផ្សេងៗ​ជាដើម​។ នៅពេលដែល​ពួកគេ​ជា​អ្នកគ្រប់គ្រង​ចំណូល​គ្រួសារ ចង់​មិន​ចង់ តិច​ឬក៏​ច្រើន យុវជន​ទាំងនោះ មាន​ឥទ្ធិពល​លើ​សមាជិកគ្រួសារ​ដទៃទៀត​ក្នុងការ​សម្រេចចិត្ត​ជ្រើសរើស​គណបក្ស​ណាមួយ​នោះ​។ បញ្ហា​នេះ​ធ្លាប់បាន​កើតឡើង​រួចមកហើយ​កាលពី​អាណត្តិ​មុនៗ​ដែល​សមាជិកគ្រួសារ​ត្រូវ​បង្ខំចិត្ត​បោះឆ្នោត​តាម​មេ​គ្រួសារ​ដែលជា​អ្នកគ្រប់គ្រង​ប្រាក់ចំណូល​គ្រួសារ​ទាំងមូល​។

តួលេខ​មួយចំនួន​បាន​បង្ហាញថា កម្មករ​រោងចក្រ​កាត់ដេរ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន​ប្រមាណ​ជា​៧០​ម៉ឺន​នាក់ និង​ពលករ​ក្រៅប្រទេស​រាប់ម៉ឺន​នាក់​ទៀត បាន​ប្រើប្រាស់​ឥទ្ធិពល​នៃ​សេដ្ឋកិច្ច​របស់​ពួកគេ ដើម្បី​និយាយ​រៀបរាប់​ពី​ស្ថានភាព​នយោបាយ និង​អូសទាញ​គ្រួសារ​របស់​ពួកគេ​ឲ្យ​គាំទ្រ​គណបក្សនយោបាយ​ណា​ដែល​ពួកគេ​ពេញចិត្ត​។​

មូលហេតុ​ទី​៤ ដែល​អ្នកនយោបាយ​ទាក់ទាញ​យុវជន​នោះ គឺ​ដោយសារ​យុវជន ជា​វ័យ​សកម្ម មាន​ថាមពល​បញ្ញា និង​ថាមពល​រាងកាយ​ខ្លាំងក្លា​។ ពួកគេ ជា​អ្នកផ្តល់​ហិរញ្ញវត្ថុ​យ៉ាងសំខាន់​ក្នុង​ចូលរួម​ក្នុង​ចលនានយោបាយ​។ លើសពីនេះ ពួកគេ​ជា​កម្លាំង​គាំទ្រ​ដ៏​ខ្លាំងក្លា សម្រាប់​ការពារ ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​មនោគមន៍វិជ្ជា​នយោបាយ​បន្ត ទៅ​យុវជន​ផ្សេងទៀត​ផងដែរ និង​ទី​៥ យុវជន ជា​មនុស្ស​ងាយ​អូសទាញ​ជាង​មនុស្ស​ចាស់​។ យុវជន មិនទាន់មាន​ជំនាញ​ក្នុងការ​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​។ ពួកគេ​មាន​ភាពស្វាហាប់ ប៉ុន្តែ ពួកគេ ងាយ​ជឿ​ទៅលើ​មនោគមន៍វិជ្ជា​នយោបាយ សម្តី​អ្នកនយោបាយ និង​ភាព​ប៉ិនប្រសប់​របស់​អ្នកនយោបាយ​។​

តាមរយៈ​ទឡ្ហីករណ៍​ខាងលើនេះ គេ​អាច​ទាញ​សេចក្តី​សន្និដ្ឋានបានថា នៅក្នុង​ពិភព​នយោបាយ​ខ្មែរ គណបក្ស​ណា ដែល​អាច​អូសទាញ​យុវជន​ឲ្យ​ក្លាយជា​សកម្មជន​របស់​គណបក្ស ក្លាយជា​អ្នកគាំទ្រ​ដ៏​ស្មោះត្រង់​នឹង​គណបក្ស​គណបក្ស​នោះ អាច​នឹង​ឈ្នះឆ្នោត ហើយ​ឈានទៅ​ដឹកនាំ​ប្រទេស​។ ប៉ុន្តែ​ការទាក់ទាញ​យុវជន​មិនមែនជា​វិញ្ញាសា​ស្រួល​ណាស់ណា​ប៉ុន្មាន​ឡើយ​។

​យុវជន​ខ្មែរ​បច្ចុប្បន្ន មិនមែន​ងាយស្រួល ក្នុងការ​អូសទាញ​ប៉ុន្មាន​ទេ ពីព្រោះ​ពួកគេ​បាន​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់ តាមរយៈ​ការរីកចម្រើន​នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​វិស័យ​សារព័ត៌មាន​។ បញ្ហា​សង្គម​ផ្សេងៗ ដែល​បាន​កើតឡើង ត្រូវបាន​យុវជន​តាមដាន​មើល និង​ពិភាក្សាគ្នា​យ៉ាង​ផុសផុល​។ ឥរិយាបថ​របស់​អ្នកនយោបាយ ត្រូវបាន​យុវជន​ឃ្លាំមើល​ដោយ​យកចិត្តទុកដាក់ និង​យកមក​ពិចារណា ដើម្បី​ធ្វើការ​វិនិច្ឆ័យ​ដោយ​ប្រុងប្រយ័ត្ន​បំផុត​។

សរុបសេចក្តី​មក នយោបាយ​ប្រជាភិថុតិ អំណោយ​បន្តិចបន្តួច ពាក្យសម្តី​អូសទាញ​ដែល​គ្មាន​មូលដ្ឋាន គោលនយោបាយ​មិន​ច្បាស់លាស់ និង​ឥរិយាបថ​មិនល្អ​របស់​អ្នកនយោបាយ ដែល​ធ្លាប់តែ​ទទួលបាន​ការគាំទ្រ​កន្លងមក លែងមាន​ប្រសិទ្ធភាព​ទៀតហើយ​៕ 




© រក្សាសិទ្ធិដោយ thmeythmey.com