អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី និង​អ៊ីរ៉ង់​ថា​មហិច្ឆតា​អាមេរិក​ក្តោប​ក្តាប់​តំបន់​មជ្ឈិមបូព៌ា​ប៉ះពាល់​ប្រយោជន៍​ពួកគេ​
24, Nov 2015 , 7:59 pm        
រូបភាព
​មេដឹកនាំ​រុស្ស៊ី​និង​អ៊ីរ៉ង់​ក្នុង​កិច្ចពិភាក្សា​ទ្វេភាគី​នៅ​ទីក្រុង​តេ​អ៊ីរ៉ង់​ម្សិលមិញ​បានបង្ហាញ​ការយល់ឃើញ​ដូចគ្នា​ជុំវិញ នយោបាយ​របស់​អាមេរិក​នៅ​មជ្ឈិមបូព៌ា ដោយ​ពួកគេ​អះអាងថា វា​គំរាមកំហែង​ប្រយោជន៍​ប្រទេស​ទាំងពីរ​។ អ៊ីរ៉ង់​និង​រុស្ស៊ី សម្តៅលើ​នយោបាយ​ចង់​ផ្លាស់ប្តូរ​របប​ដឹកនាំ​ស៊ី​រី ដោយ​អាមេរិក​មាន​មហិច្ឆតា​គ្រប់គ្រង​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ៊ីរ៉ង់​និង​រុស្ស៊ី​ក៏បាន​ឯកភាពគ្នា​ថា​បន្ត​ពង្រឹង​ចំណងមិត្តភាព​ទ្វេភាគី​ឲ្យ​កាន់តែ​រឹងមាំ និង​ស្អិតល្មួត​។  



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖


 
​ក្នុងជំនួប​ក្រៅ​កិច្ចប្រជុំ​ប្រទេស​នាំ​ឧស្ម័ន​ចេញ​ដែល​រៀបចំឡើង​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​មេដឹកនាំ​សាសនា​អ៊ីរ៉ង់ Ayatolla Ali Khamenei បាន​អះអាងថា គោលនយោបាយ​សហរដ្ឋ​អាមេរិក​នៅ​មជ្ឈិមបូព៌ា​ជាការ​គំរាមកំហែង​មួយ​ដល់​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ​ក្នុង​តំបន់​។ មេដឹកនាំ​ទាំងពីរ​ក៏បាន​ប្តេជ្ញា​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​និង​សម្ព័ន្ធភាព​នៃ​រដ្ឋ​ទាំងពីរ​ឲ្យ​កាន់តែ​ប្រសើរ​ដើម្បី​ការពារ​ផលប្រយោជន៍​រួម​ផងដែរ​។​
 
១. អ៊ីរ៉ង់​និង​រុស្ស៊ី  មាន​សត្រូវ​រួម​គឺ​អាមេរិក​
​មេដឹកនាំ​ប្រទេស​ទាំងពីរ​ចង់​សម្តៅលើ​ការប្រើប្រាស់​ផែនការ​ទម្លាក់​ប្រធានាធិបតី បា​សា អាល់​អាសាដ កន្លងមក​ដោយ​គាំទ្រ​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​។ ហើយ​ដោយសារតែ​ការប្រើប្រាស់​កម្លាំង​ទម្លាក់​មិនមាន​ជោគជ័យ​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​ក៏​ចាប់ផ្តើម​ងាក​មក​ជ្រើសរើស​ដំណោះស្រាយ​នយោបាយ​វិញ​ម្តង​។​
 
​ក្នុង​កិច្ចពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី មេដឹកនាំ​សាសនា​អ៊ីរ៉ង់​ថ្លែង​យ៉ាងច្បាស់​ថា អាមេរិក​មាន​ផែនការ​យូរអង្វែង ដោយ​ព្យាយាម​កាន់កាប់​ប្រទេស​ស៊ី​រី ហើយ​បន្ទាប់មក​ចាប់ផ្តើម​គ្រប់គ្រង​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល​។ នេះ​ជាការ​គំរាមកំហែង​ដល់​ប្រទេស​ទាំងអស់ ជាពិសេស​រុស្ស៊ី​និង​អ៊ីរ៉ង់​ផ្ទាល់ ។ ពេលនេះ សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ដើម្បី​សម្រេច​គោលបំណង​ដែល​បរាជ័យ​ដោយ​ប្រើ​កម្លាំង ដោយ​ជ្រើសរើស​ដំណោះស្រាយ​នយោបាយ​វិញ​ម្តង​។ 
 
​វា​ជា​រឿង​ធម្មតា​ទេ ដែល​មេដឹកនាំ​ទាំងពីរ​ប្រឹង​រិះគន់​លោកខាងលិច ព្រោះ​ប្រទេស​ទាំងពីរ​មាន​សត្រូវ​រួម ហើយ អាមេរិក​ប្រឡូក​កាន់តែ​ជ្រៅ​ក្នុង​វិបត្តិ​ស៊ី​រី​ពិតជា​ប៉ះពាល់​ដល់​ប្រយោជន៍​និង​ឥទ្ធិពល​បណ្តា​ប្រទេស​ទាំងពីរ​នេះ​ផង​។ តាមពិតទៅ​សង្គ្រាម​នៅ​ស៊ី​រី មិនមែនជា​សង្គ្រាមស៊ីវិល​ឡើយ តែ​វា​ក្លាយជា​សង្គ្រាម​រវាង​ប្រទេស​ធំៗ ដោយ​ភាគី​ម្ខាង​មាន​អាមេរិក សម្ព័ន្ធមិត្ត​អឺរ៉ុប និង​រដ្ឋ​ឈូង​សមុទ្រ​ជា​ខ្នងបង្អែក ឯ​ម្ខាង​ទៀត​មាន​អ៊ីរ៉ង់​និង​រុស្ស៊ី​នៅ​ពីក្រោយ​។ 
 
​ក្រោយ​ការវាយប្រហារ​នៅ​បារាំង បណ្តា​ប្រទេស​ដែល​ពាក់ព័ន្ធ​ទាំងនេះ​បានចាប់ផ្តើម​ងាក​មក​ជជែក​លើ​ដំណោះស្រាយ​នយោបាយ​នៅ​ស៊ី​រី​វិញ​ម្តង ដើម្បី​បញ្ចប់​វិបត្តិ​និង​ឈានទៅ​កម្ចាត់​ក្រុម​ភេរវជន​ផង​។ លោកខាងលិច រុស្ស៊ី និង​អ៊ីរ៉ង់​ឯកភាពគ្នា​ថា​នឹង​ជួយ​ភាគី​ជម្លោះ​បង្កើត​បទ​ឈប់​បាញ់​និង​ឈានទៅ​បោះឆ្នោត​នៅ​ឆ្នាំ ២០១៧  ប៉ុន្តែ​ពួកគេ​មិនទាន់​ឯកភាពគ្នា​លើ​ជោគវាសនា​របស់លោក អាសាដ ឡើយ​។ លោកខាងលិច​នៅ​រឹងត្អឹង​ចង់​បណ្តេញ​លោក អាសាដ ពី​តំណែង តែ​រុស្ស៊ី​និង​អ៊ីរ៉ង់​ថា ជោគវាសនា​ប្រទេស​ស៊ី​រី​គួរ​ទុក​ឲ្យ​ប្រជាជន​ស៊ី​រី​សម្រេច​ទៅ​ចុះ​។​
​យ៉ាងណាក៏ដោយ​ថ្វីបើ​រុស្ស៊ី​ទើប​ចេញមុខ​ខ្លាំង​ចុងខែ​កញ្ញា​ដោយ​ចាប់ផ្តើម​ប្រតិបត្តិ​ការការពារ​រប​ប​ដឹកនាំ​អាសាដ​ក៏ដោយ លោក ពូ​ទីន ហាក់​មានប្រៀប​ជាង​លោកខាងលិច​បន្តិច​។ ការប្រើប្រាស់​ក្រុម​ឧទ្ទាម​និង​ទុក​ឲ្យ​ក្រុម​រដ្ឋ​ឥស្លាម​ពង្រឹងកម្លាំង​វាយប្រហារ​របប​ដឹកនាំ​លោក អាសាដ លែងមាន​ប្រសិទ្ធភាព ទៀតហើយ ហើយ​ការវាយប្រហារ​ផ្លូវអាកាស​របស់​រុស្ស៊ី​និង​មានការ​សហការ​ពី​ទ័ព​អ៊ីរ៉ង់ និង​ក្រុម​ហេ​ស្បូ​ឡា រយៈពេល​២​ខែ​មកនេះ ដោយ​វាយ​ក្រុម​រដ្ឋ​ឥស្លាម​ដោយ​ស្របច្បាប់ និង​លួច​សំពោង​ក្រុម​ឧទ្ទាម​ម្តងម្កាល​ផង​នោះ បាន​ជួយ​រដ្ឋាភិបាល​លោក អាសាដ ពង្រឹងកម្លាំង​បាន​ច្រើន​។ ហើយ​អ្វីដែល​សំខាន់​អ្នកនយោបាយ​អាមេរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​ចាប់ផ្តើម​យល់ឃើញ​ផ្ទុយគ្នា​រឿង ជោគវាសនា​របស់លោក អាសាដ ព្រោះ​ក្រុម​ភេរវជន​សាហាវ​ជាង​របប​ដឹកនាំ​លោក អាសាដ​។  
 
២. កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ បើកផ្លូវ​ឲ្យ​រុស្ស៊ី​និង​អ៊ីរ៉ង់​ពង្រឹង​សម្ព័ន្ធភាព​
​ត្រលប់​មកវិញ​ក្រៅពី​រិះគន់​លោកខាងលិច​ជា​ទម្លាប់​នោះ រុស្ស៊ី​និង​អ៊ីរ៉ង់​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​លើ​វិស័យ​សំខាន់ៗ​ជាច្រើន​។ ក្នុងជំនួប​ក្រៅ​វេទិកា​ម្សិលមិញ មេដឹកនាំ​កំពូល​អ៊ីរ៉ង់​និង​រុស្ស៊ី​បាន​ជជែក​គ្នា​លើ​ការជំរុញ​និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ទា​ក់​ទង វិស័យ​ថាមពល ធនាគារ  និង​វិស័យ​ដឹកជញ្ជូន​ផងដែរ​។   
 
​ការសម្រេចបាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​កាលពី​ខែកក្កដា​កន្លងមក​រវាង​អ៊ីរ៉ង់​និង​មហាអំណាច ៥​បូក​អាឡឺម៉ង់ ក៏បាន​រួច​ចំណែក​ត្រួស​ត្រាយផ្លូវ​សម្រាប់​ក្រុង​ម៉ូស្គូ​ពង្រឹង​សម្ព័ន្ធភាព​ជាមួយ​ក្រុង​តេ​អ៊ីរ៉ង់ ព្រោះ​កិច្ចព្រមព្រៀង​នេះ​ជំរុញ​ការដក​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​ដោយ​ផ្នែក​។  
 
​កន្លងមក​រុស្ស៊ី​និង​អ៊ីរ៉ង់​ការប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​រួមគ្នា ជាពិសេស​ជំរុញ​ការចែករម្លែក​បច្ចេកវិទ្យា​យោធា​ជាដើម ដើម្បី​ធានាថា សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំងពីរ​នឹង​កាន់តែ​រឹងមាំ​ក្នុងពេល​ខាងមុខ​។ ចំណែក​អ៊ីរ៉ង់​ឯណោះ​វិញ​បាន​បន្ត​បញ្ជា​ទិញ​សព្វាវុធ​ទំនើប​ពី​រុស្ស៊ី​ដើម្បី​ពង្រឹង​អំណាច​យោធា​របស់​ខ្លូន​ផង​។ ហើយ គ្រាន់តែ​អ៊ីរ៉ង់​រួច​ទណ្ឌកម្ម​ខ្លះៗ​ភ្លាម​រុស្ស៊ី​ប្រកាស​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស S-300 ទៅ​ឲ្យ​អ៊ីរ៉ង់​វិញ​ផង ព្រោះ​ដោយសារ​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ រុស្ស៊ី​ត្រូវ​បង្ខំចិត្ត​មិន​ផ្តល់​សព្វាវុធ​ប្រភេទ​នេះ​ទៅ​អ៊ីរ៉ង់​ឡើយ​។  
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com