ជាតិ
ពីនេះ ពីនោះ
សូ​ក្រា​ត៖ ការ​ដុសខាត់​ព្រលឹង​គឺ​ល្អប្រសើរ​ជាង​ការ​ដុសខាត់​រាងកាយ!
25, Nov 2015 , 10:41 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ នៅក្នុង​ទ្រឹស្ដី​អ្នក​ប្រាជ្ញាល្បីៗមួយចំនួន​នៅក្នុង​លោក​បាន​កំណត់ថា មនុស្ស​គឺជា​ការ​ផ្សំ​ចូលគ្នា​រវាង​រាងកាយ និង​ព្រលឹង។ ចំណែក​ទស្សនវិទូ​លោក​ប្លា​តុង​វិញ​បាន​បញ្ជាក់ថា មនុស្ស​គឺជា​ការ​ផ្សំ​ចូលគ្នា​រវាង​រាងកាយ ស្មារតី និង​ព្រលឹង។ ព្រោះតែ​បុព្វហេតុ​នៃ​ការយល់ឃើញ​របស់​អ្នកប្រាជ្ញល្បីៗក្នុង​លោក​យល់ឃើញ​បែបនេះហើយ លោក​សូ​ក្រា​ត​ដែលជា​គ្រូ​របស់​ប្លា​តុង​បាន​បញ្ជាក់ថា ដើម្បី​ក្លាយជា​មនុស្ស​ដែលមាន​តម្លៃ មាន​សភាព​ជា​មនុ​ស្សពិត ជា​មនុស្ស​ដែលមាន​ស្រស់ស្អាត​ពិត ជា​មនុស្ស​ដែលមាន​សោភ័ណ​ពិត(គុណភាព) បាន​នោះ​គឺ​មនុស្ស​ត្រូវ«ដុសខាត់​ព្រលឹង​គឺ​ល្អប្រសើរ​ជាង​ការខិតខំ​ដុសខាត់​រាងកាយ» ។ តើ​ការ​ដុសខាត់​ព្រលឹង​របស់​សូ​ក្រា​ត​មាន​ចេតនា​ចង់​ឲ្យ​មនុស្ស​ធ្វើ​អ្វី?


 
ក្នុងនាម​ជា​ទស្សនវិទូ​មួយរូប​ដែល​ប្រកាន់​មាគ៌ា​សច្ចភាព​ដើម្បី​ដឹកនាំ​ជីវិត សូ​ក្រា​ត​បាន​ចំណាយ​ស្ទើរ​មួយជីវិត​ដើម្បី​ដើរ​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ទទួលស្គាល់​ការពិត ដឹង​ពី​ខ្លួនឯង និង​ស្គាល់​អ្វី​ដែលជា​ភាពត្រឹមត្រូវ និង​សច្ចភាព​តាមរយៈ​វិធីសាស្ត្រ​ក្នុងការ​សួរ​សំណួរ(The art of questioning)។ ការ​សួរ​របស់ សូ​ក្រា​ត​គឺ​ដើម្បី​ទាញ​មនុស្ស និង​ការគិត​របស់​មនុស្ស​ដើម្បី​ឲ្យ​ទៅដល់​សច្ចភាព​មួយ​ដែល​មិនមែន​ជាការ​ប្រាប់​ដោយផ្ទាល់ តែ​ជាការ​បំផុស​ការគិត​របស់​ម​នុស្ស​តាមរយៈ​ការព្យាយាម​ឆ្លើយ​ទៅតាម​របៀប​នៃ​ការ​សួរ​សំណួរ​របស់លោក។ ហើយ​ឲ្យ​បុគ្គល​នោះ​ជា​អ្នកឆ្លើយ​ដោយ​ខ្លួនឯង​រហូតដល់​ចំនុច​មួយ​ដែល​បុគ្គល​នោះ​ទួល​ស្គាល់​ថា​ខ្លួន​ពិតជា​មិនទាន់​ដឹង​អ្វីមួយ​ឲ្យ​ពិតប្រាកដ​មែន។ ប៉ុន្តែ​ផ្ទុយទៅវិញ​បុគ្គល​នោះបាន​បំពេញ​ការគិត​យ៉ាង​លម្អិត​ពីអ្វី​ដែល​ខ្លួន​ធ្លាប់​គិត ធ្លាប់​យល់ ហើយក៏​ទទួលបាន​ចម្លើយ​ដែលជា​ការ​ដុសខាត់​គំនិត​ផ្ទាល់ខ្លួន​កន្លងមក​ផងដែរ។
 
រាល់​វិធី នៃ​ការ​សួរ​របស់​សូ​ក្រា​ត​គឺ​ធ្វើយ៉ាងណា​ដើម្បី​ដុសខាត់​ព្រលឹង និង​គំនិត​របស់​មនុស្ស។ ថ្វី​ត្បិត​មនុស្ស​គឺជា​ភាវៈ​មួយ​ដែល​ផ្ដើម​ពី​ការ​រួមផ្សំ​បញ្ចូល​គ្នា​រវាង​រាងកាយ និង​ព្រលឹង​តែ​សូ​ក្រា​ត​មិនសូវ​ជា​ឲ្យ​តម្លៃ​ទៅលើ​ភាពស្រស់ស្អាត​នៃ​រាងកាយ​នោះទេ។ ព្រោះ​រាងកាយ​គឺ​គ្រាន់តែ​ជា​សំបក់​កាយ ដែល​មិនអាច​កំណត់ តម្លៃ​របស់​មនុស្ស កិត្តិយស​មនុស្ស សោ​ភ័​ណ្ឌ​ភាព ក្នុងនាម​ជា​មនុ​ស្សបាន​នោះទេ។ ផ្ទុយទៅវិញ​មនុស្ស​ចាំបាច់​ត្រូវ​ទៅ​ដុសខាត់់​ព្រលឹង​របស់ខ្លួន​ឲ្យ​បានល្អ​បរិសុទ្ធ ស្គាល់​ខុស​ស្គាល់​ត្រូវ ប្រកាន់​សច្ចធម៌ មាន​មនសិការ​លឹក​នឹក​ដឹង ហើយ​មាន​កម្រិត​នៃ​ការគិត​បាន​ខ្ពស់​នោះ​ទើប​ជាការ​ល្អប្រសើរ។ ព្រោះថា​ការ​ដុសខាត់​ព្រលឹង​នេះ​គឺ​សូ​ក្រា​ត​សំដៅ​ទៅលើ​ការព្យាយាម​បណ្ដុះ​គំនិត វិធី​នៃ​ការគិត សមត្ថភាព​នៃ​ការគិត​ជាជាង​ការ​ទៅ​ដុស​ខាត​រាងកាយ។ 
 
ហេតុនេះ​ឧត្ដមភាព​ពិត​របស់​មនុស្ស គឺ​ផ្ដើមចេញពី​សមត្ថភាព​នៃ​ការគិត​របស់​មនុស្ស​គ្របដណ្ដប់​ទៅលើ​សភាវគតិ​របស់​ម​នុស្ស។ ហើយ​ការដែល​ព្យាយាម​សម្អាត​តែ​រាងកាយ​ដោយ​មិនបាន​ទៅ​សម្អាត​គំនិត សម្អាត​ព្រលឹង​នោះ​គឺជា​ភាពខ្វះ​ខាត់​ដ៏​ធំ​មួយ​ក្នុងនាម​ជា​ភាវៈ​វិចារណញ្ញាណ។ ជាការ​ពិត​ការ​ដុសខាត់​រាងកាយ​អាច​កំណត់​ភាពស្រស់ស្អាត​ផ្នែក​ខាងក្រៅ ដើម្បី​ឲ្យ​មាន​ភាព​ទាក់ទាញ​ផ្នែក​ចក្ខុវិញ្ញាណ តែ​វា​នៅ​មិន​គ្រប់គ្រាន់​នោះទេ​ដើម្បី​កំណត់​ភាពស្រស់ស្អាត​ក្នុងនាម​ជាម​នុស្ស។ តែ​ព្រលឹង​ដ៏​បរិសុទ្ធ​នៃ​សេចក្ដី​ល្អ គំនិត​ដែល​ពោរពេញ​ដោយ​សច្ចភាព​នោះ​ទើប​កំណត់​អត្ថន័យ​ពេញលេញ​ក្នុងនាម​ជាម​នុស្ស៕
 

Tag:
 សូក្រាត
© រក្សាសិទ្ធិដោយ thmeythmey.com