អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហ្វីលីពីន បន្ត​រក​ជំនួយ​តុលា​ការនិងសហគមន៍អន្តរជាតិ តែ​ចិន​បន្ត​វាតទីនៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង
25, Nov 2015 , 9:04 pm        
រូបភាព
ដោយ:
ស្រប​ជាមួយនឹង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ​ដែលមាន​អាមេរិក​រួម​នឹង​សម្ព័ន្ធមិត្ត​របស់ខ្លួន​លើ​សកម្មភាព ចិន​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ក្រុងឡាអេ ក៏បាន​កំពុងតែបន្ត​សវនាការ​ជំនុំជម្រះ​តាម​នីតិវិធី​នៃ​បណ្តឹង​ហ្វីលីពីន​ប្រឆាំង​ចិន​ផងដែរ។ តែ ចិន វិញ​បានប្រកាស​មិន​ចូលរួម​ក្នុង​ដំណើរការ​នេះ​ជាដាច់ខាត និង ថែមទាំង​បន្តសកម្មភាព​សាងសង់​មូលដ្ឋាន​យោធា​នៅក្នុង​តំបន់​ជម្លោះ​ទៀតផង។



មកទល់ពេលនេះ​ចិន នៅ​បន្ត​ធ្វើគ ថ្លង់ ក្នុងការ​ស្វែងរក​ដំណោះស្រាយ​រួមជាមួយ​រដ្ឋ​ពាក់​ព​ន្ធ័​អាស៊ាន លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែល​បានអូសបន្លាយ​អស់​រយៈពេល​ជាង​បួន​ទសវត្ស​រ៍ហើយ​នោះ។ បន្ថែម​ពីនេះ រដ្ឋាភិបាល​ចិន នៅតែ​បន្ត​គោលនយោបាយ​វាតទី​ជា​លក្ខណៈ​ឯកតោភាគី នៅក្នុង​តំបន់ ជម្លោះ​ដោយ​មិន​ខ្លាច​ការរិះគន់ និង ចំណាត់សហគមន៍​អន្តរជាតិ​ឡើយ។
 
ក្នុងចំណោម​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៃ​រដ្ឋ​ពាក់ព័ន្ធ​អាស៊ាន គេ​សង្កេតឃើញថា​មានតែ​ហ្វីលីពីន​នោះទេ​ដែល​ហ៊ាន​ចេញមុខ​ប្រឈម​ជាមួយនឹង​ចិន​ទាំង​ផ្នែក​ច្បាប់ និង​ផ្នែក​យោធា​ក្រោម​ការ​ជ្រោមជ្រែង​ពី​អាមេរិក​ផងដែរ។ តែ​ចំណាត់ការ​កន្លងមក មិនបាន​ធ្វើ​ឲ្យ​ចិន​ថមថយ​សកម្មភាព​បំពាន​ក្នុង​តំបន់​ជម្លោះ​នោះទេ។
១.ហ្វីលីពីន​យក​វេទិកា​អាស៊ាន ប្រឆាំង​ចិន តែ...
 
ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​រវាង​រដ្ឋ​អាស៊ាន​បួន​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី​វៀតណាម និង​ហ្វីលីពីន ជាមួយនឹង​ចិន។ ចិន គឺជា​ភាគី​តែមួយគត់​ដែល​ទាមទារ​ស្ទើរតែ​ទាំងស្រុង​នៃ តំបន់​ជម្លោះ​ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការទាមទារ​របស់​រដ្ឋ​អាស៊ាន។ ជា​សមាជិក​អាស៊ាន​មួយរូប ហ្វីលីពីន តែងតែ​លើកយក​ប្រធាន​សមុទ្រ​ចិន​ខាងត្បូង​ដាក់​ជារ​បៀ​វារៈ​ដើម្បី​ឲ្យ​រដ្ឋ​អាស៊ាន​ទាំង​ប្រាំបួន​ផ្សេងទៀត​រួមគ្នា​ដោះស្រាយ និង​ប្រឆាំង​ទៅនឹង​ការបំពាន​របស់​ចិន។ យ៉ាងណាក៏ដោយ ក្រោម​សមិទ្ធផល​អាស៊ាន គេ​ឃើញថា អាស៊ាន បានត្រឹមតែ​ចេញ​សេចក្តីថ្លែងការណ៍​មួយចំនួន​ស្តីពី​ភាគី​ជម្លោះ ដែល​ស្ទើរតែ​គ្មាន​ឥទ្ធិពល​អ្វី​សោះ​ទៅលើ​ភាគី។ ជាពិសេស​នោះ រាល់ពេល​ការលើកឡើង​ពី​ប្រធានបទ​សមុទ្រ​ចិន​ខាងត្បូង តែងតែ​ធ្វើ​ឲ្យ​នីតិវិធី​កិច្ចប្រជុំ​ជាប់គាំង ដ្បិត​មាន​រដ្ឋ​មួយចំនួន​មាន​និន្នាការ​ទៅរក​ចិន ខណៈ​មួយចំនួនទៀត​ប្រឆាំង​ចិន​ខ្លាំង។ ចុងក្រោយ ហ្វីលីពីន​តែងតែ​ខកចិត្ត ដោយសារ​ការសុំ​ការរួបរួម​ពី​អាស៊ាន​ប្រឆាំង​មិនបាន​សម្រេច​នោះទេ។
 
ជាក់ស្តែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង អាស៊ី​បូព៌ា​ដែល​ធ្វើ​ក្នុង​ក្រុង​គូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី និង ទើបតែ​បញ្ចប់ មានការ​រិះគន់ និង​ការព្រួយបារម្ភ​ជាច្រើន​លើ​សកម្មភាព​ចិន តែ​គ្មាន​ដំណោះស្រាយ​ណាមួយ​ត្រូវបាន​ធ្វើឡើង​នោះទេ។ 
២. ហ្វីលីពីន ប្តឹង​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ តែ​ចិន​មិន​ខ្វល់
 
ក្រៅពី​វេទិកា​អាស៊ាន ហ្វីលីពីន ក៏បាន​ស្វះ​ស្វែងរក​យុត្តិធម៌​ពី​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​ដែលមាន​ទីស្នាក់ការ​នៅ​ក្រុងឡាអេ ប្រទេស​ហូ​ឡង់​ដើម្បី​ប្រឆាំងនឹង​ចិន​ផងដែរ។ ហ្វីលីពីន បានដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​នេះ​តាំងពី​ឆ្នាំ២០១៣មកម្ល៉េះ ។ ហើយ​កាលពី​ថ្ងៃទី២៤ខែវិច្ឆិកា ម្សិលមិញ តុលាការ​ក៏បាន​បញ្ជាក់​ជាថ្មី​ថា តុលាការ​មាន​យុត្តាធិការ និង​កំពុងតែ​អនុវត្ត​នីតិវិធី​លើ​សំណុំរឿង ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្តឹង​ដោយ​ហ្វីលីពីន។ យ៉ាងណាក៏ដោយ សវនាការ​នេះ ហាក់ដូចជា​គ្មាន​ប្រយោជន៍​អ្វី​សោះ ដ្បិត​ចិន មិនមាន​វត្តមាន​ចូលរួម​នោះទេ។ ជាពិសេស​នោះ ទោះបី​តុលាការ បាន​រកឃើញថា​ចិន ពិតជា​បាន​បំពាន​លើ​អធិបតេយ្យ​ហ្វីលីពីន​មែន​នោះ សេចក្តីសម្រេច ក៏​គ្មាន​ឥទ្ធិពល និង មិនអាច​ចាប់បង្ខំ​ឲ្យ​ចិន​អនុវត្តតាម​បានដែរ។ នោះ​ក៏​ព្រោះតែ ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ មិនមាន​កងកម្លាំង​ដើម្បី​ចាប់បង្ខំ​ឲ្យ​អនុវត្ត​នោះទេ។ 
 
៣. ហ្វីលីពីន ត្រូវការ​ជំនួយ​យោធា​ពី​អាមេរិក និង​រដ្ឋ​ផ្សេងទៀត​ដើម្បី​ធានា​តុល្យភាព​សន្តិសុខ 
 
បើ​និយាយ​ពី​សមត្ថភាព​យោធា ហ្វីលីពីន មិនអាច​ប្រៀបធៀប​ជាមួយនឹង​ចិន​បានឡើយ។ តែ​ដើម្បី​រក្សា នូវ​លំនឹង ឬ​តុល្យភាព​សន្តិសុខ​ក្នុង​តំបន់ រដ្ឋាភិបាល​ហ្វីលីពីន បាន​ព្យាយាម​ពង្រីក​ឥទ្ធិពល​យោធា របស់ខ្លួន​តាមរយៈ​ការបង្កើន​ថវិកា​ប្រចាំ​សម្រាប់​វិស័យ​ការពារជាតិ និង​ដាក់​តំឡើង​មូលដ្ឋាន​យោធា ដែល​នៅ​ជិត​តំបន់​ជម្លោះ​ជាមួយនិង​ចិន។ ជាពិសេស​នោះ គេ​ឃើញថា អ្វីដែល​ហ្វីលីពីន ស្វាគមន៍ បំផុត​នោះ​គឺ វត្តមាន​នាវាចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់​របស់​អាមេរិក​មក​កាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​កាលពីពេលថ្មី។ វត្តមាន​នេះ​ត្រូវបាន​ប្រធានាធិបតី​ហ្វីលីពីន ចាត់ទុកថា​ជា​តុល្យភាព នៃ​អំណាច​នៅក្នុង​តំបន់ ខណៈ​ចិន ព្រមាន​ថា នឹងមាន​សង្គ្រាម​បើ​អាមេរិក​នៅតែ​បន្តសកម្មភាព​ខ្លួន​ដើម្បី​អន្តរាគមន៍​ក្នុង​តំបន់​ជម្លោះ។  
 
យ៉ាងណា​ក៏ដោយចុះ ចិន បានប្រកាស​រួចទៅហើយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច ប្រជុំ​កំពូល​អាស៊ី​បូព៌ា ថា​ចិន នឹង​បន្តសកម្មភាព​ខ្លួន​ក្នុង​តំបន់​ជម្លោះ​ជាពិសេស​នោះ​ចិន​នឹង​បំពាក់​មូលដ្ឋាន​យោធា​នៅ​ទីនោះ​ទៀតផង៕ 
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com