អន្តរជាតិ
រុស្ស៊ី​ចង់​បិទទំនិញ​តួ​គី​និង ផ្គត់ផ្គង់​ប្រព័ន្ធមីស៊ីល​ឲ្យ​អ៊ីរ៉ង់​ដើម្បី​សងសឹក​តួ​ក​គី​
26, Nov 2015 , 8:19 pm        
រូបភាព
​ក្រោយ​យន្តហោះ​ចម្បាំង​ខ្លួន​ត្រូវ​តួ​ក​គី​បាញ់​ធ្លាក់ រុស្ស៊ី​ដាក់​វិធានការ​ប្រឆាំង​រដ្ឋាភិបាល​តួ​ក​គី​ជា​បន្តបន្ទាប់ ទាំង​ផ្នែក​ការទូត នយោបាយ យោធា​និង សេដ្ឋកិច្ច​ផង​។ ម្សិលមិញ​ក្រសួងការពារជាតិ​រុស្ស៊ី​ប្រកាសថា​ខ្លួន​នឹង​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល និង​នាវាចម្បាំង​ទៅ​ការពារ​មូលដ្ឋាន​ខ្លួន​នៅ​ស៊ី​រី ហើយ​ព្យួរ​ទំនាក់ទំនង​យោធា​ជាមួយ​តួ​ក​គី ហើយ​ថ្ងៃនេះ​រុស្ស៊ី​ប្រកាស​លុបចោល​កិច្ចប្រជុំ​តួ​ក​គី​-​រុស្ស៊ី ដែល​ត្រូវ​រៀបចំ​នៅ​ខែក្រោយ​។ របប​ក្រេ​ម​ឡាំង​ក៏​កំពុង​ពិចារណា​ប្រើ​វិធានការ​រឹតបន្តឹង​ទំនិញ​ដែល​នាំមក​ពី​តួ​ក​គី​ផងដែរ​។ ប៉ុន្តែ​រុស្ស៊ី​បង្ហើប​ថា ខ្លួន​រង់ចាំ​សុំ​អភ័យទោស​ពី​តួ​ក​គី​ជា​ផ្លូវការ ហើយ​គ្មាន​ផែនការ​ធ្វើសង្គ្រាម​ទេ ។



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖



​យន្តហោះ​រុស្ស៊ី​ត្រូវ​តួ​ក​គី​បាញ់​ទម្លាក់​ក្លាយជា​ប្រធានបទ​សំខាន់ និង​ក្លាយជា​រឿង​ប្រឈមមុខគ្នា​ដ៏​តានតឹង​បំផុត​ដែរ​រវាង​សម្ព័ន្ធ​ណា​តូ​និង​រុស្ស៊ី​ក្រោយ​សម័យ​សង្គ្រាមត្រជាក់​។  ទោះជា​ការប្រឈមមុខ​ដា​ក់​គ្នា​ខ្លាំង​យ៉ាងណាក៏ដោយ ប្រទេស​ទាំងនេះ​គ្មាន​ផែនការ​ធ្វើសង្គ្រាម​ទេ ប៉ុន្តែ​ពួកគេ​កំពុង​យក​បញ្ហា​នេះ​ជា​លេស​ដើម្បី​ទាញ​ប្រយោជន៍​រៀងខ្លួន​។ តួ​ក​គី​បាញ់​យន្តហោះ​រុស្ស៊ី ដោយ​ចោទថា រុស្ស៊ី​រំលោភ​ដែនអាកាស​និង​អធិបតេយ្យ​របស់ខ្លួន​។ ហើយ​មូលហេតុ​ពិតប្រាកដ​ដែល​តួ​ក​គី​ត្រូវធ្វើ​បែប​នោះ​ព្រោះ​មិន​ពេញ​ចិត្តនឹង​អន្តរាគមន៍​របស់​ក្រុង​ម៉ូស្គូ​នៅ​ស៊ី​រី​ដើម្បី​ការពារ​ប្រធានាធិបតី បា​សា អាល់​អាសាដ និង​វាយ​សំពង​ក្រុម​ឧទ្ទាម​ផង​នោះ​។ ក្នុង​ក្រសែរ​ភ្នែក​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា រុស្ស៊ី​កំពុង​បំផ្លាញ​ផែនការ​ពង្រឹង​ឥទ្ធិពល​តួ​ក​គី និង​កសាង​ចក្រភព​អូ​តូ​ម៉​ង់​ឡើងវិញ​ផង​នោះ​។ 

​ចំណែក​រុស្ស៊ី​ឯណោះ​វិញ មិន​ប្រើប្រាស់​កម្លាំង​តប​តួ​ក​គី​ទេ ប៉ុន្តែ​បញ្ហា​តានតឹង​នេះ​ក្លាយជា​លេស​សម្រាប់​របប​ដឹកនាំ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុងការ​បន្ថែម​កម្លាំង និង​ពង្រាយ​សព្វាវុធ​បន្ថែម​ទៅកាន់​ប្រទេស​ស៊ី​រី​ដើម្បី​អាច ការពារ​របប​លោក អាសាដ​បាន​ពេញ​ដេញ​ពេញ​ជើង​។  តែបើ​សិន​ការប្រឈមមុខ​ដាក់គ្នា​កើនឡើង​ខ្លាំង ដោយ​មិន​ថមថយ កម្តៅ វា​ក៏​បណ្តាល​ឲ្យ​ការចរចា​គ្នា​រវាង​មហាអំណាច​ពាក់ព័ន្ធ​នៅ​ទីក្រុង​វ្យ៉ែ​ន​ដើម្បី​បញ្ចប់​បញ្ហា​ស៊ី​រី ជាប់គាំង​ទៅមុខ​មិន​រួច​ដូចគ្នា​ដែរ​។

១.​រុស្ស៊ី​គ្មាន​បំណង​ធ្វើសង្គ្រាម​ជាមួយ​តួ​ក​គី
​ដូច​ការលើកឡើង​ពិ​ម្សិលមិញ​ដូច្នេះ​ដែរ សង្គ្រាម​មិនអាច​កើតឡើង​ព្រោះតែ​យន្តហោះ​រុស្ស៊ី​ត្រួវ​តួ​ក​គី​បាញ់​ឡើយ​។  មកទល់​ម្សិលមិញ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov ក៏បាន​បញ្ជាក់​ផង​ថា រុស្ស៊ី​គ្មាន​ផែនការ​បង្កើត​សង្គ្រាម​ប្រឆាំង​តួ​ក​គី​ឡើយ តែ​ប្រមុខ​ការទូត​រុស្ស៊ី​នេះ​ក៏​ឆ្លៀត​វាយប្រហារ​តួ​ក​គី និង​ណា​តូ​ផងដែរ​ថា ការបាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី​មានការ​គ្រោងទុក និង​ជាការ​បង្ករឿង​ប៉ុណ្ណោះ​។ ការលើកឡើង​បែបនេះ​បញ្ជាក់​ពី​ជំហរ​របស់​រុស្ស៊ី​រួចទៅហើយ​ថា ការបាញ់​យន្តហោះ​ខ្លួន​ពិតជា​ធ្ងន់ធ្ងរ​មែន ប៉ុន្តែ​វា​មិន​ដល់​ថ្នាក់​ជំរុញ​ឲ្យ​រុស្ស៊ី​ត្រូវ​ប្រឡូក​ក្នុង​ភ្លើងសង្គ្រាម​ទេ​។   ម្សិលមិញ​នេះដែរ ប្រមុខរដ្ឋ​តួ​ក​គី​លោក Erdogan បាន​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ថា តួ​ក​គី​គ្មាន​ចេតនា​បង្ក​ភាព​តានតឹង​និង​បង្កជម្លោះ​ជាមួយ​រុស្ស៊ី​ទេ ប៉ុន្តែ​អ្វីដែល​តួ​ក​គី​ធ្វើជា​ការការពារ​អធិបតេយ្យ​របស់ខ្លួន​ប៉ុណ្ណោះ​។ ប៉ុន្តែ រុស្ស៊ី​កំពុង​បន្ត​គំរាម និង​ចាត់វិធានការ​សងសឹក​តួ​ក​គី​ខ្លះៗ​ដែរ​។​

២. រុស្ស៊ី​ត្រៀម​ចាត់វិធានការ​សេដ្ឋកិច្ច​ប្រឆាំង​តួ​ក​គី​តែ​រង់ចាំ​ការសុំ​ទោស​ជា​ផ្លូវការ​ពី​តួ​ក​គី​
​ក្រៅពី​រិះគន់​តួ​ក​គី​មិន​សំចៃមាត់ រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ក៏​ចង់​ដាក់​វិធានការ​សេដ្ឋកិច្ច​ដើម្បី​សងសឹក​រដ្ឋាភិបាល​តួ​ក​គី​។ បើតាម​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី RT បច្ចុប្បន្ន​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​កំពុង​រៀបចំ​វិធាន​ការដែល​រឹតត្បិត​ទំនិញ​ដែល​នាំ​ម​ពី​តួ​ក​គី​ផង ហើយ​រុស្ស៊ី​អះអាងថា វា​ជា​វិធានការ​រយៈពេល​វែង ដូច​អ្វីដែល​ខ្លួន​ប្រើប្រាស់​ប្រឆាំង​ទំនិញ​លោកខាងលិច​ដូច​អាមេរិក និង​រដ្ឋ​អឺរ៉ុប​ផ្សេងទៀត​ដែរ​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​រដ្ឋាភិបាល​រុស្ស៊ី​ក៏បាន​ប្រកាស​លុបចោល​គ​ម្រោ​ង​ប្រជុំ​រួម​កម្រិត​រដ្ឋាភិបាល​ជាមួយ​តួ​ក​គី​ដែល​នឹងត្រូវ​រៀបចំ​នៅ​ខែក្រោយ​ផងដែរ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ រុស្ស៊ី លួច​បង្ហើប​ថា ខ្លួន​កំពុង​រង់ចាំ​ការសុំ​អភ័យទោស​ពី​រដ្ឋាភិបាល​តួ​ក​គី​ជុំវិញ​ការបាញ់​ទម្លាក់​យន្តហោះ​របស់ខ្លួន​កន្លង​មកនេះ​ដែរ​។  បើសិន​មានការ​សុំ​អភ័យទោស​ជា​ផ្លូវការ​មែន វា​ប្រាកដ​ណាស់​ថា ភាព​តានតឹង​នេះ​នឹង​ធូរស្រាល​វិញ  ហើយ​រុស្ស៊ី​ក៏​នឹង​ផ្លាស់ប្តូរ​ជំហរ​ដ៏​រឹងត្អឹង​របស់ខ្លួន​។​

៣.​រុស្ស៊ី​ថា ខ្លួន​នឹង​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទៅ​អ៊ីរ៉ង់​នៅ​ឆ្នាំនេះ​
​ម្សិលមិញ​នេះដែរ អ៊ីរ៉ង់​ក៏បាន​ចេញមុខ​ថ្កោលទោស​តួ​ក​គី​ផងដែរ ដែល​ហ៊ាន​បាញ់​យន្តហោះ​រុស្ស៊ី​ទម្លាក់ ហើយ​រដ្ឋ​មហាអំណាច​តំបន់ មួយ​នេះ​ក៏បាន​ចោទប្រកាន់​តួ​ក​គី​ផងដែរ​ជុំវិញ​ការគាំទ្រ​ក្រុម​ភេរវជន​និង​ក្រុម​ប្រដាប់អាវុធ​ដែលមាន​បំណង​ផ្តួល​រំ​ល​របប​លោក​អាសាដ​។

​សញ្ញា​វិជ្ជមាន​សម្រាប់​អ៊ីរ៉ង់ ក្រោយ​យន្តហោះ​រុស្ស៊ី​ធ្លាក់ គឺ​ការកើនឡើង​នៃ​វត្តមាន​កងទ័ព​និង​សព្វាវុធ​រុស្ស៊ី​នៅ​មជ្ឈិមបូព៌ា​តែម្តង​។ ហើយ​មួយវិញទៀត​អាវុធ​ដែល​ខ្លួន​សុំ​ទិញ​ពី​រុស្ស៊ី​យូរ​ឆ្នាំ​នោះ​នឹង​មក​ដល់ដៃ​ខ្លួន​ឆាប់ៗ​។ គ្រាន់​តែមាន​ភាព​តានតឹង​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​តួ​ក​គី រុស្ស៊ី​ចេញមុខ​ប្រកាស​ជាថ្មី​ថា​រុស្ស៊ី​នឹង បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស S-300 ទៅ​ឲ្យ​អ៊ីរ៉ង់​ក្នុងឆ្នាំនេះ​តែម្តង​ដោយ​គ្មាន​បង្អែរ​បង្អង់​ឡើយ​។ តាមពិតទៅ​អ៊ីរ៉ង់​សុំ​ទិញ​អាវុធ​រុស្ស៊ី​នេះ​តាំងពី​ឆ្នាំ ២០១០ ប៉ុន្តែ​ក្រុង​ម៉ូស្គូ​សុខចិត្ត​ព្យួរ​កិច្ចព្រមព្រៀង នេះ​ដោយ​អនុលោម​តាម​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​។ ប៉ុន្តែ​ក្រោយ​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ខែកក្កដា ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​ត្រូវ​ដកចេញ​ដោយ​ផ្នែក ហើយ​រុស្ស៊ី​បាន​លេស​ចាប់ផ្តើម​បញ្ជូន​អាវុធ​ទៅ​ឲ្យ​អ៊ីរ៉ង់​វិញ ទោះ​អាមេរិក​ហាម​ក៏ដោយ​។ ក្រៅពី​ប្រកាសថា​នឹង​បញ្ជូន​អាវុធ​ឲ្យ​ដល់ដៃ​របប​ដឹកនាំ​ក្រុង​តេ​អ៊ីរ៉ង់​ឆ្នាំនេះ រុស្ស៊ី​ក៏បាន​បង្ហាញ​គម្រោង​ដាក់ពង្រាយ​ប្រព័ន្ធ កា​ពារ​អាកាស​ប្រឆាំង​យន្តហោះ​ស៊េរី​ទំនើប S-400 ទៅ​ស៊ី​រី បន្ថែម​លើ​នាវាចម្បាំង​និង​សព្វាវុធ​ផ្សេងទៀត​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​ការពារ​សន្តិសុខ​កងទ័ព​និង​មូលដ្ឋានទ័ព​រុស្ស៊ី​នៅ​មជ្ឈិមបូព៌ា​តែម្តង​៕


© រក្សាសិទ្ធិដោយ thmeythmey.com