អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បារាំង​មិន​ស្រួល​ចិត្ត​ព្រោះ​កាំបិត​មុខ​ពីរ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត និង​កាតា​ក្នុងការ​កម្ទេច​ក្រុម​ដែ​ស្ហ​
27, Nov 2015 , 1:36 pm        
រូបភាព
ដោយ:
 
​ថ្ងៃ​សុក្រ​នេះ ប្រជាជន​បារាំង​ទូទាំងប្រទេស​ប្រារព្ធ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ទាំង​១៣០​នាក់ ដែល​បាន​ស្លាប់​ក្នុង​អំពើ​ភេរវកម្ម​នៅ​ក្រុងប៉ារីស កាលពី​ថ្ងៃ​១៣​វិច្ឆិកា​។ សង្គម​បារាំង​កំពុងតែ​ចោទសួរ​លើ​ទំនាក់ទំនង​មិត្តភាព​រវាង​ជាតិ​ខ្លួន ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត និង​កាតា​។ ប្រទេស​អ្នកមាន​ទាំង​២​បាន​ចូលរួម​កម្ទេច​ក្រុម​ជី​ហាត​នៅ​ស៊ី​រី ប៉ុន្តែ​ប្រទេស​ទាំង​២​រង​ការចោទប្រកាន់ថា បាន​ឧបត្ថម្ភ​ប្រាក់កាស​ដល់​ក្រុម​ដែ​ស្ហ​ដែលជា​សត្រូវ​ចម្បង​រប​ស់​បារាំង​។ បក្សប្រឆាំង​រណសិរ្ស​ជាតិ​បារាំង​បានទាមទារ​ឲ្យ​បារាំង​ដកខ្លួន​ពី​ប្រទេស​ទាំង​២ មក​សហការ​ស្អិតល្មួត​ជាមួយ​អ៊ីរ៉ង់​និង​រុស្ស៊ី​វិញ​។

 
​សូម​ស្តាប់​ការបកស្រាយ​របស់លោក​ស្រី​ព្រំ​សឿន សូលី​ណា​៖

 
​ខណៈ​បារាំង​កំពុង​ឧទ្ទិស​ដល់​ជនរងគ្រោះ​ទាំង​១៣០​នាក់​ដែល​ស្លាប់​ក្នុងការ​វាយប្រហារ​ភេរវកម្ម​របស់​ក្រុម​ភេរវជន​រដ្ឋ​អ៊ីស្លាម រដ្ឋាភិបាល​លោក​ហូ​ឡង់​មិនសូវ​ជា​ស្ងប់ចិត្ត​ប៉ុន្មាន​ទេ នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​ក៏ដូចជា​ពលរដ្ឋ​បារាំង ដែល​កំពុង​ចោទសួរ​ពី​តួនាទី​របស់​អា​រ៉ា​ប៊ី​សា​អូឌីត និង​កាតា​ក្នុង​យុទ្ធនាការ​កម្ចាត់​ក្រុម​ដែ​ស្ហ​នៅ​ស៊ី​រី​។ រដ្ឋាភិបាល​បារាំង​មិនសូវ​ស្រួល​ចិត្ត​ទេ ដែល​អា​រ៉ា​ប៊ី សា​អូឌីត និង​កាតា ជា​មិត្ត​ល្អ ត្រូវ​រង​ការចោទប្រកាន់ថា ឧបត្ថម្ភ​ក្រុម​ដែ​ស្ហ​ដែល​បាន​បង្ហូរឈាម​ប្រជាជន​បារាំង កាលពី​ថ្ងៃ​១៣​វិច្ឆិកា​នោះ​។ ពិសេស​ពេល​បក្ស​អភិរក្ស​ជ្រុលនិយម​របស់លោក​ស្រី​ម៉ា​រី​ន ឡឺ​ពេន ដែល​កំពុងមាន​ប្រជាប្រិយភាព​ខ្ពស់​ក្នុងស្រុក បានដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ដកខ្លួន​ពី​អា​រ៉ា​ប៊ី និង​កាតា ហើយ​ងាក​មករក​រុស្ស៊ី​និង​អ៊ីរ៉ង់​វិញ​។ សម្រាប់​បក្ស​ស្តាំនិយម​ជ្រុល​បារាំង ការដកខ្លួន​ពី​ប្រទេស​ទាំង​២ នឹងធ្វើ​ឲ្យ​អន្តរជាតិ​ចោទសួរ​ពី​សម្ព័ន្ធមិត្ត​ឡើងវិញ ហើយក៏​ដាក់​សម្ពាធ​ដល់​កាតា​និង​អា​រ៉ា​ប៊ី ឲ្យ​មើល​ពី​ទង្វើ​ខ្លួន​ឡើងវិញ​ដែរ​។​
 
​សូម​រំលឹកថា ក្រុម​រដ្ឋ​អ៊ីស្លាម​ជា​ក្រុម​សាសនា​អ៊ីស្លាម​និកាយ​ស៊ុន​នី​ត មាន​ដើមកំណើត​មកពី​អ៊ីរ៉ាក់​។ សារព័ត៌​មានបារាំង ឡឺ​ម៉ុង Le Monde បាន​ចុះផ្សាយ​ថា អា​រ៉ា​ប៊ី​សា​អូឌីត​ផ្តល់​ប្រាក់កាស​ដល់​ក្រុម​និកាយ​ស៊ុន​នី​ត​ជ្រុលនិយម នៅ​ទូទាំង​ពិភពលោក​។ អ្នកជំនាញ​ជាច្រើន​នាក់​ក៏បាន​លើកឡើង​ដែរ​ថា ក្រុម​ដែ​ស្ហ​អាច​ឡើង​ខ្លាំង​ដូច​សព្វថ្ងៃ​ក៏ដោយ​សារ​មាន​ប្រទេស​អ្នក​មាននៅ​តំបន់​ឈូង​សមុទ្រ​ពែ​រស៍​ជួយ​ជ្រោមជ្រែង​ដែរ​។ វេ​ប​សាយ​វី​គី​លី​ក​WikiLeaks វិញ ធ្លាប់​ចុះផ្សាយ​កាលពី​ឆ្នាំ​២០១០​ដែរ នូវ​កំណត់ត្រា​អ្នកការទូត​អាមេរិក​ម្នាក់ ដែល​ចោទថា ក្រុម​អ្នកផ្តល់ជំនួយ​ជា​លក្ខណៈ​ឯកជន នៅ​អា​រ៉ា​ប៊ី បាន​ក្លាយជា​ប្រភព​ហិរញ្ញវត្ថុ​ចម្បង​សម្រាប់​បណ្តា​ក្រុម​ភេរវជន​ស៊ុន​នី​ត​។ 
 
​ការចោទប្រកាន់​របស់​អ្នកការទូត​អាមេរិក កាលពី​ឆ្នាំ​២០១០ គឺ​ចង់​សំដៅ​ទៅលើ​ក្រុម​អាល់​កៃ​ដា ដែលជា​សត្រូវ​សួរ​ពូជ​របស់​អាមេរិក​។ ក្រុម​អាល់​កៃ​ដា​មាន​សាខា​ក្រុម​នៅ​អ៊ីរ៉ាក់​។ សាខា​នេះ​បានប្រែក្លាយ​ទៅជា​ក្រុម​ដែ​ស្ហ​សព្វថ្ងៃ​នេះឯង​។ អ្នកការទូត​អាមេរិក​រូបនោះ​បាន​បរិ​ហារ​ដែរ​ថា កាតា​និង​កូ​វ៉ែត​សុទ្ធតែ​អនុគ្រោះ​ក្រុម​ភេរវជន​។​
 
​កាតា អា​រា់​ប៊ី​សា​អូឌីត​បាន​បដិសេធ​ការចោទប្រកាន់​ទាំងនេះ ដាច់អហង្កា ដោយ​ប្រាប់ថា គ្មាន​ទំនាក់ទំនង​នយោបាយ ឬ​លុយកាក់​ជាមួយ​ក្រុម​ដែ​ស្ហ​ឡើយ​។ នាយករដ្ឋមន្ត្រី​បារាំង​ម៉ា​នុយ​អែល វ៉ាល់ វិញ ក៏បាន​ចេញមុខ​ការពា​រ​ប្រទេស​អា​រ៉ា​ប៊ី​ជា​មិត្ត​ដែរ​។ រឿង​អី​ដែល​ហ៊ាន​ចោទថា អា​រ៉ា​ប៊ី​និង​កាតា​គាំទ្រ​ក្រុម​ដែ​ស្ហ បើ​អា​រ៉ា​ប៊ី​ខ្លួនឯង​ក៏​រង​ការ​គំរាម​ពី​ក្រុម​ដែ​ស្ហ​ដែរនោះ​? ម្យ៉ាងទៀត អា​រ៉ា​ប៊ី​សា​អូឌីត និង​កាតា​សុទ្ធតែ​ចូលរួម​កម្ទេច​ក្រុម​ដែ​ស្ហ​នៅ​ស៊ី​រី​។ 
 
​យោងតាម​លោកស្រី​Lori Plotkin Boghard​ជា​អ្នកជំនាញ​នៅ​វិទ្យាស្ថាន​Washington Institute គេ​គ្មាន​ភស្តុតាង​បញ្ជាក់ថា អា​រ៉ា​ប៊ី​ឲ្យ​ប្រាក់កាស​ក្រុម​ដែ​ស្ហ​ទេ​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អា​រ៉ា​ប៊ី​បាន​បញ្ជូន​ប្រាក់​រាប់រយ​លាន​ដុល្លារ​ទៅ​ស៊ី​រី តាមរយៈ​មូលនិធិ​អ៊ីស្លាម​ផ្សេងៗ រឺ​តាម​បណ្តាជន​ផ្សេងៗ​។ ដូច្នេះ ត្បិត​ថា អា​រ៉ា​ប៊ី​មិន​ជួយ​ក្រុម​ភេរវជន​ដោយផ្ទាល់​មែន ក៏​អាច​ដោយ​ប្រយោល​ដែរ ព្រោះថា ជំនួយ​ទាំងនេះ អាច​ធ្លាក់​ដល់ដៃ​ក្រុមមនុស្ស​ដែល​ចាក់ឫស​ជ្រៅ​ក្នុង​សាសនា​អ៊ីស្លាម ជា​ក្រុមមនុស្ស​ដែល​អាច​ផ្តល់​លុយកាក់​បន្តទៅ​ក្រុម​ដែ​ស្ហ​។ 
 
​បើ​ប្រទេស​អ្នកមាន​តំបន់​ឈូង​សមុទ្រ​ពែ​រស៍ ដូចជា​អា​រ៉ា​ប៊ី រឺ​កាតា​បាន​ឧបត្ថម្ភ​ក្រុម​ជី​ហាត​មែន​នោះ ពិតជា​ធ្ងន់​ក​ហើយ​។ ក្នុង​ប្រតិបត្តិ​ការកម្ទេច​ក្រុម​ជី​ហាត​នៅ​ស៊ី​រី កាតា​ដើរតួនាទី​ជា​អាជ្ញាកណ្តាល​។ បើ​កាតា​រឺ​អា​រ៉ា​ប៊ី​ជ្រោមជ្រែង​ក្រុម​ដែ​ស្ហ សង្គ្រាម​កម្ទេច​ក្រុម​ជី​ហាត មិនអាច​ទៅមុខ​ទេ ព្រោះ​កាតា​និង​អា​រ៉ា​ប៊ី​អាច​ផ្តល់ព័ត៌មាន​ដល់​ក្រុម​ដែ​ស្ហបាន​។ ប្រទេស​ទាំង​២​ប្រៀបបាន​នឹង​អាវុធ​មុខ​ពីរ​ដូច្នោះ​ដែរ​។ ម្ល៉ោះហើយ ទើប​ពលរដ្ឋ​បារាំង​កំពុង​បារម្ភ​ពី​បញ្ហា​នេះ​។​
 
​ដោយឡែក ងាកមើល​ជ្រុង​ម្ខាង​ទៀត យើង​អាច​ថា តាំងពី​ស៊ី​រី​ធ្លាក់​ក្នុង​បដិវត្តន៍​បះបោរ​ឆ្នាំ​២០១១​មក ទាំង​កាតា អា​រ៉ា​ប៊ី បារាំង រឺក៏​អាមេរិក ដំបូង​ទី សុទ្ធតែ​នាំគ្នា​គាំទ្រ​ក្រុមប្រឆាំង​ស៊ី​រី មកពី​គ្រប់​និន្នាការ​នយោបាយ​។ ប៉ុន្តែ ដល់ពេល​ក្រុម​ដែ​ស្ហ​ផ្តាច់ខ្លួន​តែឯង​ផុត​ទៅ ទើប​ម្នាក់ៗ​ជាប់កុន​រៀងៗ​ខ្លួន ព្រោះ​ម្នាក់ៗ​សុទ្ធតែ​ធ្លាប់ជួយ​ក្រុម​ឧទ្ទាម​មួយ​នេះ​។ 
 
​ងាក​មក​មើល​ជ្រុង​ម្ខាង​ទៀត អ្នកជំនាញ​ខ្លះ បែបយ៉ាង​លោក​Kamel Daoud ជា​អ្នកនិពន្ធ​ជនជាតិ​អាល់​ហ្សេ​រី បាន​មើលឃើញ​បញ្ហា​ជ្រៅ​មួយទៀត នៅ​ពីក្រោយ​បណ្តា​ប្រទេស​ដូចជា​អា​រ៉ា​ប៊ី​នេះ​។ បញ្ហា​នោះ​គឺថា អា​រ៉ា​ប៊ី​កំពុង​ក្លាយជា​ប្រទេស​ដែល​ក្រុម​ដែ​ស្ហ​យក​គំរូ​តាម ព្រោះ​អា​រ៉ា​ប៊ី មាន​មនោគមវិជ្ជា​អ៊ីស្លាម​ជ្រុលនិយម​។ អ្នកនិពន្ធ អាល់​ហ្សេ​រី កា​មែ​ល ដា​អ៊ូ​ត បាន​ប្រដូច​អា​រ៉ា​ប៊ី ទៅនឹង​ឪពុក​របស់​ក្រុម​ដែ​ស្ហ ហើយ​ប្រដូច​ការឈ្លានពាន​អ៊ីរ៉ាក់​ពី​ប្រទេស​លោកខាងលិច ទៅនឹង​ម្តាយ​។ 
 
​សម្រាប់​លោក​ដា​អ៊ូ​ត ប្រទេស​លោកខាងលិច​ឈ្លានពាន​អ៊ីរ៉ាក់ ប្រៀបបាន​ទង្វើ​របស់​ម្តាយ ព្រោះថា មាន​ប្រជាជន​អារ៉ាប់​ជាច្រើន​ដែល​រស់នៅក្នុង​ភាព​អស់សង្ឃឹម​ក្រោម​របប​លោក​សា​ដាំ​ហ៊ូ​សេន​។ ដូច្នេះ ការឈ្លានពាន​នេះ​បាន​ជួយសង្គ្រោះ​ពលរដ្ឋ​ទាំងនេះ​ឲ្យ​ធូរចិត្ត​មានសង្ឃឹម​ឡើងវិញ​។ រី​អា​រ៉ា​ប៊ី​វិញ មាន​មនោគមវិជ្ជា ជ្រុលនិយម ជា​មនោ​គម​ដែល​ជំទាស់​ដាច់ខាត​នឹង​ការវិវត្ត​នៃ​សាសនា​អ៊ីស្លាម បច្ចុប្បន្ន​។ មនោគមវិជ្ជា​នេះ​ប្រៀបបាន​នឹង​ឪពុក​ក្រុម​ភេរវជន​ជ្រុលនិយម​ដូច្នេះ​ឯង​។ បើ​បារាំង ឬ​ប្រទេស​លោកខាងលិច សុទ្ធតែ​បរិហារ​ពី​ការ​ចាក់ឫស​ជ្រុលនិយម​ក្នុង​សាសនា​អ៊ីស្លាម ពួកគេ​ក៏ត្រូវ​តែ​គិតពី​មនោ​គម​ជ្រុលនិយម​នៅ​អា​រ៉ា​ប៊ី​ដែរ មិន​ដូច្នោះ​ទេ ទោះជា​ឈ្នះ​ក្រុម​ដែ​ស្ហ​នៅ​សមរភូមិ ក៏​មិនអាច​ឈ្នះ​សង្គ្រាម​ធំ​ដែរ ព្រោះ​សកម្មជន​ជ្រុលនិយម​ដូច​ដែ​ស្ហ នៅតែ​បន្ត​កកើតឡើង​ក្នុង​ជំនាន់​ក្រោយៗ​ទៀត ដរាបណា​ប្រទេស​ដូច​អា​រ៉ា​ប៊ី​នៅតែ​ប្រកាន់យក​អ៊ីស្លាម​ជ្រុលនិយម​។​
 
​ក្រុម​សិទ្ធិមនុស្ស​សុទ្ធតែ​បរិហារ​ថា​អា​រ៉ា​ប៊ី​មិន​គោរព​សិទ្ធិមនុស្ស​។ ប្រធាន​បក្ស​បរិស្ថាន​នៅ​អឺរ៉ុប លោក​ហ្វី​លី​ព ឡាំ​ប៊ែ​រ Philippe Lamberts ក៏​ទទួលស្គាល់​ដែរ​ថា អា​រ៉ា​ប៊ី​រំលោភ​សិទ្ធិមនុស្ស កាត់ដៃជើង​មនុស្ស​។ ប៉ុន្តែ លោក​បរិហារ​ថា សហភាព​អឺរ៉ុប​នៅតែមាន​ទំនាក់ទំនង​ល្អឥតខ្ចោះ​ជាមួយ​អា​រ៉ា​ប៊ី ព្រោះ​អឺរ៉ុប​ពឹង​ផ្អែកលើ​ប្រេង​របស់​ប្រទេសមួយ​នេះ​។ មិន​ពិបាក​ឆ្ងល់​ទេ​ដែល​រដ្ឋាភិបាល​អឺរ៉ុប ពិសេស​បារាំង​មិនសូវ​ជា​ស្រួល​ចិត្ត​បើ​គេ​រិះគន់​ប្រទេស​នេះ​។ បើ​កាត់ផ្តាច់​ទំនាក់​ទំនងជា​មួយ​អា​រ៉ា​ប៊ី រឺ​កាតា ប្រហែល​ពិបាក​មើលមុខ​គ្នា​ចំ​ទៅ​ថ្ងៃក្រោយ ព្រោះ​កាតា​ទើប​ទិញ​យន្តហោះ​ចម្បាំង​រ៉ា​ហ្វា​ល់​ដ៏​ល្បី​ពី​បារាំង ដល់​ទៅ​២៤​គ្រឿង កាលពី​ខែឧសភា​កន្លងទៅ​៕
 

Tag:
 បារាំង
  ​អា​រ៉ា​ប៊ី​សា​អូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com