ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្ថិតិ​ដោយ​គ្មាន​តំណាងរាស្ត្រ​បក្សប្រឆាំង​
30, Nov 2015 , 7:59 pm        
រូបភាព
រួបថត៖ នាយកដ្ឋានព៍ត៌មាននៃរដ្ឋសភា
រួបថត៖ នាយកដ្ឋានព៍ត៌មាននៃរដ្ឋសភា
ដោយ: ថ្មីៗ
 
​ដូច​សេចក្តីព្រាងច្បាប់​ស្តីពី​ថវិកា​ឆ្នាំ​២០១៦​ដែរ សេចក្តីព្រាងច្បាប់​ស្តីពី​ស្ថិតិ ក៏​ត្រូវបាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ជាមួយ​សំឡេង​៦៦​នៃ​អ្នកតំណាងរាស្ត្រ​វត្តមាន​ដែរ នៅ​រសៀល​ថ្ងៃទី​៣០​វិច្ឆិកា​នេះ​។ តាមពិត​នេះ​គឺជា​សេចក្តីព្រាងច្បាប់​ថ្មី​មួយ​ស្តីពី​ស្ថិតិ ដែល​នឹង​ជំនួស​ច្បាប់​ស្ថិតិ​ចាស់​ដែល​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ​២០០៥ ។​

 
​នៅក្នុង​សេចក្តីថ្លែងហេតុ​នៃ​សេចក្តីព្រាងច្បាប់​ដែលមាន​៣៨​មាត្រា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា ច្បាប់​ស្តីពី​ស្ថិតិ​ត្រូវបាន​តាក់តែងឡើង​ក្នុង​គោលដៅ​បន្ត​និរន្តរភាព​ផលិត​ទិន្ន័យ​ស្ថិតិ និង​ពង្រឹង​ការសម្របសម្រួល ការគ្រប់គ្រង របស់​ប្រព័ន្ធ​ស្ថិតិ​ជាតិ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​អ្នកប្រើប្រាស់​។ លោកនាយក​រដ្ឋមន្ត្រី​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​បើ​គ្មាន​ស្ថិតិ យើង​មិនអាច​យល់ដឹង​ពី​ព័ត៌មាន​សម្រាប់​យកមក​ធ្វើការ​តាមដាន ត្រួតពិនិត្យ វិភាគ និង​វាយតម្លៃ ក្នុង​ការធ្វើ​សេចក្តីសម្រេច​កសាង​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​អភិវឌ្ឍន៍​ចំ​គោលដៅ​ប្រកបដោយ​ប្រសិទ្ធភាព​បានទេ​»​។ លោក ហ៊ុន សែន បន្តថា​៖«​ទិន្នន័យ​ស្ថិតិ​គឺជា​ឧបករណ៍​ចាំបាច់​បំផុត​របស់​អ្នកធ្វើ​ផែនការ​អភិវឌ្ឍ​។ បើ​មិនមាន​ទិន្នន័យ​ច្បាស់លាស់​ទាន់ពេលវេលា​ន​ទេនោះ យើង​ក៏​មិនអាច​ធ្វើការ​ប្រកួតប្រជែង​បានដែរ​»​។​
 
​នៅក្នុង​ឆ្នាំ​១៩៩៧ កម្ពុ​ជាមាន​ត្រឹម​អនុក្រឹត្យ​ដែល​ចែង​អំពី​កាតព្វកិច្ច​ធ្វើ​ស្ថិតិ ប៉ុន្តែ​អនុក្រឹត្យ​នោះ​មិនអាច​អនុញ្ញាត​ឲ្យ​ការងារ​ស្ថិតិ​ប្រព្រឹត្ត​ទៅដោយ​ពេញលេញ និង​មាន​ប្រសិទ្ធភាព​ទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com