អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អឺរ៉ុប​ផ្ដល់ប្រាក់​៣​ពាន់​លាន​អឺរ៉ូ​ដល់​តួ​ក​គី​ជា​ថ្នូរ​ការ​ទប់​លំហូរ​ជនភៀសខ្លួន​ស៊ី​រី​
01, Dec 2015 , 9:52 am        
រូបភាព
 ​អឺរ៉ុប​នឹង​ផ្ដល់​កញ្ចប់​លុយ ៣​ពាន់​លាន​អឺរ៉ូ​ដល់​តួ​ក​គី​សម្រាប់​ការដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​ស៊ី​រី​ក្នុងប្រទេស​តួ​ក​គី​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​អធិការបតី​អាល្លឺម៉ង់​លោកស្រី​អែន​ជែ​ល​ឡា មឺ​ហ្កែ​ល (Angela Merkel) ក្រោយពី​បញ្ចប់​ជំនួប​កំពូល​អឺរ៉ុប​-​តួ​ក​គី ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។

 
​ក្រុម​មេដឹកនាំ​ប្រទេស​អឺរ៉ុប​បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​តួ​ក​គី​លោក អា​មេ​ដ ដា​វូ​ទូ​គ្លូ (Ahmed Davutoglu) នៅ​ទីក្រុង​ព្រុ​ច​សែ​ល ដើម្បី​ពិភាក្សា​បញ្ចប់​កិច្ចព្រមព្រៀង​មួយ​ស្ដី​បញ្ហា​ជនភៀសខ្លួន​ស៊ី​រី​ដែល​កំពុងតែ​ស្ថិតនៅក្នុង​ប្រទេស​តួ​ក​គី​។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ អឺរ៉ុប​នឹង​ផ្ដល់ប្រាក់​៣​ពាន់​លាន​អឺរ៉ូ​ដល់​តួ​ក​គី​សម្រាប់​ការទប់ស្កាត់​លំហូរ​ជនភៀសខ្លួន​ពី​តួ​ក​គី​ទៅកាន់​អឺរ៉ុប​ក៏ដូចជា​ការលើកកម្ពស់​ស្ថានភាព​រស់នៅ​របស់​ជន​ភៀសខ្លួន​ស៊ី​រី​។​
 
​ជាមួយគ្នានេះដែរ ក្រៅពី​ការទទួល​លុយ ៣​ពាន់​លាន​អឺរ៉ូ  តួ​ក​គី​ក៏​នឹង​ទទួលបាន​ផល​ប្រ​យោ​ជ​ន៏​ផ្សេងទៀត​ជាពិសេស​បញ្ហា​ស្ដី​ទិដ្ឋាការ​រវាង​អឺរ៉ុប​និង​តួ​ក​គី​ដែល​បាន​ជាប់គាំង​កន្លងមក​។ ការចរចា​ពី​កិច្ចព្រមព្រៀង​ទិដ្ឋាការ​ដែល​នឹង​អនុញ្ញាត​ឲ្យ​មានការ​ធ្វើដំណើរ​ដោយ​សេរី​រវាង​តួ​ក​គី​និង​បណ្ដា​ប្រទេស​អឺរ៉ុប នឹងត្រូវ​បាន​ព​ន្លឿ​ន​ប្រសិនបើ​កិច្ចព្រមព្រៀង​ជនភៀសខ្លួន​បាន​ជោគជ័យ​។ នេះ​បើ​យោងតាម​ការ​ប្រាប់​របស់លោក​ស្រី មឺ​ហ្កែ​ល ។ 
 
​ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ នាយករដ្ឋមន្ត្រី​តួ​ក​គី​លោក អា​មេ​ដ ដា​វូ​ទូ​គ្លូ បាន​អរគុណ​មេដឹកនាំ​អឺរ៉ុប​ចំពោះ​កិច្ចព្រមព្រៀង​នេះ ដោយបាន​លើកឡើងថា វា​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​។ លោក ដា​វូ​ទូ​គ្លូ បន្តទៀតថា លុយ​ចំនួន​៣​ពាន់​លាន​ដុល្លារ​នេះ គឺ​មិនមែន​សម្រាប់​តួ​ក​គី​នោះទេ តែ​សម្រាប់​ជនភៀសខ្លួន​ស៊ី​រី​ទៅវិញ​។​
 
​ចំណែកឯ​អធិការបតី​អាល្លឺម៉ង់​លោកស្រី អង់​ហ្គែ​ឡា មើ​គែល ក៏បាន​បញ្ជាក់ដែរថា តួ​ក​គី​បានទទួល​ជំនួយ​តិចតួច​ពី​សហគមន៍​អន្តរជាតិ ហើយ​អឺរ៉ុប​គួរតែ​ជួយ​សម្រាល​បន្ទុក​នេះ​។ ហើយ​នៅមុន​កិច្ចប្រជុំ​បន្តិច លោកស្រី មឺ​ហ្កែ​ល បានលើកឡើង​ដែរ​ថា កិច្ចព្រមព្រៀង​រវាង​អឺរ៉ុប​និង​តួ​ក​គី​ក្លាយជា​ក្របខណ្ឌ​គតិយុត្តិ​សម្រាប់​លំហូរ​ជនភៀសខ្លួន​។ 
 
​គួរ​រម្លឹក​ផងដែរ​ថា ជនភៀសខ្លួន​រាប់លាន​នាក់​បាន​ឆ្លងកាត់​ទៅកាន់​តំបន់​អឺរ៉ុប​តាមរយៈ​ប្រទេស​តួ​ក​គី​ដែល​បាន​ក្លាយជា​ចំណុច​ឆ្លងកាត់​ដ៏​សំខាន់​របស់​ជនភៀសខ្លួន​មកពី​មជ្ឈិមបូព៌ា​ដែល​កំពុងតែ​ហែកហួរ​ដោយ​ភ្លើងសង្គ្រាម​។ ឯ​តួ​ក​គី​ខ្លួនឯង​ក៏បាន​ក្លាយជា​ជុំរំ​ជនភៀសខ្លួន​ប្រហែល​ពីរលាន​នាក់​ផងដែរ​៕
 
 
 

Tag:
 ជនភៀសខ្លួន​
© រក្សាសិទ្ធិដោយ thmeythmey.com