អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម៉ុង​តេ​ណេ​ក្រូ​ក្លាយជា​សមាជិក​ថ្មី​បក្សសម្ព័ន្ធ​ណា​តូ​
02, Dec 2015 , 4:29 pm        
រូបភាព
 ​សម្ព័ន្ធ​យោធា​ណា​តូ​បាន​យល់ព្រម​ទទួល​ប្រទេស​ម៉ុង​តេ​ណេ​ក្រូ​ជា​សមាជិក​ថ្មី​របស់ខ្លួន​ហើយ ។ ការយល់ព្រម​នេះ​បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​របស់​ណា​តូ​នៅ​ទីស្នាក់ការ​របស់ខ្លួន​ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល​នៅ​ថ្ងៃ​ពុធ​នេះ​។

 
​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ដែលមាន​អាមេរិក​នៅ​ពីក្រោយ​បាន​ព្រម​ស្នើ​ឲ្យ​ម៉ុង​តេ​ណេ​ក្រូ​ចូល​ជា​សមាជិក​ថ្មី​របស់ខ្លួន​។ ម៉ុង​តេ​ណេ​ក្រូ​ដែល​ធ្លាប់ជា​ផ្នែក​មួយ​របស់​អតីត​យូ​ហ្គោ​ស្លា​វី បាន​ព្យាយាម​ចូល​ជា​សមាជិក​អង្គការ​ណា​តូ​តាំងពី​ឆ្នាំ​២០០៩​មកម្ល៉េះ​។ ហើយ​កាលពី​ខែកញ្ញា​នេះ សភា​ម៉ុង​តេ​ណេ​ក្រូ​បានអនុម័ត​យល់ព្រម​ឲ្យ​ចូលរួម​ក្នុង​អង្គការ​ណា​តូ​ផងដែរ បើទោះជា​មាន​ការមិនយល់​ព្រម​ពី​ក្រុមប្រឆាំង​ដែល​ទាមទារ​ឲ្យ​មាន​ប្រជាមតិ​ជាមុនសិន​ក៏ដោយ​។​
 
​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​នៅ​ទីស្នាក់ការ​ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល អគ្គលេខាធិការ​ណា​តូ​លោក Jens Stoltenberg បាន​និយាយថា​៖ «​យើង​សូម​អបអរ​ប្រទេស​ម៉ុង​តេ​ណេ​ក្រូ​។ នេះ​គឺជា​ការចាប់ផ្ដើម​នូវ​សម្ព័ន្ធភាព​ដ៏​ល្អ​មួយ​»​។ ការចូល​ជា​សមាជិក​ណា​តូ​របស់​ម៉ុង​តេ​ណេ​ក្រូ​ក៏ត្រូវ​បានទទួល​ការគាំទ្រ​អាមេរិក​ដែលជា​បងធំ​របស់​ណា​តូ​ដែរ​។​
 
​យ៉ាងណាមិញ បំណង​ចូល​ជា​សមាជិក​បក្សសម្ព័ន្ធ​ណា​តូ​របស់លោក​នាយករដ្ឋមន្ត្រី Milo Djukanovic បាន​បង្ក​ឲ្យ​មាន​ការតវ៉ា​យ៉ាងខ្លាំង​ក្នុងប្រទេស​កាលពី​ខែតុលា​កន្លងមក​។ ក្រុមបាតុករ​បានទាមទា​រ​ឲ្យ​លោក Djukanovic ចុះ​ចេញពី​តំណែង ខណៈ​លោក​បាន​កាន់តំណែង​នេះ​អស់​រយៈពេល​ពីរ​ទសវត្ស​រ៍​មកហើយ ពោលគឺ​ទាំង​មុន​និង​ក្រោយ​ពេលដែល​ម៉ុង​តេ​ណេ​ក្រូ​បាន​ឯករាជ្យ​ពី​ស៊ែ​ប៊ី​ទៅទៀត​៕
 

Tag:
 ណា​តូ​
© រក្សាសិទ្ធិដោយ thmeythmey.com