អន្តរជាតិ
ABC៖ ចិន​នៅ​ពីក្រោយ​ការវាយប្រហារ​អ៊ី​ន​ធឺ​ណែ​តរបស់​រដ្ឋាភិបាល​អូស្ត្រាលី​
02, Dec 2015 , 4:57 pm        
រូបភាព
ដោយ:
​អូស្ត្រាលី​បាន​ចោទប្រកាន់​ចិន​ថា​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណែ​ត​លើ​ការិយាល័យ​ឧ​ត្តុ​និយម​ដែល​បាន​បង្ក​ការប៉ះពាល់​ដល់​ប្រព័ន្ធ​សន្តិសុខ​ជាតិ​របស់​អូស្ត្រាលី​។ នេះ​បើ​យោងតាម សារព័ត៌មាន​ក្នុងស្រុក ABC នៅ​ថ្ងៃ​ពុធ​នេះ​។​



​សារព័ត៌មាន​ក្នុងស្រុក​អូស្ត្រាលី ABC បាន​ផ្សព្វផ្សាយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន មានការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​លើ​ការិយាល័យ​ឧ​ត្តុ​និយម​ដែលជា​កន្លែង​រក្សា​ទិន្នន័យ​ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ​ជាតិ​។ ហើយ​ABC បន្តថា ការវាយប្រហារ​នេះ ពួកគេ​អាច​ជ្រៀតចូល​តាម​ប្រព័ន្ធ​ត​ភ្ជាប់​មួយ​ទៅកាន់​ក្រសួងការពារជាតិ​និង​បង្ក​ការប៉ះពាល់​ដល់​ព័ត៌មាន​សន្តិសុខ​ជាតិ​។ 

​ប្រភព​មិនមាន​អត្តសញ្ញាណ​ច្បាស់លាស់ បាន​ឲ្យ​ដឹង​ពី​ការវាយប្រហារ​នេះ​ថា សារព័ត៌មាន​ABC បាន​ចោទ​ប្រទេស​ចិន​ថា​ជា​អ្នក​នៅ​ពីក្រោយ​រឿងនេះ ពីព្រោះ​ចិន​តែ​ពាក់ព័ន្ធ​ការ​លួច​ព័ត៌មាន​ពី​ប្រព័ន្ធ​កុំព្យូទ័រ​របស់​រដ្ឋា​ពិ​បាល​អូស្ត្រាលី​នាពេល​កន្លងមក​។​

​ជុំវិញ​បញ្ហា​នេះដែរ តាម​សេចក្ដីថ្លែងការណ៍​មួយ​របស់​ការិយាល័យ​ឧតុនិយម​បានប្រកាសថា ខ្លួន​មិន​អត្ថា​អធិប្បាយ​លើ​បញ្ហា​សន្តិសុខ​ទេ តែ​ខ្លួន​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ទីភ្នាក់ងារ​សន្តិសុខ​។ ចំណែកឯ​ប៉ូលិស​សហព័ន្ធ​អូស្ត្រាលី​ក៏​មិនបាន​បកស្រាយ​អ្វី​ដែរ ដោយ​គ្រាន់តែ​អះអាងថា​ច្បាប់​មិន​អនុញ្ញាត​ប៉ុណ្ណោះ​។ 

​យ៉ាងណាមិញ ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​អូស្ត្រាលី តែ​ក្រុមហ៊ុន​ចិន​ជាច្រើន​ត្រូវបាន​បិទ​ចោល​ដោយ​អាជ្ញាធរ​អូស្ត្រាលី ក្រោម​ហេតុផល​សន្តិសុខ​។​

​សូម​បញ្ជាក់ដែរថា ចិន​តែងតែ​ត្រូវបាន​គេ​ចោទប្រកាន់ថា លួច​ប្រើ​បច្ចេកវិទ្យា​របស់ខ្លួន​ជ្រៀត​ចូលក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​អន​ឡាញ​ដើម្បី​កេង​យក​ផលប្រយោជន៍ ក៏ដូចជា​ធ្វើ​ចារកម្ម​ផងដែរ​។ ជាក់ស្ដែង​កាលពី​ខែមិថុនា​កន្លងមកនេះ អាមេរិក​បាន​ចោទប្រកាន់​ចិន ថា​បាន​ចូល​លួច​ទិន្នន័យ​សម្ងាត់​របស់​បុគ្គ​លិ​ក​ដែល​ធ្វើការ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ទាំងចាស់​ទាំងថ្មី​ជិត​៤​លាន​នាក់​៕


© រក្សាសិទ្ធិដោយ thmeythmey.com