អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​អូ​បា​ម៉ា​នឹង​វេតូ​ការសម្រេច​របស់​សភា​អាមេរិក​លើ​ករណី​ច្បាប់​កាត់បន្ថយ​ឧស្ម័ន​ផ្ទាំង​កញ្ចក់​
03, Dec 2015 , 8:39 am        
រូបភាព
 
​រដ្ឋសភា​របស់​អាមេរិក​បាន​បោះឆ្នោត​បដិសេធ​ច្បាប់​មួយ​របស់​រដ្ឋបាល​អូ​បា​ម៉ា​ដែល​សំដៅ​ដល់​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទាំង​កញ្ចក់​។ តែ​លោក អូ​បា​ម៉ា នឹង​ប្រើ​សិទ្ធិ​វេតូ​ជំទាស់​ការសម្រេចចិត្ត​នេះ​។

 
​រដ្ឋសភា​អាមេរិក​ដែល​គ្របដណ្ដប់​ដោយ​ក្រុម​សាធារណរដ្ឋ​បាន​បោះឆ្នោត​ទាត់ចោល​ច្បាប់​ស្ដីពី​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទាំង​កញ្ចក់​ដែល​តាក់តែង​ដោយ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា​។ ការសម្រេចចិត្ត​នេះ​គឺ​ចំ​ពេលដែល​មេដឹកនាំ​ពិភពលោក​កំពុង​ស្ថិតនៅ​ទីក្រុង​ប៉ារីស​ដើម្បី​ចរចា​រក​ដំណោះស្រាយ​ចំពោះ​បម្រែបម្រួល​អាកាសធាតុ​ពិភពលោក​។​
 
​ការទាត់ចោល​ច្បាប់​នេះ​ប្រៀបដូចជា​ការ​វាយ​សំពង​ទៅលើ​លោក អូ​បា​ម៉ា ដែល​ទើបតែ​ត្រលប់​មកពី​ចូលរួម​បើក​ការប្រជុំ​កំពូល​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​នៅ​បារាំង​។ តាមពិតទៅ​ច្បាប់​ដដែល​នេះ​ត្រូវ​បានអនុម័ត​ដោយ​ព្រឹទ្ធសភា​អាមេរិក​រួចទៅហើយ តែ​បែរជា​ជាប់គាំង​ត្រឹម​រដ្ឋសភា​ទៅវិញ​។ 
 
​យ៉ាងណាមិញ បើ​យោងតាម​សេត​វិមាន​បាន​បញ្ជាក់ថា ប្រធានាធិបតី អូ​បា​ម៉ា នឹង​ប្រើ​សិទ្ធិ​វេតូ​ដើម្បី​ជំទាស់​ការសម្រេចចិត្ត​នេះ​។ ហើយ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋសភា​អាមេរិក​មិនមាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​បដិសេធ​អំណាច​វេតូ​នោះទេ​។​
 
​ជុំវិញ​ការទាត់ចោល​នេះ សមាជិកសភា​ជាច្រើន​បាន​អះអាងថា បម្រែបម្រួល​អាកាសធាតុ​គឺ​មិនមែនជា​ស្នាដៃ​មនុស្ស​ឬក៏​បណ្ដាលមកពី​ការរីកចម្រើន​ខាង​ឧស្សាហកម្ម​និង​កសិកម្ម​នោះទេ​។ ហើយ​ពួកគេ​តែង​ប្រឆាំង​រាល់​ការត្រួតពិនិត្យ​ការបញ្ចេញ​ឧស្ម័ន​ផ្ទាំង​កញ្ចក់​ដែល​សំដៅ​កាត់​បន្ថយកម្ដៅ​ពិភពលោក​។ 
 
​យ៉ាងណាក៏ដោយ មិនមែន​ក្រុម​សមាជិកសភា​គណបក្ស​សាធារណរដ្ឋ​បាន​សុទ្ធតែ​បដិសេធ​ច្បាប់​នេះ​ទេ​។ សមាជិក​ម្នាក់​របស់​ប​ក្ស​សាធារណរដ្ឋ លោក Ed Whitfield និយាយ​នៅមុន​ពេល​បោះឆ្នោត​ថា យើង​ចង់​ឲ្យ​សភា​អនុម័ត​ច្បាប់​នេះ​ដើម្បី​បង្ហាញ​ពិភពលោក​ថា នៅ​អាមេរិក​ក៏មាន​ការមិនយល់ស្រប​លើ​ការទាញយក​ថាមពល​ដោយ​ជ្រុល​ហួស​ដែរ​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com