អន្តរជាតិ
បារាំង​ត្រៀម​បិទ​វិហារ​ឥស្លាម​គ្មាន​ច្បាប់​ច្រើន​កន្លែង​ក្រោម​ច្បាប់​ប្រកាសអាសន្ន​
03, Dec 2015 , 8:19 pm        
រូបភាព
​អាជ្ញាធរ​បារាំង​ត្រៀម​បិទ​វិហារ​ឥស្លាម​ចន្លោះ​ពី​១០០​ទៅដល់ ១៦០​កន្លែង​នៅ​ប៉ុន្មាន​ខែ​ខាងមុខ ដោយ​អះអាងថា​ជា​វិធាន​ការរក្សាសន្តិសុខ​និង​ស្របតាម​ច្បាប់​ប្រកាសអាសន្ន​ផង​។ វិហារ​ដែល​នឹង​អាច​ប្រឈមមុខ​ការបិទ​ឈប់​ដំណើរការ​ជា​វិហា​រដែ​លបើក​គ្មាន​ការអនុញ្ញាត​និង​ជាទី​កន្លែង​ដែល​ផ្សព្វផ្សាយ​មនោគមន៍វិជ្ជា​ជ្រុលនិយម​ផងដែរ​។



លម្អិតព័ត៌មានដោយ លោក មុំ ពិទូរ្យ៖



​មេដឹកនាំ​សាសនា​ឥស្លាម​នៅ​បារាំង​លោក Hassan El Alaoui បាន​ថ្លែងប្រាប់​សារព័ត៌មាន Al Jazeera ថា​វិហារ​ឥស្លាម​រហូតដល់​១៦០​វិហារ ដែល​បើក​ដោយ​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ អាច​នឹងត្រូវ​អាជ្ញាធរ​បិទ​ឈប់​ឲ្យ​ដំណើរការ​ក្រោម​ច្បាប់​ប្រកាសអាសន្ន​។ មេដឹកនាំ​រូបនេះ បានបញ្ជាក់​ផងដែរ​ថា វិហារ​មួយចំនួន​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ផ្សព្វផ្សាយ​និង​ប​ញ្ច្រៀ​ប​គំនិត​ជ្រុលនិយម និង​ស្អប់ខ្ពើម រហូត​ជំរុញ​ឲ្យ​ពួកគេ​ប្រើប្រាស់​ហិង្សា​ផង​ក៏មាន​។

​នៅក្នុង​ប្រទេស​បារាំង​បច្ចុប្បន្ននេះ​មាន​វិហារ​ឥស្លាម​សរុប​២៦០០​។ ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ ១៣ វិច្ឆិកា វិហារ​ឥស្លាម​ពីរ ឬ​បី​កន្លែង​ត្រូវបាន​អាជ្ញាធរ​បិទ​រួចទៅហើយ ក្រោម​ហេតុផល​រក្សា​សន្តិសុខ​។ ប៉ុន្តែ​នៅពេល​ខាងមុខនេះ​អាជ្ញាធរ​នឹង​បន្ត​ដាក់​អនុវត្ត​វិធានការ​នេះ​ទៀត ដោយ​អាច​បន្ត​បិទ​វិហារ​ដែល​គ្មាន​ការអនុញ្ញាត​ផ្សេងទៀត​។​

​មេដឹកនាំ​សាសនា​ខាងលើ​បាន​បញ្ជាក់ថា លោក និង​អាជ្ញាធរ​បារាំង​កំពុង​បន្ត​ជជែក​ពិភាក្សាគ្នា​ជុំវិញ​ចំនួន​វិហារ​ដែល​ត្រូវ​បិទ ដោយ​ពួកគេ​ធ្វើ​សកម្មភាព​ខុសច្បាប់​ដោយ​គ្មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​។​លោក​បន្ថែមថា ការបិទ​វិហារ​កន្លងមកនេះ ត្រូវបាន​ធ្វើឡើង​ដោយ​អនុលោម​តាម​បទបញ្ជា​ដែលមាន​ស្រាប់​ប្រឆាំងនឹង​សកម្មភាព​ខុសច្បាប់​ប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ​ជុំវិញ​ការវាយប្រហារ​នៅ​បារាំង​កន្លងមក លោក  Hassan El Alaoui  បាន​បកស្រាយ​ផងដែរ ព្រោះ​មាន​អ្នកនយោបាយ​បារាំង​មួយចំនួន​ព្យាយាម​ទាញ​ភ្ជាប់​ករណីនេះ​ជាមួយ​សាសនា​ឥស្លាម ដើម្បី​បង្កើត​គំនិត​ស្អប់ខ្ពើម​និង​រើសអើង​ប្រជាជន​ឥស្លាម​ក្នុងសង្គម​បារាំង​។ លោក​អះអាងថា ក្រុម​ភេរវជន​ទាំងនោះ​ជា​បណ្តាញ​ជន​អន្ធពាល ជា​ចោរ ឬ​អាចជា​ក្រុម​ជួញដូរ​គ្រឿងញៀន ហើយ​យក​សាសនា​ធ្វើជា​ខែល​ប៉ុណ្ណោះ​។ ដែល​នេះ​បញ្ជាក់​ច្បាស់​ថា វា​មិនមែនជា​រឿង​សាសនា​ឡើយ តែ​វា​ជា​សកម្មភាព​ភេរវកម្ម​និង​បញ្ហា​សន្តិសុខ​តែប៉ុណ្ណោះ​។

​ប៉ុន្តែ បច្ចុប្បន្ននេះ ទោះជា​មានការ​បកស្រាយ​ករណី​វាយប្រហារ​មិន​ពាក់ព័ន្ធ​រឿង​សាសនា​មែន អ្នកនយោបាយ​និង​ប្រជាជន​បារាំង​មិន​ខុសពី​ប្រជាជន​មួយចំនួន​នៅ​រដ្ឋ​អឺរ៉ុប​ខ្លះ ហាក់​បង្ហាញ​អារម្មណ៍​ស្អប់ខ្ពើម និង​រើសអើង​ប្រជាជន​ឥស្លាម​ភាគតិច​ដែរ​។ អាច​ថា ពួកគេ​មិនអាច​មានលទ្ធភាព​បែង​ចែក​រវាង​ក្រុម​ជ្រុលនិយម និង​ប្រជាជន​ឥស្លាម​ធម្មតា​៕   


© រក្សាសិទ្ធិដោយ thmeythmey.com