ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ឈាង វុន​៖​តំណាង​សភា​តំបន់​អាស៊ី APA ភ្លេចមុខ​បក្សប្រឆាំង​កម្ពុជា​ហើយ​
08, Dec 2015 , 4:17 pm        
រូបភាព
ដោយ: ថ្មីៗ
 
​អ្នកនាំពាក្យ​គណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋសភា លោក ឈាង វុន អះអាងថា សមាជិកសភា​តំបន់​អាស៊ី​២២​ប្រទេស ជា​សមាជិក APA ជាច្រើនរូប​ ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​លើក​ទី​២ នៃ​មហាសន្និបាត APA  មិនបាន​និយាយ​សួររក​គណបក្សប្រឆាំង​នៅ​កម្ពុជា​នោះទេ។ លោក ឈាង វុន បញ្ជាក់ថា ការមិនសួររកនេះ​ប្រហែលជា​ពួកគេ ភ្លេច​មុខ​គណបក្សប្រឆាំង​ហើយ​។​


​ថ្លែង​ចំពោះមុខ​អ្នកកាសែត លោក ឈាន វុន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« ប្រទេស​យើង​មាន​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ច្បាស់លាស់ បាន​ប្រធានសភា​គេ​នីមួយៗ​ហ៊ាន​មក​ប្រទេស​យើង ។ ដូចនេះហើយ​មិនមាន​ពាក់ព័ន្ធ​ទេ រឿង​សង្គ្រោះ​ជាតិ ។ ខ្ញុំ​យល់ថា ប្រហែលជា​គេ​ភ្លេច​(​គណបក្ស​សង្គ្រោះ​ជាតិ​)​ហើយ ព្រោះ​អត់​ឮសូរ​គេ​និយាយ​ផង​»​។​
 
​លោក ឈាង វុន បន្ថែមថា បើទោះជា​គណបក្សប្រឆាំង​ពហិការ មិន​ចូលរួម​ក្នុង​មហា​សន្និបាតសភា​តំបន់​អាស៊ី APA នេះ​ក៏ដោយ ក៏​មិនមាន​បញ្ហា​អ្វីដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​រៀបចំ​កិច្ចប្រជុំ​នេះឡើយ ព្រោះ​រដ្ឋសភា​កម្ពុជា​បាន​ត្រៀម​រៀបចំ​មហាសន្និបាត​នេះ ចំនួន​៣​ឆ្នាំ​មកហើយ​ដើម្បី​ឲ្យ​មាន​ដំណើរការ​បានល្អ​។ បើតាម​លោក ឈាង វុន បញ្ហា​ដែល​សំខាន់​ជាង​នេះ គឺ​កម្ពុជា​ត្រូវ​រៀបចំ​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​ឲ្យ​បានល្អ​ដល់​តំណាង​សភា​ដែល​ចូលរួម​មហា​សន្និបាតសភា​តំបន់​អាស៊ី APA​នេះ​ទៅវិញ​ទេ​។​
 
​កន្លងមក​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​អះអាងថា ពួកគេ​នឹងមិន​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​សភា​តំបន់​អាស៊ី APA នេះឡើយ ដោយសារតែ​មិនមាន​ដំណោះស្រាយ​នយោបាយ​រវាង​គណបក្ស​ទាំងពីរ​។​
 
​គួរ​បញ្ជាក់ថា មហាសន្និបាត​លើក​ទី​៨ តំបន់​អាស៊ី APA ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ គឺ​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​៧ -១២ ខែធ្នូ នៅ​សណ្ឋាគារ​សុខា និង​រ៉េស៊ីដង់​៕
 
 

Tag:
 ឈាង វុន
© រក្សាសិទ្ធិដោយ thmeythmey.com