អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
គីមជុងអ៊ុន៖ កូរ៉េខាងជើង​ក្លាយ​ជា​មហាអំណាចនុយក្លេអ៊ែរដ៏ខ្លាំងក្លា ព្រោះមានគ្រាប់បែកអ៊ីដ្រូសែន
10, Dec 2015 , 12:16 pm        
រូបភាព
ដោយ: ថ្មីៗ
 មេដឹកនាំ​កំពូលរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាស​ជាផ្លូវការថា កូរ៉េខាងជើង​មាន​គ្រាប់បែកអ៊ីដ្រូ​សែន​ ដែលនេះបញ្ជាក់ថា រដ្ឋឯកោមួយនេះក្លាយជាមហាអំណាច​នុយក្លេអ៊ែរដ៏ខ្លាំងក្លាមួយលើលោក។ ​មេដឹកនាំរូបនេះក៏បញ្ជាក់ផងដែរថា​ គ្រាប់បែ​ក​នេះអាចប្រើប្រាស់ដោយបំពាក់ជាមួយ​ក្បាលគ្រាប់នុយក្លេអ៊ែរផង។ នេះបើយោងតាមសារព័ត៌មានរដ្ឋ​រុស្ស៊ីដែល​បានស្រង់​សម្តី​ ទីភ្នាក់ងារ​ព័ត៌មានមជ្ឈិម​កូរ៉េខាងជើង។


លោក គីម ជុងអ៊ុន បានប្រកាស​ជាផ្លូវការ​ថា ប្រទេសកូរ៉េខាងជើង​បាន​សម្រេចជោគជ័យផលិត​គ្រាប់​បែក​អ៊ីដ្រូសែន។ ហើយលោក សង្កត់ធ្ងន់ថា ​ប្រទេស​លោកក៏អាចប្រើប្រាស់​គ្រាប់បែក​នេះបំពាក់ជាមួយក្បាល​គ្រាប់​នុយក្លេអ៊ែរ ដើម្បីការពារអធិបតេយ្យ​ខ្លួន ប្រឆាំងរាល់ការឈ្លានពានពីបរទេស។ កូរ៉េខាងជើង​ចាត់ទុកថា ជោគជ័យនេះជួយឲ្យខ្លួនក្លាយជាមហាអំណាច​នុយក្លេអ៊ែរដ៏ខ្លាំងក្លាមួយលើលោក។

យោងតាម​ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងជើង ​លោក គីម ជុងអ៊ុន ប្រកាស​បែបនេះក្នុងពេលដែលលោកទៅទស្សនកិច្ចនិងត្រួតពិនិត្យ​រោងចក្រ​ផលិតអាវុធមួយកន្លែង​​ដែល​ទើបត្រូវ​គេបង្កើន​​សមត្ថភាពនិងកែលម្អរដែលមាន​ទីតាំងនៅ​រដ្ឋធានីព្យុងយ៉ាងនៅថ្ងៃព្រហស្បតិ៍នេះ។ លោក គីម ជុងអ៊ុន ថ្លែងថា៖« យើងអាចមានលទ្ធភាពសម្រេចបានជោគជ័យដោយប្រែក្លាយ​ប្រទេសយើង​ជាមហាអំណាចនុយក្លេអ៊ែរ ដែលអាច​ការពារ​ឯករាជ្យ និង​បូរណភាពដែនដីប្រទេសយើងដោយ​ប្រើប្រាស់​អំណាចនុយក្លេអ៊ែរនិងគ្រាប់បែក​អ៊ីដ្រូសែន»។

ទោះជា​ភាគី​កូរ៉េខាងជើង​បាន​ប្រកាស​បែបនេះក៏ដោយ កន្លងមក​មិនទាន់មាន​ការទទួលស្គាល់ជាផ្លូវការ​ទេ ថា​រដ្ឋឯកោមួយនេះពិតជាមានសមត្ថភាពផលិតគ្រាប់បែកអ៊ីដ្រូសែននេះពិត​ឬអត់ទេ។ របបដឹកនាំ​ក្រុងព្យុងយ៉ាងបានប្រកាសតាំងពីឆ្នាំ ២០០៥ ថាខ្លួនផលិត​បាន​អាវុធនុយក្លេអ៊ែរ ហើយជាបន្តបន្ទាប់​រដ្ឋមួយនេះបាន​បាញ់សាកល្បងអាវុធរបស់ខ្លួន​ ពោលគឺក្នុងឆ្នាំ ២០០៦ , ២០០៩ និង ២០១៣ ។​ សហគមន៍អន្តរជាតិ បាន​ថ្កោលទោស​ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរនេះ ហើយ​បាន​ដាក់ទណ្ឌកម្មប្រឆាំងប្រទេសនេះជាបន្តបន្ទាប់៕
 
 

Tag:
 នុយក្លេអ៊ែរ
 គីមជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com