អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ីស្រាអែល ជឿថា​ដូ​ណា​ល់​ត្រាំ​អាច​ក្លាយជា ប្រធានាធិបតី​អាមេរិក​?
10, Dec 2015 , 4:01 pm        
រូបភាព
​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) គ្រោង​នឹង​ជួប​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេន​ចា​មិន ណេ​តាន់ យ៉ា​ហ៊ូ (Benjamin Netanyahu) នៅ​ថ្ងៃ​២៨​ខាងមុខ​។ អ៊ីស្រាអែល​ជួប បេក្ខជន​រូបនេះ អាច​ដោយសារ​លោក​មាន​សក្តានុពល​ក្នុងការ​ដណ្តើម​តំណែង​ប្រធានាធិបតី​។ តែ​ប្រធានបទ​នៃ​ជំនួប​រវាង​អ្នកនយោបាយ​អាមេរិក​និង​មេដឹកនាំ​អ៊ីស្រាអែល​មិនត្រូវ​គេ​ទម្លាយ​ឲ្យ​ដឹង​មុន​ទេ​។


លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ 



​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ការិយាល័យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ដែល​ចេញ​កាលពី​ថ្ងៃ​ពុធ ទី​០៩  បេក្ខជន​ប្រធានាធិបតី​នាំមុខគេ​នៃបក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់​ត្រាំ នឹង​ជួប​ជជែក​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មិន ណេ​តាន់​យ៉ា​ហ៊ូ នៅ​ថ្ងៃទី ២៨​ខែធ្នូ​ខាងមុខ។ គេ​សន្និដ្ឋានថា ជំនួប​នេះ​អាចមាន​លក្ខណៈពិសេស​ដោ​យ​សារ​តែ​អ៊ីស្រាអែល​មើលឃើញ​ពី​សក្តានុពល​របស់​បេក្ខជន​រូបនេះ ដែល​អាច​ត្រូវ​គណបក្ស​ចាត់តាំង​ទៅ​ប្រកួត​យក​តំណែង​ប្រធានាធិបតី​នៅ​ឆ្នាំក្រោយ​ផង​។​
 
​ជំនួប​នេះ​ត្រូវបាន​គេ​ប្រកាសឡើង​ស្របពេល​ដែល​គ្រប់គ្នា​ចាប់ផ្តើម​ទិតៀន​បេក្ខជន​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ ក្រោយពេល​លោក​ប្រកាស​ស្នើ​ឲ្យ​មានការ​ហាមប្រាម​រាល់​ប្រជាជន​ម៉ូ​ស្លី​ម​ចូលក្នុង​ទឹកដី​អាមេរិក​កាលពីដើម​សប្តាហ៍​កន្លងទៅ​។ ប៉ុន្តែ​មន្ត្រី​អ៊ីស្រាអែល​អះអាងថា កាលវិភាគ​នៃ​ជំនួប​នេះ​ត្រូវបាន​គេ​រៀបចំ​ទុក​មុន​ពីរ​សប្តាហ៍​ឯណោះ​។​
 
​គេ​សង្កេតឃើញ​មានការ​ថ្កោលទោស​ចំពោះ​សុន្ទរកថា​ដែល​ប៉ះពាល់​ដល់​សេរីភាព​សាសនា​ដែល​ថ្លែង​ឡើង​ដោយ​មហាសេដ្ឋី​អាមេរិក​ខាងលើ ពី​ខាង​ភាគី​អ៊ីស្រាអែល​ដែរ​។ អ៊ីស្រាអែល​សង្កត់ធ្ងន់ថា​ខ្លួន​គោរព​រាល់​សាសនា​ទាំងអស់ និង​ខិតខំ​ប្រឹងប្រែង​ធានា​រាល់​សិទ្ធិសេរីភាព​ប្រជាជន​ទាំងអស់​រួមទាំង​សេរីភាព​សាសនា​ផង​។ 
 
​ការរៀបចំ​ជំនួប​រវាង​មេដឹកនាំ​អ៊ីស្រាអែល​ជាមួយ​បេក្ខជន​ប្រធានាធិបតី​រូបនេះ​មាន​មូលហេតុ​សំខាន់​នៅ​ពីក្រោយ​ដែរ​។ អ្វីដែល​គ្រប់គ្នា​មើលឃើញ លោក ដូ​ណា​ល់ ​ត្រាំ បានក្លាយ​បេក្ខជន​ដែលមាន​ប្រជាប្រិយភាព​ខ្ពស់​ជាងគេ​ក្នុង​បក្ស​សាធារណរដ្ឋ ថ្វីបើ​អ្នកនយោបាយ​រូបនេះ​និយាយស្តី​មិនចេះ​គិត​ក៏ដោយ​។ បើសិន​គ្មាន​ការ​ថ្លែង​សុន្ទរកថា និង​បង្កើត​គោលនយោបាយ​ចម្រូងចម្រាស់​រើសអើង​សាសនា​នោះទេ លោក​អាច​នឹងមាន​លទ្ធភាព​ច្រើន​ដើម្បី​ទទួលបាន​ការតែងតាំង​សម្រាប់​ការប្រកួតប្រជែង​ជាមួយ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ថែមទៀត​។​
 
​ទោះជា​យ៉ាង ក៏ដោយ អ៊ីស្រាអែល​បាន​ថ្លែង​ការពារ​ជាមុន​ថា ការរៀបចំ​ជំនួប​បែបនេះ​ជា​ទម្លាប់ ហើយ​អ៊ីស្រាអែល​អញ្ជើញ​រាល់​បេក្ខជន​ទាំងអស់​មកពី​បក្ស​ទាំងពីរ ដោយ​មិន​សំដៅលើ​បេក្ខជន​ណាមួយ​ឬ​បក្ស​ណាមួយ​នោះទេ​។  
 
​ប៉ុន្តែ​ខាង​អ៊ីស្រាអែល​មាន​ទំនោរ​ទៅរក​បេក្ខជន​បក្ស​សាធារណរដ្ឋ ហើយ​រដ្ឋ​មួយ​នេះ​ក៏​លួច​រំពឹង​ចង់​ឲ្យ​បក្ស​សាធារណរដ្ឋ​ឈ្នះឆ្នោត​ប្រធានាធិបតី​នៅពេល​ខាងមុខ​ផងដែរ​។ ទំនាក់ទំនង​អាមេរិក និង​អ៊ីស្រាអែល ដែលជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​អាមេរិក​ដែរនោះ ធ្លាក់ចុះ​ខ្លាំង​ក្នុង​អាណត្តិ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។ អ៊ីស្រាអែល ទើសចិត្ត​ខ្លាំង​នៅពេលដែល​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ទាមទារ​ឲ្យ​ខ្លួន​ទទួលយក​ដំណោះស្រាយ​រដ្ឋ​ពីរ​ដើម្បី​បញ្ចប់​ជម្លោះ​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន​។ រដ្ឋ​ជ្វី​វ​មួយ​នេះ មិនដែល​ចង់​ឲ្យ​មានការ​ទទួលស្គាល់​ប៉ា​ឡេ​ស្ទី​ន ជា​រដ្ឋ​ផ្លូវការ​នោះឡើយ​ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សន្តិសុខ​រប​ស់​ខ្លួន​នៅពេល​អនាគត​ទៀត​។ 
 
​ហើយ​រឿង​ដែល​អ៊ីស្រាអែល​មិន​ចង់ឃើញ​នោះ គឺ​បេក្ខជន​នាំមុខ​បក្ស​ប្រជាធិបតេយ្យ​លោកស្រី​ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី ព្រោះ​និយាយ​ជារួម លោកស្រី ដែល​ធ្លាប់ជា​រដ្ឋមន្ត្រីការបរទេស​នោះ មិនមាន​ជំហរ​ខុសគ្នា​ពី​លោក អូ​បា​ម៉ា នោះឡើយជុំវិញការដោះស្រាយបញ្ហា​អ៊ីស្រាអែល​ប៉ាឡេស្ទីន​៕

Tag:
 ដូ​ណា​ល់ ត្រាំ
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com