អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេ ISIS ជាប់​លេខ​២​សម្រាប់​ពាន Person of the Year បន្ទាប់ពី​អធិការបតី​អាល្លឺម៉ង់​
10, Dec 2015 , 4:42 pm        
រូបភាព
 
​មេដឹកនាំ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ (Daesh) លោក Abu Bakr al-Baghdadi ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​២ បន្ទាប់​អធិការបតី​អាល្លឺម៉ង់​លោកស្រី អែន​ជែ​ឡា មឺ​ហ្កែ​ល (Angela Merkel) សម្រាប់​ពាន​មនុស្ស​សំខាន់​ប្រចាំឆ្នាំ​( Person of the Year) ប្រចាំ​ទស្សនាវដ្ដី Time​។ នេះ​គឺជា​លើកដំបូង​ក្នុង​រយៈពេល​២៩​ឆ្នាំ ដែលមាន​ស្ត្រី​ទទួលបាន​ពាន​នេះ​។​

 
​ទស្សនាវដ្ដី Time បានជ្រើសរើស​អធិការបតី​អាល្លឺម៉ង់​លោកស្រី អែន​ជែ​ឡា មឺ​ហ្កែ​ល (Angela Merkel) ជា​ជ័យលាភី​លេខ​មួយ​សម្រាប់​តំណែង Person of the Year ប្រចាំឆ្នាំ​២០១៥​នេះ​។ មេដឹកនាំ​រូបនេះ​បានឈ្នះ​គូប្រជែង​ផ្សេងទៀត​ដូចជា ប្រធានាធិបតី​រុស្សី វ្ល៉ា​ឌី​មៀ ពូ​ទីន និង​បេក្ខជន​ប្រធានាធិបតី​អាមេរិក​មកពី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ ជាដើម​។ តែ​អ្វីដែល​ចម្លែក​នោះ មេដឹកនាំ​ក្រុម​ភេរវជន​ដែ​ស្ហ លោក Abu Bakr al-Baghdadi បែរជា​ស្ថិតនៅ​ចំណាត់​លេខ​រៀង​ទី​២ បន្ទាប់ពី​លោកស្រី Merkel គឺ​នៅលើ​ឥស្សរជន​ល្បី​ផ្សេងៗ​ទៅទៀត​។​
 
​ការជ្រើសរើស​លោក al-Baghdadi ស្ថិតក្នុង​លំដាប់​ទី​២ សម្រាប់​តំណែង Person of the Year បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ស្រឡាំងកាំង ដោយសារតែ​អំពើ​សាហាវឃោរឃៅ​របស់​ក្រុម​ជ្រុលនិយម​ដែ​ស្ហ នាពេល​កន្លងមក​។ ទស្សនាវដ្ដី Time បាន​សរសេរ​ក្នុង​អត្ថបទ​ខ្លួន​ថា យុវជន​ជី​ហាដ​បានមក​ប្រមូល​ផ្ដុំគ្នា​តាម​ការហៅ​របស់គាត់ (al-Baghdadi) និង​ប្រកាស​ខ្លួន​ជា​សម្ព័ន្ធភាព​នឹង al-Baghdadi ទៀតផង​។ ត្រង់នេះ​ប្រហែល​មានន័យថា មេដឹកនាំ​ក្រុម​ជ្រុលនិយម​រូបនេះ មាន​សមត្ថភាព​អស្ចារ្យ​ដែល​អាច​ប្រមូល​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ឲ្យ​ដើរ​តាម​ខ្លួន​និង​បង្ក​ជា​ព្យុះភ្លៀង​ដែល​នាំ​ឲ្យ​ប្រទេស​មហាអំណាច​វិលមុខ​យ៉ាងខ្លាំង​។  
 
​យ៉ាងណាក៏ដោយ នេះ​ក៏​មិនមែនជា​លើកទីមួយ​ទេ​ដែល​ទស្សនាវដ្ដី Time បាន​រើស​បុគ្គល​មាន​បុគ្គលិកលក្ខណៈ​សាហាវ​បែបនេះ​ទេ​។ កាលពី​ឆ្នាំ​១៩៣៨ ទស្សនាវដ្ដី​នេះ​បាន​ជ្រើស​មេដឹកនាំ​ណា​ស៊ី​ផ្ដាច់ការ​អាល្លឺម៉ង់​លោក អា​ដុ​ហ្វ ហ៊ី​ត្លែ (Adolf Hitler) សម្រាប់​តំណែង​ម្ចាស់​ពាន់​មនុស្ស​សំខាន់​ប្រចាំឆ្នាំ​១៩៣៨ ។  
 
​ចំណែកឯ លោកស្រី Merkel ត្រូវបាន​ទស្សនាវដ្ដី Time លើកសរសើ​ចំពោះ​ការដោះស្រាយ​វិបត្តិ​នៅ​អឺរ៉ុប​ដូចជា វិ​ប​ត្ត​ជនភៀសខ្លួន បញ្ហា​បំណុល​ក្រិច ក៏ដូចជា​ការប្រឆាំង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​។ លោកស្រី Nancy Gibbs ដែលជា​ប្រធាន​ការី​និពន្ធ​ប្រចាំ​ទស្សនា​វ​ដ្តី Time បាន​និយាយថា ៖« លោកស្រី មឺ​ហ្កែ​ល មាន​លក្ខណៈពិសេស​ជាច្រើន​ដូចជា មនុស្សធម៌ ចិត្ត​ទូលាយ និង​អត់ធ្មត់​ខ្ពស់ ដែល​នេះ​បានបង្ហាញ​ពី​ភាពខ្លាំង​របស់លោក​ស្រី​ដើម្បី​ជួយ​អ្នកដទៃ ច្រើនជាង​ការបំផ្លាញ​អ្នកដទៃ​»​។​
 
  គួរ​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​១៩២៧​មក​ទស្សនាវដ្ដី Time បាន​សម្លឹងមើល​បុគ្គល​ជុំវិញ​ពិភពលោក​ដើម្បី​ផ្តល់​ចំណាត់ថ្នាក់​ជាម​នុស្ស​សំខាន់​ប្រចាំឆ្នាំ ហើយ​ចាប់ពីពេលនោះ​មក មានតែ​ស្ត្រី​៤​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ជ្រើសរើស​៕
 
 
 

Tag:
 Person of the Year
  Abu Bakr al-Baghdadi
  Angela Merkel
© រក្សាសិទ្ធិដោយ thmeythmey.com