ពីនេះ ពីនោះ
ឈ្លូស បន្លឺសំឡេង​ខ្លាំង ត​តប​គ្នា​ដល់​រយៈពេល​១​ម៉ោង ដែល​លឺ​រហូតដល់ ១​គីឡូម៉ែត្រ​
12, Dec 2015 , 2:00 pm        
រូបភាព
ដោយ: ថ្មីៗ

​ភិនភាគ​៖ ក្នុង​ប្រភេទ​ជម្រុះ​ស្នែង Antlers ឈ្លូស​ជា​ប្រភេទ​សត្វ​ដែលមាន​មាឌតូច និង​មាន​ស្នែង​ខ្លី​ប្រវែង​ពី ១០-១៥​ស​.​ម ព្រមទាំង​ប្រវែង​ខ្នែង​មិន​លើសពី ៥​ស​.​ម​។ ឈ្លូស​ញី​គ្មាន​ស្នែង​ដូច​ឈ្លូស​ឈ្មោល​ទេ គឺ​គ្រាន់តែ​លេចចេញ​ជា​ដុំ​ពក ឆ្អឹង​តូច​នៅ​ពីលើ​ក្បាល​ជាមួយនឹង​រោម​កញ្ចុំ​ប៉ុណ្ណោះ​។ ឈ្លូស​ញី និង​ឈ្មោល​មាន​ចង្កូម​ដូចគ្នា ប៉ុន្តែ​ឈ្មោល​មាន​លក្ខណៈ​វែង​ជាង ដែលជា​ទូទៅ​វា​ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធ​ជាមួយ​គូប្រជែង នៅពេល​ដណ្តើម​នៅ​រដូវ​បន្ត​ពូជ​។ វា​មាន​រោម​ពណ៌​ត្នោត​-​លឿង ហើយ​មាន​ភាព​ស្រគាំ​នៅ​ផ្នែក​ខាងលើ និង​ព្រលែត​នៅ​ផ្នែក​ខាងក្រោម​។ នៅលើ​ផ្ទៃមុខ បង្ហាញ​នូវ​ខ្សែ​ឆ្នូត​ពណ៌​ខ្មៅ​ស្ថិត​នៅជាប់​ចង្អូរ​ស្នែង​ទាំងពីរ​។ នៅ​ខាងលើ​កន្ទុយ​មាន​ពណ៌​ក្រហម និង​ខាងក្រោម​មាន​ពណ៌​ស​។



ជីវសាស្ត្រ​៖ ឈ្លូស​អាច​រស់នៅ​គ្រប់​ប្រភេទ​ព្រៃ​។ ឈ្លូស​បន្លឺសម្លេង​ខ្លាំង និង​ត​តប​គ្នា​រហូតដល់​រយៈពេល​១​ម៉ោង ប្រសិនបើ​វា​ជួប​នូវ​គ្រោះអាសន្ន ហើយ​សំឡេង​នេះ​អាច​លឺ​រហូតដល់ ១​គ​.​ម​។ ចំណី​របស់​វា​មានដូចជា​មែកឈើ​តូចៗ ពិសេស​ស្លឹក​រុក្ខជាតិ ផ្លែឈើ​ដែល​ធ្លាប់ និង​ដំណុះ​កូនឈើ​។ នៅ​តំបន់​ខ្លះ វា​ធ្វើ​សកម្មភាព និង​ចេញ​រក​ចំណី​នៅពេល​ថ្ងៃ ប៉ុន្តែ​វា​អាចធ្វើ​សកម្មភាព និង​រក​ចំណី​ពេញ​មួយ​យប់ ប្រសិនបើ​មានការ​រំខាន​។ រដូវ​បន្ត​ពូជ​ប្រព្រឹត្តទៅ​នៅ​ខែធ្នូ រហូតដល់​ខែមករា និង​ផ្តល់កំណើត​កូន​មួយ​ក្បាល​ជួនកាល​ភ្លោះ ប៉ុន្តែ​មាន​កម្រ​ណាស់​។

​រប៉ាយ​រស់នៅ​៖
នៅ​កម្ពុជា វា​មាន​សម្បូរ​ស្ទើរ​គ្រប់​ទីកន្លែង​។ រប៉ាយ​ភាគច្រើន​ចំពោះ​សត្វ​ប្រភេទ​នេះ​មាននៅ​ប្រទេស​ឥណ្ឌា រហូតដល់​ប្រទេស​ចិន​ភាគខាងត្បូង តំបន់​អាស៊ីអាគ្នេយ៍ ព្រមទាំង​កោះ​ស៊ូ​ម៉ា​ត្រា កោះ​ចា​វា និង​កោះ​បាលី​។

​ស្ថានភាព​អភិ​ក្ស​៖ ឈ្លូស​ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ​។ ប្រភេទ​នេះ​ងាយ​រងគ្រោះថ្នាក់​ដោយសារ​ការ​បរបាញ់ ឬ​ការ​បណ្តើរ​ឆ្កែ​ទាក់​ចាប់ ដើម្បី​យក​សាច់​ធ្វើជា​អាហារ និង​គ្រោះថ្នាក់​ដោយសារ​ពពួកសត្វ​ស៊ីសាច់​ជា​អាហារ​។ ប្រភេទ​នេះ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN(LR) ថា​ជា​ប្រភេទ​អាស្រ័យ​លើ​កិច្ច​អភិរក្ស​នៅតាម​តំបន់​ជាក់លាក់​ដែល​វា​រស់នៅ​។ 


© រក្សាសិទ្ធិដោយ thmeythmey.com