ពីនេះ ពីនោះ
បុណ្យ​សមុទ្រ​៖ អុំទូក​ទទួល​បានការ​គាំទ្រ ពី​កីឡាករ​ជា​អ្នកនេសាទ​
12, Dec 2015 , 12:57 pm        
រូបភាព

​កំពត​៖ នៅ​ថ្ងៃទី​២ នៃ​បុណ្យ​សមុទ្រ​ឆ្នាំនេះ កីឡា​អុំទូក បានចាប់ផ្តើម​មានការ​ចូលរួម​ទស្សនា​ពី​ប្រជាពលរដ្ឋ​គ្រប់ទិសទី​ជាច្រើន​កុះករ​។ កីឡា​នេះ បានរៀបចំ​ឡើង ដោយ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា ដោយមាន​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត ចូលរួម​អុំ​ប្រ​ណាំ​យ៉ាង​សប្បាយរីករាយ​។​



លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មកា​ជាតិ​អូឡាំពិក​កម្ពុជា បាន​ថ្លែងថា នៅក្នុង​ឱកាស​នៃ​ទិវា​បុណ្យ​សមុទ្រ​នេះ គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា បានរៀបចំ​កីឡា​ជាច្រើន​ប្រភេទ               ជាពិសេស គឺ​ផ្តោតលើ​ប្រភេទ​កីឡា​ឆ្នេរសមុទ្រ (Beach Sport) និង​កីឡា​ប្រពៃណី​របស់​ប្រជាជន​នៅ​តំបន់​សមុទ្រ​នេះ​។ លោក​បន្តថា សម្រាប់​ថ្ងៃទី​ពីរ​នេះ កីឡា​អុំទូក ត្រូវបាន​រៀបចំ​ដោយ ដែលមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ដោយ​ពួកគេ​ធ្វើជា​កីឡាករ​ដោយផ្ទាល់ ដែល​ពុំមាន​កីឡាករ​មកពី​តំបន់​ឆ្ងាយៗ​នោះទេ​។  លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​អុំទូក​នៅក្នុង​ទិវា​បុណ្យ​សមុទ្រ​នេះ គឺជា​ការធ្វើ​ឲ្យ​កម្មវិធី​បុណ្យ កាន់​តែមាន​សភាព​អ៊ូអរ និង​រីករាយ​»​។ លោក​បន្តទៀតថា          «​ការ​អុំទូក ជា​ប្រពៃណី​របស់​ពលរដ្ឋ​នៅ​តំបន់​សមុទ្រ​នេះ ពួកគេ​បាន​ចូលរួម​យ៉ាងច្រើន ធ្វើ​ឲ្យ​ពិធី​នេះ​កាន់តែ​អធិកអធម ហើយ​អ្នក​ដែល​ទទួលបាន​ជ័យលាភី និង​បានទទួល​មេដាយ និង​រង្វាន់​ជាថ​វិកាចំនួនត​បន្តិចបន្តួច​»​។ 

​ក្នុងចំណោម​ទូក​ទាំង​២៦ ទូក​ដែល​ទទួលបាន​ជ័យជំនះ​លេខ​១ គឺ​បាន​ទៅលើ​ទូក​លេខ​២៦ មាន​ឈ្មោះថា «​ក្រុង​កំពត​» ទទួលបាន​ប្រាក់រង្វាន់​ចំនួន​៦០​ម៉ឺន​រៀល និង​ពានរង្វាន់​។ ចំណែក​លេខ​២ បាន​ទៅលើ​ទូក​លេខ​ល​២៤ មាន​ឈ្មោះថា «​ស្រុក​អង្គ​ជ័យ​ដង​ទុង​» ទទួលបាន​ទឹកប្រាក់​ចំនួន​៤០​ម៉ឺន​រៀល និង​ពាន​។ ចំណែក អ្នកទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​ទូក​លេខ​១៤ មាន​ឈ្មោះថា «​សាកលវិទ្យាល័យ​អង្គរ​ខេមរា​» ដែល​ទទួលបាន​ទឹកប្រាក់​ចំនួន ៣០​ម៉ឺន​រៀល និង​ពាន​។ ចំណែកឯ​ទូកដ​ទៃទៀត ទទួលបាន​ប្រាក់​លើក​ទឹក​ចំនួន ក្នុង​ទូក​នីមួយៗ​ចំនួន​៥​ម៉ឺន​រៀល​។​

​ទូក​ទាំងអស់​មាន​ចំនួន​២៦​ទូក ដែល​ទូក​នីមួយៗ មាន​កីឡាករ​ចំនួន​ពី​៥​ទៅ​៦​នាក់​ដែល​ភាគច្រើន​ជា​ពលរដ្ឋ​រស់នៅ​តំបន់​សមុទ្រ​ក្នុង​ខេត្ត​ភាគ​និរតី​មួយ​នេះ​។​
​សូមបញ្ជាក់ថា ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ ដែល​ប្រព្រឹត្តទៅ​នៅ​ខេត្តកំពត ចាប់ពី​ថ្ងៃទី​១១ ដល់​១៣ ធ្នូ ឆ្នាំ​២០១៥​នេះ គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា បានរៀបចំ កីឡា​ចំនួន​១១​ប្រភេទ​ផ្សេងៗ​គ្នា ដូចជា អុំទូក បាល់ទះ​ឆ្នេរ​ខ្សាច់ រត់​កំសាន្ត សម្តែង​ទូកក្តោង និង​កីឡា​ចំបាប់​បុរាណ​ជាដើម​៕



Tag:
 បុណ្យ​សមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com