បទវិភាគ
ប្រើ​យន្តការ​តុលាការ​ធ្វើបាប​បក្សប្រឆាំង​មិនបាន​ធ្វើ​ឲ្យ​ក្រុម​នេះ​បាត់​ប្រជាប្រិយភាព​ឡើយ​!
12, Dec 2015 , 11:00 pm        
រូបភាព
ដោយ:

ភ្នំពេញ​៖ ពីរ​បី​អាណត្តិ​ចុងក្រោយ​នេះ ការប្រកួតប្រជែង​ខាង​នយោបាយ​នៅ​កម្ពុជា បានបង្ហាញ​ឱ្យឃើញថា មាន​ភាព​សកម្ម​និង​តានតឹង​គួរឱ្យកត់សម្គាល់​។ ដើម្បី​ប្រឈម​នឹង​ភាព​តានតឹង​នេះ គូប្រជែង​នីមួយៗ បាន​ប្រើប្រាស់​អស់​លទ្ធភាព​និង​សក្ដានុពល​ដែល​ខ្លួន​មាន ទោះបីជា​ល្អ ឬ មិនល្អ​ក៏ដោយ​។ ចំពោះ​បក្សប្រឆាំង ជារឿយៗ ត្រូវគេ​ចោទថា បាន​ញុះញង់​ឱ្យមាន​ចលាចល​តាមរយៈ​រូបភាព​បាតុកម្ម ឬ កុបកម្ម និង រារាំង​មិនឱ្យ​មានការ​ផ្ដល់ជំនួយ​មក​កម្ពុជា ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល ឬ បក្ស​កាន់អំណាច​។ ចំណែកឯ​បក្ស​កាន់អំណាច​វិញ ក៏​ត្រូវគេ​ចោទថា បាន​ប្រើប្រាស់​អំណាច​រដ្ឋ អាជ្ញាធរ នគរបាល យោធា និង ជាពិសេស តុល​ការ ដើម្បី​ពង្រឹង​អំណាច​របស់ខ្លួន និង ទប់ស្កាត់​ប្រជាប្រិយភាព​របស់​បក្សប្រឆាំង ឬ អ្នក​តវ៉ា​ផ្សេងៗ​។ តើ​ការប្រើប្រាស់​យន្តការ​តុលាការ​នេះ ពិតជា​បាន​កាត់បន្ថយ​ប្រជាប្រិយភាព​របស់​បក្សប្រឆាំង​មែន ឬ យ៉ាងណា​?



ការប្រើប្រាស់​យន្តការ​តុលាការ​ដើម្បី​ទប់ស្កាត់​សកម្មភាព​លេចធ្លោ ឬ កាត់បន្ថយ​ប្រជាប្រិយភាព​របស់​បក្សប្រឆាំង​នេះ ត្រូវបាន​គេ​មើលឃើញថា រដ្ឋាភិបាល ឬ បក្ស​កាន់អំណាច បាន​ប្រើប្រាស់​ជា​បន្តបន្ទាប់​មកហើយរ​ហូត​មកដល់ពេលនេះ ប៉ុន្តែ វា​ហាក់ដូចជា គ្មាន​ប្រសិទ្ធ​ទេ​។ ផ្ទុយទៅវិញ ទង្វើ​នេះ ត្រូវ​រង​ការរិះគន់​យ៉ាងដំណំ​ពី​សាធារណមតិ​ជាតិ​និង​អន្តរជាតិ ទាំង​កម្រិត​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​។ ទីបំផុត ប្រជាប្រិយភាព​របស់​ប​ក្ស​កាន់អំណាច​ចេះតែ​បន្ត​ថយចុះ​ឥតឈប់ឈរ ឯ​ប្រជាប្រិយភាព​របស់​បក្សប្រឆាំង​វិញ​ចេះតែ​កើន​ឡើងជា​បន្តបន្ទាប់​។ ជាក់ស្ដែង ក្នុង​អាណត្តិ​ទី​៥​នេះ បក្ស​កាន់អំណាច បាន​បាត់បង់​ការគាំទ្រ​របស់​ខ្លួន​រហូតដល់​ជាង​២០​អាសនៈ​ក្នុង​រដ្ឋសភា​បើ​ប្រៀបធៀប​នឹង​អាណត្តិ​មុន​។​

​ដូច្នេះ គេ​អាច​សន្និដ្ឋានបានថា ការប្រើប្រាស់​យន្តការ​តុលាការ​ដើម្បី​រារាំង ឬ ទប់ស្កាត់​សកម្មភាព​លេចធ្លោ ឬ កាត់បន្ថយ​ប្រជាប្រិយភាព​របស់​បក្សប្រឆាំង​នោះ បក្ស​កាន់អំណាច ហាក់ដូចជា​មិន​ទទួលបាន​ផល​វិជ្ជមាន​ទេ​។ ថ្វីបើ​បក្ស​កាន់អំណាច​ទ​អា​ចប់​ស្កាត់ ឬ រារាំង មេបក្ស ឬ សកម្មជន​មួយចំនួន​តូច​របស់​បក្សប្រឆាំង​បាន​មែន ប៉ុន្តែ រូបភាព​នេះ វា​កាន់តែ​ដុត​រោល​និង​ជំរុញ​ឆន្ទៈ​អ្នកគាំទ្រ​បក្សប្រឆាំង​ឱ្យ​កាន់តែ​មោះមុត​ថែមទៀត​ក្នុង​ការតស៊ូ​មតិ ឬ ការតវ៉ា​ផ្សេងៗ​។ លើសពីនេះ​ទៀត ឆ្លងតាម​ឥទ្ធិ​ព​រាលដាល ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់ ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​អំពើ​អយុត្តិធម៌​របស់​តុលាការ​នោះ ក៏​កាន់តែ​មិន​ពេញចិត្ត​រដ្ឋាភិបាល ឬ បក្ស​កាន់អំណាច​ដែរ​។ មូលហេតុ​នេះហើយ ដែល​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ធ្វើឱ្យ​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល ឬ បក្ស​កាន់អំណាច​ចេះតែ​បន្ត​ធ្លាក់ចុះ​ឥតឈប់ឈរ​។

​បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​គេ​នៅតែ​សង្កេតឃើញថា ការប្រើប្រាស់​យន្តការ​តុលាការ​ដើម្បី​រារាំង ឬ ទប់ស្កាត់​សកម្មភាព​លេចធ្លោ ឬ កាត់បន្ថយ​ប្រជាប្រិយភាព​របស់​បក្សប្រឆាំង នៅតែ​ត្រូវបាន​រដ្ឋាភិបាល កំពុង​ប្រើ​យ៉ាង​ពេញនិយម​នៅឡើយ​។ ហេតុផល​ដែល​រដ្ឋាភិបាល ឬ បក្ស​កាន់អំណាច នៅតែ​បន្ត​ប្រើ​យន្តការ​នេះ អាច​បណ្ដាលមកពី ការ​មិនបាន​សិក្សា​ស្រាវជ្រាវ​ពី​ផល​អវិជ្ជមាន​របស់​វា​, គ្មាន​ជម្រើស​ផ្សេង ឬ វា​ជា​វិធី​ដែល​ងាយស្រួល​ប្រើ​ជាងគេ​។​

​ជាការ​ឆ្លើយតប​ទៅនឹង​ការលើកឡើង​ខាងលើ ជារឿយៗ គេ​តែងតែ​ឮ​មន្ត្រី​រដ្ឋាភិបាល ឬ បក្ស​កាន់អំណាច​បាន​ប្រតិកម្ម​ថា ការចោទប្រកាន់​នានា​ទាក់ទង​នឹង​ការប្រើប្រាស់​យន្តការ​តុលាការ​ដើម្បី​រារាំង ឬ ទប់ស្កាត់​សកម្មភាព​លេចធ្លោ ឬ កាត់បន្ថយ​ប្រជាប្រិយភាព​របស់​បក្សប្រឆាំង​នោះ គឺជា​ការចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ដោយ​អគតិ និង មាន​ទំនោរ​ទៅរក​ទឡ្ហីកម្ម​បែប​នយោបាយ​។ ផ្ទុយទៅវិញ ពួកគេ​បាន​អះអាងថា រឿងរ៉ាវ​ទាក់ទង​នឹង​ការចាប់ខ្លួន​សកម្មជន​របស់​បក្សប្រឆាំង​កន្ល​ង​មក សុទ្ធតែ​បានធ្វើ​ឡើង​ក្នុង​យុត្តាធិការ​របស់​តុលាការ ព្រមទាំង​សុទ្ធតែ​ស្របតាម​អង្គហេតុ អង្គច្បាប់ និង នីតិវិធី​ច្បាប់​របស់​តុលាការ វា​មិន​ទាក់ទង​នឹង​អំណាចនីតិប្រតិបត្តិ​ទេ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​ប្រព័ន្ធយុត្តិធម៌ ឬ តុលាការ​កម្ពុជា ត្រូវបាន​គេ​ចោទថា មិន​ឯករាជ្យ ធ្វើ​អ្វីៗ​តែ​តាម​ការបញ្ជា​របស់​អ្នកនយោបាយ ហើយ​ការកាត់ក្ដី​លម្អៀង​ទៅរក​អ្នកធំ​និង​អ្នកមាន​លុយ​។ លើសពីនេះទៅទៀត ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា ក៏​មិនទាន់បាន​បែងចែក​ច្បាស់លាស់​អំពី​ទោស​នយោបាយ​និង​ទោស​ដទៃ​ដែរ​។ ហេតុនេះ ប្រសិនបើ រដ្ឋាភិបាល ឬ បក្ស​កាន់អំណាច​នៅតែ​បន្ត​ប្រើប្រាស់​យន្តការ​តុលាការ​ដើម្បី​ដាក់​សម្ពាធ រារាំង ឬ ទប់ស្កាត់​សកម្មភាព​លេចធ្លោ ឬ កាត់បន្ថយ​ប្រជាប្រិយភាព​របស់​បក្សប្រឆាំង​នោះ មានន័យថា ប្រជាប្រិយភាព និង ការគាំទ្រ​របស់ខ្លួន​នៅតែ​បន្ត​ធ្លាក់ចុះ​បន្ថែមទៀត​៕         



Tag:
 នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com