ជាតិ
វិទ្យាល័យតូ​គុ​ស៊ី​ម៉ា​ជប៉ុន និង​វិទ្យាល័យ​មិត្តភាព​ខ្មែរ​-​ជប៉ុន​ចុះ​កិច្ចព្រមព្រៀង​មិត្តភាព​
14, Dec 2015 , 4:34 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ នាយកវិទ្យាល័យ​​ពាណិជ្ជ​សាស្ត្រ​​​តូ​គុ​ស៊ី​ម៉ា ​​នៃប្រទេស​ជប៉ុន និងតំណាងក្រុម​​ប្រឹក្សាភិបាល​​គ្រប់គ្រង​​​វិទ្យាល័យ​​​មិត្តភាព​​​ខ្មែរ​-​ជប៉ុន​​ នៃប្រទេស​​​កម្ពុជា បាន​ចុះ​កិច្ច​​ព្រមព្រៀង​​​រឹតចំណង​​​មិត្តភាព​​ ដើម្បី​ផ្លាស់​​ប្តូរ​​​បទពិសោធន៍​​​សិក្សា ​​រវាង​​​សិស្សានុ​​សិស្ស និង​គ្រូបង្រៀន​​​ភាគ​ទាំងពីរ​​​លើ​ផ្នែក​​​បច្ចេកវិទ្យា​​ វប្បធម៌ ប្រវត្តិសាស្ត្រ ​​និង​អក្សរសាស្ត្រ ​​ជាដើម​។​

​​


​ពិធី​នេះ បាន​​​ប្រព្រឹត្ត​​ឡើង​ក្នុង​​​ស្ថានទូត​ជប៉ុន​​​ប្រចាំ​កម្ពុជា​​ នៅ​ថ្ងៃទី​​​១៤ ធ្នូ​នេះ​​ ក្រោម​អធិបតី​​ភាព​​​លោក Yuji Kumamaru ឯកអគ្គរដ្ឋទូត​ជប៉ុន​​​ប្រចាំ​កម្ពុជា និង​លោក អ៊ឹម កុ​ច ​​រដ្ឋលេខាធិការ​​​​​ក្រសួង​អប់រំ​​ យុវជន ​​និង​កីឡា និង​​​លោក ហោ ​​មុនី​រ័ត្ន អនុរដ្ឋលេខាធិការ​​​ក្រសួងទេសចរណ៍​​​។​
  
​លោក គង់ វន ប្រធាន​អង្គការ​មូលនិធិ​ខ្មែរ​ជំនួយ​ការសិក្សា (Cambodia Education Assistance Fund) និង​ជា​តំណាង​ក្រុមប្រឹក្សា​គ្រប់គ្រង​វិទ្យាល័យ​មិត្តភាព​ខ្មែរ​-​ជប៉ុន បាន​រីករាយ​សាទរ​ជាខ្លាំង ចំពោះ​ពិធី​ចុះ​កិច្ចព្រមព្រៀង​មិត្តភាព​រវាង​វិទ្យាល័យ​មិត្តភាព​ខ្មែរ​-​ជប៉ុន និង​វិទ្យាល័យ ពាណិជ្ជ​សាស្ត្រ​តូ​គឹ​ស៊ី​ម៉ា​។ លោក​និយាយថា ចាប់តាំងពី​វិទ្យាល័យ​មិត្តភាព​ខ្មែរ​-​ជប៉ុន ស្ថិត​ក្នុងស្រុក​ព្រះស្តេច ខេត្តព្រៃវែង ត្រូវបាន​បង្កើត​ឡើងមក សាលា​នេះ មាន​តួនាទី​តែមួយ​មុខ​ប៉ុណ្ណោះ គឺ ការបណ្តុះបណ្តាល​ចំណេះ​ទូទៅ​ដល់​សិស្សានុសិស្ស​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ តែ​ក្រោយពី​សាលា​នេះ បានចាប់ផ្តើម​ចងសម្ព័ន្ធភាព​សហការ​គ្នា​ជា​បណ្តើរៗ ជាមួយ​វិទ្យាល័យ ពាណិជ្ជ​សាស្ត្រ​តូ​គឹ​ស៊ី​ម៉ា​ចាប់ពី​ឆ្នាំ ២០១២​មក ភាគី​ទាំង​ពីរបាន​ផ្លាស់ប្តូរ​ជំនាញ​បច្ចេកទេស​កែច្នៃ​ផលិតផល អក្សរសាស្ត្រ វប្បធម៌ ជា​បន្តបន្ទាប់​។​
  
​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ជាក់ស្តែង​គ្រូ និង​សិស្ស​វិទ្យាល័យ​មិត្តភាព​ខ្មែរ​-​ជប៉ុន បាន​ទៅ​សិក្សា​រៀនសូត្រ​បទពិសោធន៍​នៅ​វិទ្យាល័យ​ពាណិជ្ជ​សាស្ត្រ​តុ​តឹ​ស៊ី​ម៉ា និង​នៅ​រោងចក្រ ព្រមទាំង​កន្លែង​ជាច្រើន នៅ​ប្រទេស​ជប៉ុន​បាន​ចំនួន​ពីរលើក​ហើយ គឺ នៅ​ឆ្នាំ ២០១៤ និង ឆ្នាំ ២០១៥​នេះ​»​។​
​ជាមួយគ្នា​ដែរ លោក Sumi Chikara នាយក​វិទ្យាល័យ​ពាណិជ្ជ​សាស្ត្រ​តូ​គុ​ស៊ី​ម៉ា បាន​លើកឡើងថា នៅក្នុង​ឆ្នាំ ២០១៥​នេះ ក្រសួង​អប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ជប៉ុន បាន​ប្រសិទ្ធិ​នាម​វិទ្យាល័យ​ពាណិជ្ជ​សាស្ត្រ​តូ​គុ​ស៊ី​ម៉ា ជា Super Professional High School ដែល​បាន និង​កំពុង​ផ្តោត​ការបណ្តុះបណ្តាល​លើ​វិស័យ​ពាណិជ្ជ​សាស្ត្រ ជំនាញ​វិជ្ជាជីវៈ កា​ងារ​អាជីព​កម្រិត​ខ្ពស់ នៅ​ប្រទេស​ជប៉ុន​។​
  
​វិទ្យាល័យ​ពាណិជ្ជ​សាស្ត្រ​តូ​គុ​ស៊ី​ម៉ា​ស្ថិតក្នុង​ខេត្ត​តូ​គុ​ស៊ី​ម៉ា ដែលជា​ខេត្ត​មួយ ស្ថិតនៅ​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ឈានមុខ និង​ជា​មជ្ឈមណ្ឌល​បណ្តុំ​វប្បធម៌​ប្រទេស​ជប៉ុន​។​
  
​លោក Sumi Chikara រំពឹងទុក​ថា កិច្ចព្រមព្រៀង​មិត្តភាព​នៅថ្ងៃនេះ នឹង​នាំ​ឲ្យ​ទំនាក់ទំនង​មិត្ត ភាព​រវាង​ភាគី​ទាំងពីរ​កាន់តែ​រឹងមាំ និង​បន្ត​កិច្ចសហការ​ផ្នែក​បណ្តុះបណ្តាល​យុវជន​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន​បន្ថែមទៀត​។ លោក​ថ្លែង​បញ្ជាក់ថា​៖«​កំលាំង​ថាមពល​របស់​យុវជន គឺ​គ្មាន​ដែន​កំណត់ សម្រាប់​ការកសាង​នូវ​អនាគត​ដ៏​ត្រចះត្រចង់​។ ខ្ញុំ​ជឿជាក់ថា​កម្លាំង​សាមគ្គី ការចេះ​ជួយ​គ្នា ទៅវិញទៅមក ការខិតខំ​សិក្សា​រៀនសូត្រ​ក្រេប​យកចំណេះ​ដឹង​របស់​សិ​ស្សានុសិស្ស​នៃ​វិទ្យាល័យ​ទាំងពីរ នឹងធ្វើ​ឲ្យ​មាន​វឌ្ឍនភាព​ទាំងសងខាង ហើយ​អាចរួមចំណែក​ក្នុងការ​លើកស្ទួយ​អភិវឌ្ឍ​សកល​ថែម​ទៀតផង​»៕
    

Tag:
 មិត្តភាព​ខ្មែរ​-​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com