អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្ស​កាន់អំណាច​បារាំង​ប្រើ​យុទ្ធសាស្ត្រ​ទប់​បក្ស​ស្តាំនិយម​ជ្រុល​មិន​ឲ្យ​ឈ្នះឆ្នោត​ជុំ​ទី​២
14, Dec 2015 , 4:51 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងការ​បោះឆ្នោត​ជុំ​ទី​២ នៅ​បារាំង​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ គណបក្ស​ស្តាំនិយម​ជ្រុល​រណសិរ្ស​ជាតិ​មិនអាច​ឈ្នះ​បាន​សូម្បី​តែមួយ​តំបន់ ទោះបីជា​បក្ស​នេះ​បាន​សំឡេងគាំទ្រ​ច្រើន​ក្នុង​ជុំទីមួយ​ក៏ដោយ​។ បរាជ័យ​របស់​បក្សរ​ណ​សិរ្ស​ជាតិ​ធ្វើ​ឲ្យ​លោកស្រី Marine Le Pen ខកចិត្ត​យ៉ាងខ្លាំង​។ គណបក្សកាន់អំណាច​ស​ង្គ​ម​និយម​ឈ្នះ​បាន​ប្រហែល​៦​តំបន់ ស្របពេល​គណបក្ស​សាធារណរដ្ឋ​របស់​អតីត​ប្រ​ធានា​ធីប​តី​នី​កូ​ឡា សា​កូ​ហ្ស៊ី ឈ្នះ​បាន​ចំនួន ៧ តំបន់​។



​យោងតាម​សារព័ត៌មាន France 24 ក្នុងការ​បោះឆ្នោត​តំបន់​លើក​ទី​២​នៅ​បារាំង លទ្ធផល​បង្ហាញថា គណបក្ស​ស្តាំនិយម​ជ្រុល រណសិរ្ស​ជាតិ មិនអាច​រក​ជ័យជម្នះ​បាន​សូម្បីតែ ១ តំបន់​ក្នុងចំណោម​តំបន់​ទាំង ១៣ ។  លទ្ធផល​បោះឆ្នោត​ជុំ​ទី​ពីរ ទំនងជា​ធ្វើ​ឲ្យ​លោកស្រី Marine Le Pen  ប្រធាន​បក្ស​រណសិរ្ស​នេះ​ខកចិត្ត​ខ្លាំង ព្រោះ​ការបោះឆ្នោត​ជុំទីមួយ​សំឡេងគាំទ្រ​បក្ស​ទូទាំងប្រទេស​មាន​រហូត​ដល់​២៨​ភាគរយ​ឯណោះ​។ យ៉ាងណាមិញ​ប្រមុខ​បក្ស​នេះ បាន​អះអាងថា លោកស្រី​នៅតែមាន​សង្ឃឹម​ខ្ពស់​សម្រាប់​ការបោះឆ្នោត​សកល និង​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០១៧​ខាងមុខ​។​

​ស្រប​ពេលដែល​គណបក្ស​ស្តាំនិយម​ជ្រុល​ធ្លាក់កូត​រក​ជ័យជម្នះ​មិនបាន​សូម្បី​តែមួយ​តំបន់ គេ​ឃើញ​គណបក្សកាន់អំណាច​ស​ង្គ​ម​និយម​របស់លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ នៅ​អាច​រក្សាបាន​ការគាំទ្រ​នៅ​តំបន់​ចំនួន​៦ ។ ឯ​គណ​ក្ស​បក្ស​ស្តាំនិយម​របស់​អតីត​ប្រធានាធិបតី​លោក នី​កូ​ឡា សា​កូ​ហ្ស៊ី​ឈ្នះ​បាន ៧​តំបន់​ឯណោះ​។ 

​វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល ព្រោះ​ក្នុងការ​បោះឆ្នោត​ជុំ​ទី ១ គណបក្ស​ស្តាំនិយម​ជ្រុល​របស់​លោកស្រី Marine Le Pen រកបាន​សំឡេងគាំទ្រ​បាន​ច្រើន រហូតដល់​គណបក្សកាន់អំណាច​និង​គណបក្ស​ស្តាំនិយម​ព្រួយបារម្ភ​ខ្លាំង​ដែរ​។ តាមពិតទៅ គណបក្ស​ស្តាំនិយម​ជ្រុល អាច​ឆក់​ឱកាស​ដណ្តើមបាន​ការគាំទ្រ​ច្រើន​នៅ​ជុំ​ទី​១ ក៏​ព្រោះ​បញ្ហា​មួយចំនួន​មាន​ទាំង អត្រា​ប្រជាជន​គ្មាន​ការងារ​នៅតែ​ខ្ពស់ និង​ភេរវកម្ម​ក្រុងប៉ារីស​កន្លងមក​។ ប៉ុន្តែ​នយោបាយ​រើសអើង​សាសនា និង​ប្រឆាំង​ជន​អន្តោរ​ប្រវេសន៍​របស់​បក្ស​ស្តាំនិយម​ជ្រុល​នេះ ក៏​ក្លាយជា​មូលហេតុ​ដែល​រុញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​បារាំង​ឲ្យ​បោះឆ្នោត​គាំទ្រ​បក្ស​ផ្សេង​ដូចគ្នា​។ ការ​ចាញ់ឆ្នោត​របស់​បក្ស​ស្តាំនិយម​ជ្រុល​នេះ ក៏ដោយ​សារ​យុទ្ធសាស្ត្រ​របស់​បក្ស​កាន់អំណាច​ដែរ​។

​មុន​បោះឆ្នោត​ជុំ​ទី​២ គណបក្សកាន់អំណាចរ​ប​ស់លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បានសម្រេច​ដក​បេក្ខជន​របស់ខ្លួន​ចេញពី​តំបន់ Nord-Pas-de-Calais Picardie ដែលមាន​បេក្ខជន​សំខាន់​ជា​ក្មួយបង្កើត​លោកស្រី Marine Le Pen ឈរឈ្មោះ​។ ហើយ​គណបក្សកាន់អំណាច​ក៏​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​ខ្លួន​បោះឆ្នោត​ឲ្យ​គណបក្ស​លោក នី​កូ​ឡា សា​កូ​ហ្ស៊ី​ថែមទៀត​។ 

​យុទ្ធសាស្ត្រ​បែបនេះ គេ​ធ្លាប់​ឃើញ​គណបក្ស​ខាងលើ​ប្រើប្រាស់​ម្តង​ដែរ​ក្នុងការ​បោះឆ្នោត​ឆ្នាំ ២០០២ នៅពេលដែល​គណបក្ស​ខាងលើ​អំពាវនាវ​ឲ្យ​អ្នកបោះឆ្នោត​ងាក​ទៅ​គាំទ្រ​លោក Jacques Chirac  ប្រឆាំង​លោក Jean-Marie Le Pen ដែល​ឈរឈ្មោះ​ជា​ប្រធានាធិបតី​កាលនោះ​។

​ទោះជា​បក្ស​ស្តាំនិយម​ជ្រុល​ចាញ់ឆ្នោត​ពេលនេះ​ក៏ដោយ នាយករដ្ឋមន្ត្រី​បារាំង​លោក Manuel Valls បាន​ព្រមាន​ថា គ្រោះថ្នាក់​បង្កដោយ​បក្ស​ស្តាំនិយម​ជ្រុល​មិនទាន់​ផុត​ឡើយ ហើយ​លោក​បាន​អះអាងថា បក្ស​សង្គមនិយម​លោក​មិន​ស្ទាក់ស្ទើរ​ចំពោះ​ការអំពាវនាវ​ឲ​អ្នកគាំទ្រ​បោះឆ្នោត​ឲ្យ​គណបក្ស​លោក សា​កូ​ហ្ស៊ី ដើម្បី​ប្រឆាំង​បក្ស​ស្តាំនិយម​ជ្រុល​ឡើយ​៕


Tag:
 Marine Le Pen
  បារាំង​
© រក្សាសិទ្ធិដោយ thmeythmey.com