ជាតិ
សេដ្ឋកិច្ច
ត្រី​ប្រហុក​ចាប់ផ្តើម​ត្រូវ និង​តម្លៃថោក​
16, Dec 2015 , 4:48 pm        
រូបភាព
​ត្រី​ធ្វើ​ប្រហុក ផ្អក ចាប់ផ្តើម​ត្រូវជា​បណ្តើរៗ​ហើយ នៅ​ដាយ​លេខ​១៣ លេខ​១៤ និង​១៥ ដែល ស្ថិតនៅ​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង និង​ខេត្តកណ្តាល​។ បរិមាណ​ត្រី​ដែល​ត្រូវ នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​ច្រើនជាង​ឆ្នាំ​កន្លងទៅ​។



​លោក អ៊ាង សុផល្លែត អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​១៦​ខែធ្នូ​នេះ​ថា​៖«​នៅ​ថ្ងៃទី​១៣​និង​ទី​១៤​ខែធ្នូ ដាយ​លេខ​១៥ ដែល​ស្ថិតនៅ​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង និង​ខេត្តកណ្តាល លើក​ម្តង​បាន​ត្រី​ប្រមាណ​២​តោន​។ នៅ​ថ្ងៃទី​១៥​និង​ទី​១៦​ខែធ្នូ នៅ​បន្ត​ត្រូវ​នៅ​បន្ត​ត្រូវ​ពី​១.៥​តោន ទៅ​២​តោន​ក្នុង​មួយ​ម៉ោង​»​។

​បើតាម​លោក អ៊ាង សុផល្លែត បរិមាណ​ត្រី​ត្រូវ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ គឺ​ច្រើនជាង​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤​កន្លងទៅ ខណៈ​តម្លៃ​ក៏​ថោក​ជាង​ឆ្នាំ​កន្លងទៅ​ដែរ​។ តែ​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រូបនេះ មិន​ហ៊ាន​ប៉ាន់ស្មាន​ទេ​ថា តើ​នៅ​ថ្ងៃ​ខាងមុខ បរិមាណ​ត្រី និង​តម្លៃប្រែប្រួល​យ៉ាងណា​នោះទេ គឺ​អាស្រ័យទៅលើ​ស្ថានភាព​ជាក់ស្តែង​។​

​លោក អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល  ធ្លាប់បាន​អះអាងថា បរិមាណ​ត្រី​នៅ​ឆ្នាំនេះ​នឹង​ធ្លាក់ចុះ​ដោយសារ​ទឹកទន្លេ​ទាប ដែល​ធ្វើ​ឲ្យ​ទឹក​ចូល​បឹង​ដែល​នៅតាម​ដៃ​បឹង​ទន្លេសាប​មិនបាន​ច្រើន ហើយ​ព្រៃ​លិច​ទឹក ក៏​មិនបាន​លិច​យូរ ដែល​ធ្វើ​ឲ្យ​ត្រី​ពិបាក​ពង​កូន និង​ផ្លាស់​ទី​រក​ចំណី​។

​សូមបញ្ជាក់ថា ត្រី​ចាប់ផ្តើម​ត្រូវ និង​ក្នុង​បរិមាណ​ច្រើន​នៅតាម​បណ្តា​គន្លង​ដាយ​ត្រី ​ដែល​នៅតាម​ដង​ទន្លេសាប ចាប់ពី​១៥​ដល់​ថ្ងៃទី​២៤​ខែធ្នូ ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះល្អ និង​គ្មាន​ភ្លៀង​កក់ខែ​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

​ក្រសួង ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត​នានាដែលមាន​បំណង​ធ្វើ​ប្រហុក ផ្អក ឬ​ត្រីឆ្អើរ ប្រញាប់ទៅរក​ទិញ​ត្រីសម្រាប់​ទុក​បរិភោគ​ប្រចាំឆ្នាំ ព្រោះ​រដូវ​ត្រី​ប្រហុក​ចាប់ផ្តើម​ត្រូវ និង​មាន​តម្លៃថោក​។ ក្រសួង ក៏បាន​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ មេត្តា​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ទៅមក ស្នាក់នៅ និង​ដឹកជញ្ជូន​ផលិតផល​ត្រី​ផងដែរ​៕


Tag:
 អ៊ាង សុផល្លែត​
  ​ត្រី​ប្រហុក​
© រក្សាសិទ្ធិដោយ thmeythmey.com