ជាតិ
អន្តរជាតិ
១ ខែ​ហើយ ដែល​ឯកឧត្តម សម រង្ស៊ី ពន្យារពេល​ចូល​ស្រុក​!
17, Dec 2015 , 11:21 am        
រូបភាព
ដោយ:
​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៥ ជា​ថ្ងៃកំណត់​​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម សម រង្ស៊ី ប្រកាស​ពី​ប្រទេស​កូរ៉េ​មក​ថា ខ្លួន​នឹង​ត្រឡប់មក​កម្ពុជា​វិញ បើទោះបី​អាជ្ញាធរ​ត្រៀម​ចាប់ខ្លួន​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ ពាក់ព័ន្ធ​នឹង​រឿង​ក្តីក្តាំ​ជាមួយ​លោក ហោ ណាំហុង ក្តី​។



​គិត​ត្រឹម​ថ្ងៃទី ១៧ ខែធ្នូ មាន​រយៈពេល ១ ខែ ១ ថ្ងៃ​ហើយ ដែល​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្តូរ​ចិត្ត​ពន្យារពេល​ត្រឡប់មក​ក​ម្ព​ជា​។ ឯកឧត្តម សម រង្ស៊ី ដែល​មានរឿង​ក្តីក្តាំ​ជាមួយ​រដ្ឋមន្ត្រី​ក្រ​សួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ហើយ​ត្រូវ​តុលាការ សម្រេច​ឲ្យ​ជាប់ពន្ធនាគារ ២ ឆ្នាំ នោះ កំពុង​រស់នៅ​ក្រៅប្រទេស ដើម្បី​គេចវេះ​ពី​ការចាប់ខ្លួន​របស់​អាជ្ញា​ធរ​ខ្មែរ​។

​សូម​រម្លឹកថា នៅ​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៥  ឯកឧត្តម សម រង្ស៊ី បានប្រកាស​ពី​ប្រទេស​កូរ៉េ​ថា ខ្លួន​នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា តាម​ការកំណត់ បើទោះជា​នឹងត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ក៏ដោយ​។ តែ​ដល់​ថ្ងៃ​កំណត់​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ បានប្រកាស​ពន្យារពេល​ត្រឡប់មក​កម្ពុជា ក្រោម​ហេតុផល​ថា ដើម្បី​កុំ​ឲ្យ​មាន​ហិង្សា​កើតឡើង​ជាយថាហេតុ ហើយ​ម្យ៉ាងទៀត​សហការី​ខ្លួន​នៅក្នុង​ប្រទេស និង​សហគមន៍​អន្តរជាតិ ក៏​ស្នើ​ឲ្យ​ខ្លួន​ពន្យារពេល​ដែរ​។

​កន្លងមក​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា ចាត់ទុកថា មូល​ហេតុដែល​ឯកឧត្តម សម រង្ស៊ី ពន្យល់​ពី​ការពន្យារពេល​របស់ខ្លួន​ចូល​ស្រុក គ្រាន់​ជា​លេស​តែប៉ុណ្ណោះ​។ ពួកគេ​យល់ថា អ្នកនយោបាយ​ជើងចាស់​រូបនេះ មិន​ហ៊ាន​ប្រឈម​នឹង​ពន្ធនាគារ​ឡើយ​។ អ្នកវិភាគ​ទាំងនោះ​ថែមទាំង ហ៊ាន​និយាយថា ឯកឧត្តម សម រង្ស៊ី នឹងមិន​វិល​ត្រឡប់មក​កម្ពុជា​វិញ បើ​គ្មាន​ការសម្រុះសម្រួល​នយោបាយ​ជាមុន​នោះទេ​៕


Tag:
 សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com