កីឡាជាតិ
ជាតិ
ថៃ ប្រាប់​ពី​មូលហេតុ​ខ្លួន​ទទួល​មេដាយមាស ៤ ពី​ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​អាស៊ី​
22, Dec 2015 , 8:59 am        
រូបភាព
ដោយ:
 
​ថៃ បាន​បំបាក់​ម្ចាស់ផ្ទះ កម្ពុជា ធ្វើឱ្យ​បាត់បង់​មេដាយមាស ៣​គ្រឿង​លើក​ទឹកដី​របស់ខ្លួន ដោយ​ខ្លួន​ទទួលបាន​មេដាយមាស​៤​គ្រឿង ខណៈ​កម្ពុជា​ទទួលបាន​មេដាយមាស​តែ ១​គ្រឿង ក្នុងការ​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​អាស៊ី​លើក​ទី​១៩ ឆ្នាំ​២០១៥ ។ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៉េតង់​ថៃ លោក Churin Pataradilok បាន​ប្រាប់​ពី​មូលហេតុ​មួយចំនួន​ដែល​ខ្លួន​ទទួលបាន​មេដាយមាស​៤​គ្រឿង​ផងដែរ​ក្រោយ​ចប់​ការប្រកួត​កាលពី​ថ្ងៃទី​១៩ ខែ​ឆ្នូ​។​

 
​លោក Churin Pataradilok អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៉េតង់​ថៃ ការទទួលបាន​មាន​មេដាយមាស​៤​គ្រឿង​នេះ ដោយសារ​ឆ្នាំនេះ​ថៃ​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភពលោក ហើយ​ក្រោយ​ចប់​ការប្រកួត​ជើងឯក​ពិភពលោក កីឡាករ​កីឡាការិនី​ទាំង​នោះបាន​បន្ត​ការហ្វឹកហាត់​របស់ខ្លួន​យ៉ាងខ្លាំង ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​នេះ​។​
 
​លោក Churin Pataradilok បញ្ជាក់​ដូច្នេះ​ថា​៖«​ការទទួលបាន​មេដាយ​៤​គ្រឿង​នេះ ដោយសារ​ឆ្នាំនេះ​យើង​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភពលោក ហើយ​ក្រោយពី​ចប់​ការប្រកួត​ជើងឯក​ពិភពលោក យើង​នៅតែ​បន្ត​ហ្វឹកហាត់​យ៉ាងខ្លាំង​ដើម្បី​ត្រៀមខ្លួន​ប្រកួត​ជើងឯក​អាស៊ី​នេះ​»​។​
 
​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​អាស៊ី​លើក​ទី​១៨​នៅ​ឡាវ កាលពី​ឆ្នាំ ២០១៤ កម្ពុជា ទទួលបាន​មេដាយមាស ៤​គ្រឿង និង​ប្រាក់ ១​គ្រឿង លើ​វិញ្ញាសា​វាយ​ពិន្ទុ​, វិញ្ញាសា​ប្រកួត​ជា​ក្រុម​(​នារី​-​យុវជន​) និង​វិញ្ញាសា​វាយ​ពិន្ទុ​បុរស ខណៈ​ថៃ​ទទួលបាន​មេដាយមាស​តែ​១​ប៉ុណ្ណោះ​។ 
 
​ប៉ុន្តែ​ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​អាស៊ី​លើក​ទី​១៩​ឆ្នាំ​២០១៥​លើក​នេះ កម្ពុជា ទទួលបាន​មេដាយមាស​តែ ១ ប៉ុណ្ណោះ ដែល​រកបាន​ដោយ​កីឡាករ សុខ ច័ន្ទ​មាន លើ​វិញ្ញាសា​វាយយក​ពិន្ទុ​បុរស​។ ដោយឡែក​ម្ចាស់​ជើងឯក​មេដាយមាស​លំដាប់​ពិភពលោក កីឡាការិនី កែ ឡេង មិន​បានទទួល​មេដាយមាស​នោះទេ ទាំង​លើ​វិញ្ញាសា​វាយយក​ពិន្ទុ និង​ប្រកួត​ជា​ក្រុម​នារី​។ ដូច្នេះ​មានន័យថា កម្ពុជា បាន​បាត់បង់​មេដាយមាស​លើ​ទឹកដី​របស់ខ្លួន​រហូត​ដល់​ទៅ ៣ គ្រឿង ខណៈ​ថៃ​បាន​កើន​មេដាយមាស​ចំនួន ៣ គ្រឿង​។​
 
​ម្ចាស់​មេដាយមាស​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​បុរស​កីឡាករ សុខ ច័ន្ទ​មាន បាន​និយាយ​ក្រោយ​បញ្ចប់​ការប្រកួត​ថា «​ការប្រកួត​ក្នុងស្រុក​វា​ល្អ ដោយសារ​យើង​មិនចាំបាច់​ធ្វើដំណើរ​វែងឆ្ងាយ ទោះបីជា​យ៉ាងនេះ​ក្តី​ការប្រកួត​យើង​មិនអាច​រំពឹងថា​ឈ្នះ​រហូត​នោះទេ ធម្មតា​ការប្រកួត​ត្រូវតែមាន​អ្នកឈ្នះ និង​អ្នកចាញ់ ប៉ុន្តែ​ខ្ញុំ​ទទួលស្គាល់​ការលេង​របស់​យើង​មានការ​ធ្លាក់ចុះ​បន្តិច​»​។    
 
​កីឡាករ​រូបនេះ បាន​សម្តែង​អារម្មណ៍​សប្បាយរីករាយ​ក្នុងការ​ទទួលបាន​មេដាយមាស​របស់ខ្លួន ដោយសារ​កាលពី​ការប្រកួត​ជើងឯក​អាស៊ី​លើក​ទី​១៨​ឆ្នាំ​២០១៤​នៅ ឡាវ ខ្លួន​ទទួល​បានតែ​មេដាយប្រាក់​ប៉ុណ្ណោះ​។ កីឡាករ ច័​ន្ធ​មាន ក៏បាន​សម្តែង​ការ​សោក​សា្តយ​ផងដែរ​ចំពោះ​កីឡាករ​កីឡាការិនី​កម្ពុជា​ដែល​មិនបាន​មេដាយ​ក្នុងការ​ប្រកួត​នេះ​។ ហើយ​ការទទួលបាន​មេដាយមាស​នេះ​ក៏​ជួយ​លើកស្ទួយ​មុខមាត់​របស់​កម្ពុជា​ផងដែរ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​អាស៊ី​លើក​ទី​១៩ ឆ្នាំ​២០១៥ កម្ពុជា​ទទួលបាន​មេដាយ​សរុប​ចំនួន ៩​គ្រឿង​(​មាស​១ ប្រាក់​៣ និង​សំរឹទ្ធ​៥) ឬ​ឯ ថៃ ទទួលបាន ៧​គ្រឿង​(​មាស​៤ សំរឹទ្ធ​៣) ខណៈ​ឡាវ ទទួលបាន​៣​គ្រឿង​(​ប្រាក់​១ និង​សំរឹទ្ធ​២) ចំណែក វៀតណាម ២ គ្រឿង​(​ប្រាក់​១ និង​សំរឹទ្ធ​១) ខណៈ ចិន តៃប៉ិ មាស​១​គ្រឿង និង​ឥណ្ឌូណេស៊ី ទទួលបាន​មេដាយ​សំរឹទ្ធ​១​គ្រឿង​។ ដោយឡែក​ប្រទេស ម៉ាឡេស៊ី ឥណ្ឌា ជប៉ុន ប្រ៊ុយណេ និង​ម៉ុង​ហ្គោ​លី មិន​ទទួលបាន​មេដាយ​នោះទេ​។ 

Tag:
 កីឡា​ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com