ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថាន​បញ្ចប់​ការលក់​សំបុត្រ​ទស្សនា​លើ​ភ្នំ​គូ​លេន
23, Dec 2015 , 10:29 am        
រូបភាព
កន្លែងត្រួតពិនិត្យសំបុត្រ និងបង់ថ្លៃចំណតនៅលើភ្នំគូលេន
កន្លែងត្រួតពិនិត្យសំបុត្រ និងបង់ថ្លៃចំណតនៅលើភ្នំគូលេន
សៀមរាប៖ បន្ទាប់ពី​ដកសិទ្ធិ​គ្រប់គ្រង​ពី​ក្រុមហ៊ុន នគរ​គោកធ្លក វិញ​ហើយ​នោះ ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន-នរោត្តម ភ្នំ​គូ​លេន នឹង​លែងមាន​ការលក់​សំបុត្រ​ចូល​ទស្សនា តទៅទៀត​ហើយ ។ ភ្ញៀវទេសចរ​អាច​ចូលទៅ​កម្សាន្ត​លើ​ភ្នំ​គូ​លេន បាន​ដោយ​សេរី។ ឧទ្យាន​ជាតិ​នេះ នឹង​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងបរិស្ថាន និង​មួយផ្នែក​ទៀត គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អ​ប្សា។



ប្រភពពី​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា ខ្លួន​កំពុង​រង់ចាំ​គោលការណ៍​ថ្មី ក្នុងការ​រៀបចំ​គ្រប់គ្រង​ឧទ្យាន​ជាតិ ភ្នំ​គូ​លេន។ មន្ត្រី​ដដែល​បាន​បន្តថា គោលការណ៍​ពី​ក្រសួងបរិស្ថាន អាច​នឹង​មកដល់​ក្នុង​ពាក់កណ្តាល​ខែមករា​ខាងមុខនេះ គឺ​ក្រោយ​ពេលដែល ក្រុមហ៊ុន​នគរ​គោកធ្លក ដកសិទ្ធិ​ទាំងស្រុង​ចេញពី​ឧទ្យាន​ជាតិ​ភ្នំ​គូ​លេន។

ប្រភព​ដដែល​បាន​បន្តថា បច្ចុប្បន្ន​ក្រសួងបរិស្ថាន​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដែលមាន​ភាគី​ពី​ក្រសួងបរិស្ថាន ក្រសួង​សេដ្ឋកិច្ច និង​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​វាយតម្លៃ​ទំហំ​សំណង ដែល​ត្រូវ​សង​ទៅ​ក្រុមហ៊ុន។ ការវាយតម្លៃ​អាច​នឹង​រួចរាល់​នៅ​ចុងខែ​មករា​ខាងមុខ ហើយ​ក្រុមហ៊ុន​នឹង​លែងមាន​វត្តមាន​នៅលើ​ភ្នំ​តទៅទៀត។

ទាក់ទង​នឹង​ការចូល​ទស្សនា​វិញ គ្មាន​ទៀត​ទេ ការលក់​សំបុត្រ ឫ​យកលុយ​ថ្លៃ​ចំណត នៅពេលដែល ភ្នំ​គូ​លេន ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន។ ទាំង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ពួកគេ​អាច​ចូល​ទស្សនា​បាន​ដោយ​សេរី។ ប៉ុន្តែ​ទន្ទឹមនឹងនោះ ពួកគេ​អាច​នឹង​តម្រូវ​ឲ្យ​បង់ថ្លៃ លើ​យានយន្ត ក្នុងតម្លៃ​ចាប់ពី ៤០០០រៀល ទៅ៥០០០រៀល​ប៉ុណ្ណោះ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​នៅលើ​ភ្នំ​នេះ។ នេះ​ជាការ​លើកឡើង​របស់​ម​ន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ដែល​អះអាងថា ព័ត៌មាន​លើ​តម្លៃ​នេះ កំពុងស្ថិត​ក្នុងការ​ពិភាក្សា​នៅឡើយ។

ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន-នរោត្តម មាន​ផ្ទៃដី​ប្រមាណ ៣៧៥០០ ហិកតា ដែល​បច្ចុប្បន្ន ក្រុមហ៊ុន នគរ​គោកធ្លក របស់លោក សៀង ណាំ និង​ទាហាន​ភូមិភាគ៤ កំពុង​គ្រប់គ្រង​យក​ថ្លៃ​សំបុត្រ​ទស្សនា។ អ្នកទេសចរ​ជាច្រើន​បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ការគ្រប់គ្រង ព្រោះថា ក្រុមហ៊ុន​របស់លោក សៀង ណាំ មិនបាន​រៀបចំ​ផ្លូវ​ឲ្យ​បាន​ប្រសើរ​នោះទេ គឺ​ផ្លូវ​តូច ដែល​អាច​បង្ក​គ្រោះថ្នាក់​ខ្ពស់​ដល់​អ្នកដំណើ​របា​ន។ ចំពោះ​តម្លៃ​សំបុត្រ ពលរដ្ឋ​ខ្មែរ​ម្នាក់២ពាន់​រៀល និង​ភ្ញៀវ​បរទេស​តម្លៃ២០ដុល្លារ។ ចំណែក​ឡាន​មួយគ្រឿង​តម្លៃ១ម៉ឺន​រៀល ថ្លៃ​ចំណត៣ពាន់​រៀល និង​ម៉ូតូ២ពាន់ ថ្លៃ​ចំណត១៥០០រៀល។ សម្រាប់​ថ្ងៃ​ធម្មតា មាន​ភ្ញៀវទេសចរ​ប្រមាណ២០០នាក់ ដែល​ឡើងទៅ​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​នេះ ដោយ​មិនបាន​រាប់​ចំពោះ​ថ្ងៃ​បុណ្យទាន ដែលមាន​មនុស្ស​កុះករ​នោះទេ។

នៅក្នុង​កិច្ចប្រជុំ ICC Angkor កាលពី​ថ្ងៃទី ៤ និង​ទី៥ មិថុនា នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ក្រសួងបរិស្ថាន បានស្នើ​សុំ​ឲ្យ​មានការ​រៀបចំ​ផែនការ​អភិរក្ស និង​អភិវឌ្ឍន៍​ភ្នំ​គូ​លេន។ ក្រសួងបរិស្ថាន​បាន​លើកឡើងថា តំបន់ភ្នំ​គូ​លេន គួរ​ត្រូវ​បានរៀបចំ គ្រប់គ្រង អភិរក្ស​បេតិកភណ្ឌ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ក៏ដូចជា​ជីវចម្រុះ។
ភ្នំ​គូ​លេន បានផ្តល់​សក្កា​នុព​ល​ជាច្រើន​ដល់​ខេត្តសៀមរាប ក្នុងនោះ​ក្រៅពី​តំបន់​ទេសចរណ៍ ភ្នំ​គូ​លេន គឺ​សម្បូរ​ដោយ​ប្រាសាទបុរាណ ជាពិសេស​គឺ​ប្រភពទឹក សម្រាស់​ប្រើប្រាស់ នៅក្នុង​ខេត្តសៀមរាប​ទាំងមូល​ផង។

តាមរយៈ​ការស្រាវជ្រាវ និង​រុករក​នៅលើ​ភ្នំ​គូ​លេន ចាប់តាំងពី​ចុង​សតវត្ស​ទី១៩មក ប្រាសាទបុរាណ​ជាច្រើន ត្រូវបាន​កត់ត្រា និង​ចុះ​ក្នុង​បញ្ជី​សារពើ​ភណ្ឌ​ប្រាសាទបុរាណ។ ប្រាសាទបុរាណ​ទាំងនោះ ភាគច្រើន​ត្រូវបាន​កសាងឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី២ នា​ដើម​សតវត្ស​ទី៩ និង​ប្រាសាទ​មួយចំនួនទៀត​ត្រូវបាន​កសាងឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័នទី៧ នា​សតវត្ស​ទី១៣ ។ មាន​ប្រាសាទ​ជាង ៥០ ដែល​កសាង​នៅលើ​ភ្នំ​គូ​លេន​នេះ។

នៅក្នុង​សម័យ​សង្គ្រាម រមណីយដ្ឋាន​ភ្នំ​គូ​លេន គឺជា​កន្លែង​ឈរជើង​របស់​កងទ័ព ហើយ​ក្នុងនោះ តំបន់​មួយចំនួន ក៏​រង​ការបំផ្លិចបំផ្លាញ​ផងដែរ។ ក្រសួងបរិស្ថាន​ក៏មាន​ផែនការ​បោសសម្អាត​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ដែល​កប់​នៅក្នុង​តំបន់ភ្នំ​គូ​លេន។ ទាក់ទង​នឹង​បញ្ហា​យោធភូមិភាគ៤ និង​អាជ្ញាធរ​មូលដ្ឋាន ក្រសួងបរិស្ថាន​នឹង​ដឹកនាំ​គណៈកម្មការ​វាយតម្លៃ និង​ដោះស្រាយ ការផ្ទេរ​ចុះ​ពីលើ​ភ្នំ​នូវ​កងទ័ព គ្រួសារ​កងទ័ព និង​ប្រជាជន​ទាំងអស់​ដែល​បាន​ចូលទៅ​តាំងទី​លំនៅ​លើ​ភ្នំ​ជា​លក្ខណៈ​អនាធិបតេយ្យ​នាពេល​កន្លងទៅ៕





Tag:
 សៀមរាប
  ភ្នំគូលេន
© រក្សាសិទ្ធិដោយ thmeythmey.com