កីឡាជាតិ
ជាតិ
សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បង្ហា​ញ​ក្របខ័ណ្ឌ និង​ទម្រង់​ប្រកួត​រដូវ​កាល​ថ្មី​
25, Dec 2015 , 8:19 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានបង្ហាញ​ពី​គម្រោង និង​ទម្រង់​ក្របខណ្ឌ​នៃ​ការប្រកួត​កីឡាបាល់ទាត់​សម្រាប់​ឆ្នាំ​២០១៦​ខាងមុខនេះ​។ នា​សិក្ខាសាលា​ស្តីពី​សក្តានុពល​កីឡាបាល់ទាត់​កាលពី​ថ្ងៃទី​២៤ ខែធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក  FFC នឹង​រៀបចំ​ការប្រកួត​ធំៗ​ចំនួន​បី​នា​រដូវ​កាល​ក្រោយ ក្នុងនោះ​មាន​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​១ លី​គ​២ និង​ពានរង្វាន់​សម្តេច ហ៊ុន សែន​។



​តាមរយៈ​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានលើកឡើង​ពី​ភាពជោគជ័យ​នៃ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​។ សហព័ន្ធ​បាន​អះអាង​ពី​ភាព​វិជ្ជមាន​នៃ​គុណភាព​ប្រកួត លទ្ធផល​នៅលើ​ឆាក​អន្តរជាតិ កំណើន​ទស្សនិកជន រួមការ​អភិវឌ្ឍន៍រ​ច​នា​សម្ព័ន្ធ​ផ្សេងៗ ។ នៅ​រដូវ​កាល​ក្រោយ ការប្រកួត​ធំៗ​ចំនួន​បី​នឹងត្រូវ​បានរៀបចំ​ឡើង ដែល​ក្នុងនោះ​មាន​ក្របខណ្ឌ​កំពូល​ខេ​ម​បូ​ឌា​ន​លី​គ​១ លី​គ​២ និង​ពានរង្វាន់​សម្តេច​ហ៊ុនសែន ឆ្នាំ​២០១៦ ។  

​លោក ម៉ៃ តុលា អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានឱ្យដឹងថា  សម្រាប់​ការប្រកួត​ក្របខណ្ឌ​កំពូល​ខេ​ម​បូ​ឌា​ន​លី​គ​១​ឆ្នាំ​២០១៦ នេះ មាន​ក្រុម​ចូលរួម​ប្រកួត​ចំនួន ១២ ហើយ​ក្រុម​ទាំងនោះ​ត្រូវធ្វើ​ការប្រកួត​តាម​រូបមន្ត​ក្នុង​ទឹកដី និង​ក្រៅ​ទឹកដី​(Home Away)​ដោយ​ក្រុម​នីមួយៗ​អាចដាក់​កីឡាករ​បរទេស​បាន​ចំនួន ៤ នាក់ ដោយ​មិន​គិតពី​អាយុ​នោះទេ សម្រាប់​រូបមន្ត​នៃ​ការប្រកួត យើង​មិនមាន​ការប្រកួត​វគ្គ​ខ្វែង​(Play off)​នោះទេ មានន័យថា​ប្រកួត​តែ ២ ជើង​ប៉ុណ្ណោះ នឹង​កំណត់​យក​លទ្ធផល​ជា​ផ្លូវការ​តែម្តង​។ ការប្រកួត​ក្របខ័ណ្ឌ​កំពូល​ខេ​ម​បូ​ឌា​ន​លី​គនេះ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១១ ខែកញ្ញា ខាងមុខនេះ​។​

​ចំណែក​ការប្រកួត​ក្របខ័ណ្ឌ​លី​គ​ទី​២ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២ ខែមេសា មាន​ក្រុម​ចូលរួម​ប្រកួត​ចំនួន ៦ ដោយ​ក្រុម​ទាំងនោះ​នឹងធ្វើ​ការប្រកួត​តាម​រូបមន្ត​ក្នុង​ទឹកដី និង​ក្រៅ​ទឹកដី​(Home Away) ប៉ុន្តែ​មិនមាន​វគ្គ​ខ្វែង​(Play off) ដូច​ការប្រកួត​លី​គ​កំពូល​ដែរ​។ កីឡាករ​ក្នុង​ក្រុម​នីមួយៗ​ត្រូវមាន​អាយុ​ក្រោម​២១​ឆ្នាំ​ពាក់កណ្ដាល និង​អាយុ​២១​ឆ្នាំ​ឡើង​ពាក់កណ្តាល ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​កីឡាករ​បរទេស​ចូលរួម​ប្រកួត​នោះទេ​។​

​លោក ម៉ៃ តុលា បាន​បន្ថែមថា ការប្រកួត​ពានរង្វាន់​សម្តេច​ហ៊ុនសែន ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៧ កុម្ភៈ ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី ៣១ ខែ កក្កដា ខាងមុខនេះ បានកំណត់​ឲ្យ​មានការ​ប្រកួត​តាម​រូបមន្ត​ក្រៅ​ទឹកដី និង​ក្នុង​ទឹកដី តាំងពី​វគ្គ​ជម្រុះ​តាម​តំបន់​ទាំង ៦ កីឡាករ​ដែល​ចូលរួម​ប្រកួត​មិន​គិត​អាយុ​នោះទេ ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យមាន​កីឡាករ​បរទេស​ដូច​ក្របខ័ណ្ឌ​លី​គ​២​ដែរ​។​

​គួរ​បញ្ជាក់ថា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ បានរៀបចំ​កិច្ចប្រជុំ​ស្តីពី សក្តានុពល​របស់​បាល់ទាត់​កម្ពុជា​ឆ្នាំ​២០១៦ ដោយមាន​ការចូលរួម​ពី​គ្រូបង្វឹក​តាម​ក្លិប​នីមួយៗ នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​។

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​ការអភិវឌ្ឍ​នៅតាម​ខេត្ត​ឱ្យ​កាន់តែ​សកម្ម​, ពង្រីក​ធនធាន​កីឡាករ​ថ្នាល និង​មន្ត្រី​ជំនាញ​, ប្រសិទ្ធភាព​បាល់ទាត់​ដើម្បី​យុវជន និង​សង្គម​, លើក​កំពស់​ទេសចរណ៍ វប្បធម៌ សាមគ្គី និង​អប់រំ​, ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​គោលដៅ​ឆ្ពោះទៅ​រកស៊ី​ហ្គេម​ឆ្នាំ​២០២៣ ៕


Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com