កីឡាជាតិ
ជាតិ
កីឡាករ​ក្នុង​លី​ក​រួមគ្នា​​លេង​ក្នុង​ព្រឹត្តិការណ៍​សប្បុរសធម៌ Football for Kids ​ជា​លើកដំបូង
26, Dec 2015 , 4:13 pm        
រូបភាព
ការប្រកួត​បាល់ទាត់​សប្បុរសធម៌​ដើម្បី​កុមារ (Football for Kids) ក្លាយជា​ព្រឹត្តិការណ៍​លើកដំបូង​ដែល​ផ្តល់ឱកាស​ដល់​កីឡាករ​បាល់ទាត់​អាជីព​ កម្ពុជា និង​ជប៉ុន បង្ហាញ​ជំនាញ និង​សកម្មភាព​របស់ខ្លួន​ដើម្បី​គោលដៅ​សប្បុរសធម៌។ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​គម្រោង KID Project រួមជាមួយ​ដៃគូ​ឧបត្ថម្ភ និង​សហការ​ផ្សេងទៀត ព្រឹត្តិការណ៍ Football for Kids ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង៣រសៀល​ថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០១៥ នៅលើ​ទីលាន​កងយោធពល​ខេមរភូមិន្ទ (ស្តា​ត​ចាស់)។



«ក្រៅពី​ការប្រើប្រាស់​ សមត្ថភាព​ប្រកួតប្រជែង​គ្នា​ដើម្បី​ដណ្តើមពាន និង​ប្រាក់រង្វាន់ យើង​ចង់ឃើញ​កីឡាករ​ខ្មែរ មានឱកាស​ប្រើប្រាស់​ជំនាញ​របស់ខ្លួន​ដើម្បី​បុព្វហេតុ​សប្បុរសធម៌»។ នេះ​ជាការ​លើកឡើង​របស់លោក សៀក វិសាល និស្សិត​ដែល​រៀន​នៅ​វិទ្យាស្ថាន Cam Ed និង​ជា​ប្រធាន​គម្រោង KID Project ។

លោក វិសាល បានបញ្ជាក់​ប្រាប់​សារព័ត៌មានថ្មីៗតាម​ទូរ​សព្ទ​ថា Football for Kids លេច​ជា​រូបរាង​ឡើង បន្ទាប់ពី​លោក និង​កញ្ញា រាម មុនី​ដែន​ដូ​ណា ដែលជា​អនុប្រធាន KID Project បាន​ពិភាក្សា​ជាមួយ​លោក ភា សុភ័ត្រា ដែលជា​គ្រូបង្វឹក​ម្នាក់​កម្រិត A-License ។ «Beckham ឬ Messi ជាដើម បាន​ប្រើប្រាស់​ការប្រកួត​កីឡាបាល់ទាត់​ដើម្បី​សប្បុរសធម៌ ដូច្នេះ​ខ្ញុំ​ជឿជាក់ថា គួច សុគ​ម្ភៈ, ចាន់ ឫទ្ធី, ឈិន ឈឿន, ស៊ូ យ៉ា​ទី និង​កីឡាករ​ខ្មែរ​ផ្សេងទៀត ក៏​អាច​មានឱកាស​ជួយ​ដល់​ជាតិ​របស់ខ្លួន​ផងដែរ»។ នេះ​បើតាម​ការអះអាង​របស់​លោក សៀក វិសាល។

ការប្រកួត​បាល់ទាត់​ សប្បុរសធម៌​ដើម្បី​កុមារ (Football for Kids) នា​វេលា​ម៉ោង៣រសៀល​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ គឺជា​ជំនួប​រវាង​ក្រុម Cambodian ALL Stars និង​ក្រុម Japanese ALL Stars។ Cambodian ALL Stars ប្រមូលផ្តុំ​ទៅដោយ​កីឡាករ​កម្ពុជា​ឆ្នើម​ដែល​លេង​ក្នុង​ក្របខណ្ឌ​កំពូល​ មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ដោយ​ស្ថិតក្រោម​ការដឹកនាំ​បង្វឹក​របស់លោក ភា សុភ័​ត្រា ខណៈ​ក្រុម Japanese ALL Stars មានការ​ចូលរួម​ពី​កីឡាករ មន្ត្រី និង​អ្នកជំនាញ​បាល់ទាត់​ជនជាតិ​ជប៉ុន​នៅ​កម្ពុជា។

លោក សៀក វិសាល បាន​អះអាងថា ក្រុម​លោក​ក៏បាន​អញ្ជើញ​កីឡាករ​អាហ្វ្រិក​ផងដែរ ប៉ុន្តែ​មិនមាន​ការឆ្លើយ ដូច្នេះ​ទើប​សម្រេច​ឲ្យ​មាន​ជំនួប​តែ​រវាង​ក្រុម​កម្ពុជា និង​ជប៉ុន។ លោក​បាន​បន្ថែមថា៖ «ថ្វីត្បិតតែ​ក្លិប​មួយចំនួន​មានការ​មមាញឹក​ខ្លាំង ជាពិសេស​ក្លិប​បឹងកេត​អង្គរ ប៉ុន្តែ​ថ្នាក់ដឹកនាំ និង​កីឡាករ បង្ហាញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ព្រឹត្តិការណ៍ Football for Kids នេះ»។

ទឹកប្រាក់​ដែល​ទទួលបាន​ពី​ការលក់​សំបុត្រ នឹង​បែង​ចែកជា​ពីរ​ផ្នែក ដោយ​មួយផ្នែក​យកទៅ​បរិច្ចាគ​ដល់​ការសាងសង់ ការតុបតែង និង​សម្ភារ​សម្រាប់​បណ្ណាល័យ​មួយ​នៅ​សាលារៀន​មួយ​ក្នុង​ខេត្តកំពត ហើយ​មួយផ្នែក​ទៀត នឹង​ត្រៀម​ទុក​សម្រាប់​ជួយ​ដល់​កុមារ​នៅតាម​បណ្តា​ខេត្ត​ផ្សេងទៀត។

អ្នករៀបចំ ​ការប្រកួត​បាល់ទាត់​សប្បុរសធម៌​ដើម្បី​កុមារ (Football for Kids) រំពឹងថា​នឹង​ការចូលរួម​គាំទ្រ​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​អ្នក​ស្រឡាញ់​កីឡាបាល់ទាត់។ លោក វិសាល បាន​គូសបញ្ជាក់ថា «ខ្ញុំ​មិន​ហ៊ាន​រំពឹង​ខ្ពស់​នោះទេ ប៉ុន្តែ​ហោចណាស់​ក៏​អាច​ឈានដល់៧០ភាគរយ​ផងដែរ ពីព្រោះ​ព្រឹត្តិការណ៍​នេះ មិន​ត្រឹមតែ​ដើម្បី​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ចំណែក​មួយ​ដើម្បី​សកម្មភាព​សប្បុរសធម៌​ផងដែរ»។ 

សមាសភាព​ កីឡាករ​កម្ពុជា​ដែល​ស្ម័គ្រចិត្ត​ចូល​លេង​ក្នុង​ព្រឹត្តិការណ៍ Football for Kids រួមមាន​ដូចជា ស៊ូ យ៉ា​ទី, ក្រូច ម៉ុ​ល, នេន សុធា​រ័ត្ន, អូ​ម ថាវរៈ, ប្រាក់ មុន្នី​ឧ​ត្ត​ម, ច្រឹង ពលរដ្ឋ, កែវ សុខ​ង​ន, គួច សុគ​ម្ភៈ, សួង វីរៈ, ណុប តុលា, សំអឿន ពិដោរ, សុក ច័ន្ទ​រស្មី, ឈុន សុធា​រ័ត្ន, ឈិន ឈឿន, ឃឹម បូរី, អ៊ុំ សេរី​រ័ត្ន, ពៅ ភា​រិ​ទ្ធ, ហុង ផេង, នួន បូរី។

សមាសភាព ​កីឡាករ​ក្រុម​ជប៉ុន​រួមមាន Yasuyuki Yoshida, Marin Takano, Takuya Watanabe, Taku Yanagidate, Kazuaki Ban, Takahito Ota, Shinya Yamamoto, Kazuki Tatsuta, Masahiro Fukasawa, Ryuto Kanemitsu, Junichi Ozawa, Naoki Nishiyama, Tomoyuki Sadakuni, Futa Hondo, Akira Higashiyama, Tatsuya Suzuki, Ippei Shimizu រួមទាំង Tetsu Karakida និង Taiichiro Saito ដែល​ធ្វើជា​កីឡាករ​ផង គ្រូបង្វឹក​ផង៕

ប្រភព​រូបថតទាំងអស់៖ ហ្វេសប៊ុក KID Project



Tag:
 បាល់ទាត់
  Football for Kids
© រក្សាសិទ្ធិដោយ thmeythmey.com