ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក យ៉ង់​ សាំង កុមារ សម្លឹងមើល​វិថី​នយោបាយ​ក្រោយ​ចប់​កិច្ចការ​អង្គការ​នៅ​ថ្ងៃស្អែក​
27, Dec 2015 , 10:42 am        
រូបភាព
​ភ្នំពេញ​៖ លោក យ៉ង់​សាំ កុមារ ដែល​បាន​ដឹកនាំ​អង្គការ​កសិកម្ម​សេ​ដាក់​អស់​រយៈពេល​១៨​ឆ្នាំ​មកហើយ​នោះ នឹង​បញ្ចប់​បេស​សកម្ម​របស់ខ្លួន​នៅ​ថ្ងៃស្អែក​ជា​ថ្ងៃ​ដែល​អង្គការ​សេ​ដាក់​គ្រោង​នឹងធ្វើ​សមាជ​ធំ​ជ្រើសរើស​ប្រធាន​ថ្មី ហើយ​លោក យ៉ង់​សាំង កុមារ ប្រកាស​នៅ​ថ្ងៃអាទិត្យ​នេះ​ថា លោក​នឹងមិន​ឈរ​ឈ្នោះ ជា​ប្រធាន​អង្គការ​ទៀតឡើយ​។ វិថី​ជីវិត​របស់លោក​នៅ​រារែក​នៅឡើយ ប៉ុន្តែ​សកម្មភាព​នយោបាយ​ក៏​ចាប់ផ្តើម​បន្តិច​ម្តងៗ​ដូច​ការគ្រោងទុក​រប​ស់លោក​ដែរ​។



​តាមរយៈ​បទ​សម្ភា​ន៍​ខ្លី​តាម​ទូរ​សព្ទ​នៅ​ថ្ងៃអាទិត្យ​នេះ លោក យ៉ង់​សាំង កុមារ ដែល​ដឹកនាំ​អង្គការ​កសិកម្ម​សេ​ដាក់​អស់​រយៈពេល​១៨​ឆ្នាំ​មកហើយ​នោះ បាន​និយាយ​ប្រាប់ថា លោក​នឹងមិន​ឈរឈ្មោះ​ជា​ប្រធាន​អង្គការ​នេះ​ទៀត​ទេ​។ នៅ​ថ្ងៃទី​២៨​ខែធ្នូ​ស្អែក​នេះ អង្គការ​សេ​ដាក់​នឹង​រៀបចំ​សមាជ​ន​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​ដែលមាន​បុគ្គលិក​អង្គការ និង​កសិករ​ចូលរួម​ប្រមាណ​ជា​១០០​នាក់​នៅ​មជ្ឈមណ្ឌល​ជប៉ុន CJCC​។

​ក្រោយពី​សម្រាក​ពី​ការងារ​នៅ​អង្គការ​សេ​ដាក់​នេះ លោក យ៉ង់​សាំង កុមារ ដែលជា​ស្ថា​និក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ម្នាក់​ដែរនោះ នឹង​សម្រាកកាយ​រយៈពេល​៦​ខែ មុននឹង​លោក​ចាប់យក​វិថី​នយោបាយ​ជាមួយ​គណបក្ស​ដែល​លោក​បាន​ចូលរួម​បង្កើត​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺជា​គណបក្ស​មួយ​ដែល​ត្រូវបាន​បង្កើត​រួមគ្នា​ដោយ​ចលនា​បញ្ញវន្ត​មួយក្រុម​ក្នុងនោះ​មាន​៖ លោក កែម ឡី អ្នកវិភាគ​សង្គម​នយោបាយ​, លោក យ៉ង់ សាំង កុមារ ប្រធាន​អង្គការ​សេ​ដាក់​, លោក យ៉េ​ង វីរៈ អ​តី​ប្រធាន​អង្គការ​, លោក សាម ស៊ុន​ឌឿ​ន អតីត​តំណាងរាស្ត្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​, និង​លោក សាម អ៊ី​ន ក៏​ជា​អតីត​ចេញ​មកពី​ប្រភព​អង្គកា​ដែរ​។

​នាពេល​បច្ចុប្បន្ននេះ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺ​លោក យ៉េ​ង វីរៈ អនុប្រធាន គឺ​លោក សាម ស៊ុន​ឌឿ​ន និង​អគ្គលេខាធិការ គឺ​លោក សាម អ៊ី​ន​។

​អ្វីដែល​អ្នកតាមដាន​ន​យោ​បាយ​ទន្ទឹងរង់ចាំ​មើល​នៅពេលនេះ គឺ​សមាសភាព​លោក យ៉ង់​សាំង កុមារ និង​លោក កែម ឡី ដែលជា​បុគ្គល​សំខាន់​នៅក្នុង​សង្គម​ខ្មែរ​។ សាកសួរ​នៅ​ថ្ងៃអាទិត្យ​នេះ​ថា តើ​លោក យ៉ង់​សាំង កុមារ ត្រៀមខ្លួន​មក​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ហើយ​ឬ​នៅ​នោះ​? លោក កុមារ បាន​ឆ្លើយថា លោក​អាច​នឹងចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​យ៉ាងសកម្ម​នៅ​ពាក់កណ្តាល​ខែមិថុនា​ឆ្នាំ​២០១៦​ខាងមុខ​។ ក្នុង​ចន្លោះ​ពី​ពេលនេះ​ទៅដល់​ពាក់កណ្តាល​ឆ្នាំ​២០១៦ លោក កុមារ សម្រាក់កាយ​ខ្លះ និង​ជួយ​គណបក្ស​ខ្លះ​។ តើ​លោក​នឹង​ត្រៀមខ្លួន​ធ្វើជា​ប្រធាន​គណបក្ស​ឬទេ​? លោក យ៉ង់​សាំង កុមារ ឆ្លើយថា គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។

​ងាក​មក​លោក កែម ឡី ឯណេះ​វិញ​។ លោក​ដែលជា​ស្ថាបនិក​ដ៏​សំខាន់​ម្នាក់​របស់​គណបក្ស​ដែរនោះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​ថា លោក​នឹងមិន​ចូលរួម​ជាមួយ​គណបក្ស​នេះ​ទេ​ដោយ​លោក​ចង់​ដឹកនាំ​ក្រុម​ស្រាវជ្រាវ​សង្គម​សេដ្ឋកិច្ច​របស់លោក​ច្រើនជាង​។

​អ្នកតាមដាន​សភាពការណ៍​សង្គម​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​សន្និដ្ឋាន​ថា ប្រសិនបើ​លោក យ៉ង់​សាំង កុមារ និង​លោក កែម ឡី មិនទាន់​សម្រេចចិត្ត​ច្បាស់លាស់​ក្នុងការ​ចូលរួម​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទេ គណបក្ស​នេះ​អាច​នឹងធ្វើ​ដំណើរ​ទៅមុខ​យឺតៗ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គណបក្ស​អាច​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន ក្នុងនោះ ដូចជា ការស្វែងរក​អ្នកគាំទ្រ​ជាដើម​៕


Tag:
 យ៉ង់ ​សាំង កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com