កីឡាជាតិ
ជាតិ
Football for Kids ទទួលបាន​ថវិកា​៤០០​ដុល្លារ​អាមេរិក និង​ជាង​២​លាន​រៀល​
28, Dec 2015 , 12:01 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​សប្បុរសធម៌​ដើម្បី​កុមារ (Football for Kids) នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ កាលពី​រសៀល​ថ្ងៃអាទិត្យ រកបាន​ថវិកា​៤០០​ដុល្លារ​អាមេរិក និង​ជាង​២,២​លាន​រៀល តាមរយៈ​ការលក់​សំបុត្រ និង​ជំនួយ​សប្បុរសធម៌​។​

 
​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​គម្រោង KID Project រួមជាមួយ​ដៃគូ​ឧបត្ថម្ភ និង​សហការ​ផ្សេងទៀត ព្រឹត្តិការណ៍ Football for Kids បាន​ទាក់ទាញ​អ្នកទស្សនា​ប្រមាណ​ជាង​៨០០​នាក់ ក្នុងនោះ​មាន​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ​។​
 
​ជំនួប​រវាង​ក្រុម Cambodian ALL Stars និង​ក្រុម Japanese ALL Stars បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ដោយ​ខ្សែបម្រើ​ក្លិប​ស៊ីម៉ាក Takahito Ota រកបាន​គ្រាប់​បាល់​នាំមុខ​ឲ្យ​ក្រុម​ជប៉ុន​នៅ​តង់​ទី​១ ហើយ​ខ្សែប្រយុទ្ធ​ភ្នំពេញ​ក្រោ​ន កែវ សុខ​ង​ន វាយបក​តាម​ស្មើ​សម្រាប់​ក្រុម​កម្ពុជា​នៅក្នុង​តង់​ទី​២ ។ 
 
Cambodian ALL Stars ប្រមូលផ្តុំ​ទៅដោយ​កីឡាករ​កម្ពុជា​ឆ្នើម​ដែល​លេង​ក្នុង​ក្របខណ្ឌ​កំពូល​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ដោយ​ស្ថិតក្រោម​ការដឹកនាំ​បង្វឹក​របស់លោក ភា សុ​ភ័​ត្រា មានឱកាស​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ចំនួន​២​លើក ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច ខណៈ​ក្រុម Japanese ALL Stars មានការ​ចូលរួម​ពី​កីឡាករ មន្ត្រី និង​អ្នកជំនាញ​បាល់ទាត់​ជនជាតិ​ជប៉ុន​នៅ​កម្ពុជា ក៏បាន​បង្ហាញ​សមត្ថភាព​ដ៏​ទាក់ទាញ​ផងដែរ​។​
 
​លោក សៀក វិសាល និស្សិត​ដែល​រៀន​នៅ​វិទ្យាស្ថាន Cam Ed និង​ជា​ប្រធាន​គម្រោង KID Project  បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅមុន​ការប្រកួត​ថា ទឹកប្រាក់​ដែល​ទទួលបាន​ពី​ការលក់សំបុត្រ នឹង​បែង​ចែកជា​ពីរ​ផ្នែក ដោយ​មួយផ្នែក​យកទៅ​បរិច្ចាគ​ដល់​ការសាងសង់ ការតុបតែង និង​សម្ភារ​សម្រាប់​បណ្ណាល័យ​មួយ​នៅ​សាលារៀន​មួយ​ក្នុង​ខេត្តកំពត ហើយ​មួយផ្នែក​ទៀត នឹង​ត្រៀម​ទុក​សម្រាប់​ជួយ​ដល់​កុមារ​នៅតាម​បណ្តា​ខេត្ត​ផ្សេងទៀត​៕


​ប្រភព​រូបថត​៖ KID Project

Tag:
 ​បាល់ទាត់​
  Football for Kids
© រក្សាសិទ្ធិដោយ thmeythmey.com