អន្តរជាតិ
ចិន ក្តៅស្លឹកត្រចៀក​ក្រោយ​ពលរដ្ឋ​ហ្វីលីពីន​ទៅ​បាតុកម្ម​ដល់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​
28, Dec 2015 , 9:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង កំពុង​ក្តៅក្រហាយ​ខ្លាំង បន្ទាប់ពី​ពលរដ្ឋ​ហ្វីលីពីន បាន​ចូលទៅក្នុង​តំបន់​ជម្លោះ សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​តែងតែ​អះអាងថា​ខ្លួន​ជា​ម្ចាស់​កម្ម​សិ​ទិ្ធ​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន ទទូច​ឲ្យ​ហ្វីលីពីន បញ្ឈប់​បង្កបញ្ហា​នៅក្នុង​តំបន់​ជម្លោះ​ទៀតផង​។



​នៅ​ថ្ងៃ​ច័ន្ទ ទី​២៨ ធ្នូ​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក លូ កាំ​ង ( Lu Kang ) បានចេញ​មុខ ប្រតិកម្ម​នឹង​ពលរដ្ឋ​ហ្វីលីពីន​ដែល​បាន​ចូលទៅក្នុង​តំបន់​កោះ​ស្ព្រា​ត​លី​ដែល​ចិន​បាន​អះអាងថា​ខ្លួន ម្ចាស់​កម្មសិទ្ធិ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​។

​សូម​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃ​សៅរ៍ ទី​២៦ ធ្នូ កន្លងទៅ ក្រុមបាតុករ​ហ្វីលីពីន​ប្រមាណ​៥០​នាក់ ភាគច្រើន​ជា​និស្សិត បាន​ទៅដល់​កោះ Pagasa ដែល​ស្ថិតនៅក្នុង​បណ្តុំ​កោះ Spratly ដើម្បី​ប្រឆាំង​ការបំពាន​របស់​រដ្ឋាភិបាល​ចិន​លើ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ហ្វីលីពីន​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ក្រុមបាតុករ​បាន​អះអាងថា ការ​ទៅដល់​តំបន់​ដែល​កំពុង​តែមាន​ជម្លោះ​នេះ  គឺជា​និមិត្តសញ្ញា​មួយ នៃ​ការប្រឆាំង​ការបំពាន​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​ជុំវិញ​បញ្ហា​នេះ លោក លូ កាំ​ង អះអាងថា ចិន ពិត​សោកស្តាយ​ចំពោះ​សកម្មភាព​នៃ​ពលរដ្ឋ​ហ្វីលីពីន នៅក្នុង​តំបន់​ជម្លោះ​។ លោក បានបញ្ជាក់​ជាថ្មី​ថា ចិន មិន​ដែលមាន​ជម្លោះ​នៅក្នុង​តំបន់​កោះ​ស្ព្រា​ត​លី នោះទេ​។

​បន្ថែម​ពីនេះ លោក លូ កាំ​ង ក៏បាន​ទទូច​ឲ្យ​ហ្វីលីពីន ដកចេញ​រាល់​សំណង់​ទាំង​អស់ពី​កោះ​ស្ព្រា​ត​លី ដោយ​ចិន​បាន​ចោទ​ពលរដ្ឋ​ហ្វីលីពីន ថា​ចូលទៅ​កាន់កាប់​ដោយ​ខុសច្បាប់​។ លោក ថា សកម្មភាព​នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់ និង​ទំនាក់ទំនង​រវាង​ចិន និង​ហ្វីលីពីន​ផងដែរ ។​

​សូមបញ្ជាក់​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​រវាង​រដ្ឋ​អាស៊ាន​បួន ដូចជា​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​ជាមួយនឹង​ចិន​។ ចិន គឺជា​ភាគី​តែមួយគត់​ដែល បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​។ ហើយ​ការទាមទារ​នោះ បាន​បំពាន​ទៅនឹង​តំបន់ សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​រដ្ឋ​អាស៊ាន​។ ក្នុងចំណោម​រដ្ឋ​អាស៊ាន​ទាំង​បួន មានតែ​ហ្វីលីពីន​ប៉ុណ្ណោះ ដែល​ហ៊ាន​ចេញមុខ​តវ៉ា​ប្រឆាំង​ជាមួយ​ចិន​តាមរយៈ​ភាព​ការទូត និង​ការពង្រឹង​វិស័យ​យោធា​។​

​កន្លងមក​ចិន បាន​ប្រើប្រាស់​ភស្តុតាង​ប្រវត្តិសាស្ត្រ​ក្នុងការ​ទាមទារ​លើ​តំបន់​ជម្លោះ​។ ការ​សម្អាង​នេះ ហើយ​ដែល​ធ្វើ​ឲ្យ​ចិន តែងតែ​ចាត់ទុក​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរតែ​ទាំងស្រុង​ថា​ស្ថិតនៅក្នុង កម្មសិទ្ធិ​របស់ខ្លួន​។ តែ​រដ្ឋ​ពាក់ព័ន្ធ​នៃ​អាស៊ាន​វិញ បានទាមទារ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​នៃ​តំបន់​ជម្លោះ សមុទ្រ​ចិន​ខាងត្បូង តាម​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ ដែល​ចិន ចាត់ទុកថា​បាន​រំលោភ​នឹង​ការទាមទារ របស់ខ្លួន​៕


Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com