អន្តរជាតិ
មន្ត្រី​ជំនិត​លោក​គីម ជុង​អ៊ុន ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​
30, Dec 2015 , 10:35 am        
រូបភាព
ដោយ:
​លោក Kim Yang-Gon មនុស្ស​ជំនិត​របស់​មេដឹកនាំ​កូរ៉េខាងជើង បាន​បាត់​បង់ជីវិត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍។ នេះ​បើ​យោង​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ចុះផ្សាយ​នៅ​ថ្ងៃទី​៣០ ខែធ្នូនេះ។​



​មន្ត្រីជាន់ខ្ពស់​របស់​កូរ៉េខាងជើង​លោក Kim Yang-Gon ជា​មនុស្ស​ជំនិត​ប្រមុខរដ្ឋ​កូរ៉េខាងជើង​បាន​បាត់បង់​ជីវិត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង​នៅ​ថ្ងៃទី​២៩ ខែធ្នូ​។ ប៉ុន្តែ​សារព័ត៌មាន KCNA មិនបាន​ផ្ដល់ព័ត៌មាន​ជាក់លាក់​ពី​ហេតុការណ៍​នេះ​ទេ។ ពិធី​បុណ្យសព​ផ្លូវការ​របស់លោក Kim Yang-Gon នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃទី​៣១ ខែធ្នូ ហើយ​មេដឹកនាំ​វ័យក្មេង​លោក គីម ជុង​អ៊ុន នឹងចូលរួម​ក្នុង​កម្មវិធី​នេះ។

​លោក Kim Yang-Gon ជាម​នុស្ស​ជំនិត​ម្នាក់​របស់​មេដឹកនាំ​កូរ៉េខាងជើង និង​មាន​តួនាទី​ជា​លេខា​បក្ស​ពលករ ដែល​កំពុង​គ្រប់គ្រង​ប្រទេស។ ក្រៅពីនេះ​លោក Kim Yang-Gon ក៏មាន​តួនាទី​ជា​ប្រធាន​រណសិរ្ស​រួបរួម ដែល​ទទួលបន្ទុក​ការងារ​ជាមួយ​ភាគី​កូរ៉េខាងត្បូង​។ ​លោក Kim ក៏បាន​ចូលរួម​ក្នុង​ការចរចា​ជាមួយ​កូរ៉េខាងត្បូង​កាលពី​ខែសីហា ក្រោយ​ការប៉ះទង្គិច​គ្នា​មួយ​ប្រាវ ដែល​ធ្វើ​ឲ្យ​កម្ដៅ​ជម្លោះ​កើនឡើង​ខ្លាំង។

​ជាមួយគ្នានេះ KCNA បានពិ​ពណ៌នាថា ​ការស្លាប់​របស់លោក Kim គឺជា​ការបាត់បង់​យ៉ាង​ធំ​សម្រាប់​ប្រជាជន​កូរ៉េខាងជើង និង​បាន​លើកសរសើរ​ចំពោះ​ការងារ​ដែលលោក​បានធ្វើ​ក្នុងការ​រួបរួម​កូរ៉េ​ទាំងពីរ។ លើសពីនេះ បុរស​វ័យ​៧៣​ឆ្នាំ​រូបនេះ ក៏​ជា​អ្នកផ្ដល់យោបល់​ដល់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​សម្រាប់​ការងារ​ការបរទេស ក៏ដូចជា​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ​ផងដែរ​។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក Kim Yang-gon បាន​ដើរតួនាទី​យ៉ាងសំខាន់ ​ក្នុងការ​រៀបចំ​ជំនួប​កំពូល​រវាង​អតីត​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ីល និង​អតីត​ប្រ​ធានា​ធីប​តី​កូរ៉េខាងត្បូង​លោក រ៉ូ ម៉ូ​យុន (Roh Moo-Hyun) នៅ​ឆ្នាំ​២០០៧។ លោក Kim គឺជា​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​តែ​ម្នាក់​គត់ ​ដែល​ចូលរួម​ក្នុងជំនួប​នោះ​ ដែល​នេះ ​មានន័យថា ការស្លាប់​របស់លោក Kim Yang-gon ពិត​ជាមាន​ផលប៉ះពាល់​ខ្លាំង ​ដល់​ទំនាក់ទំនង ​និង​ការរួបរួម​កូរ៉េ​ទាំងពីរ។ លោក Kim ជា​មនុស្ស​ម្នាក់​ ដែលមាន​បទពិសោធន៍​ច្រើន ​ក្នុង​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង ហើយ​ប្រហែលជា​គ្មាន​នរណា ​អាច​ជំនួស​តំណែង​គាត់ ក្នុង​ការផ្ដល់យោបល់​ក្នុង​រឿងនេះ​ ដល់​លោក គីម ជុង​អ៊ុន​ឡើយ៕


Tag:
 គីម ជុង​អ៊ុន​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com