ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះអង្គ ប៊ុត ប៊ុន​តិ​ញ ចង់​ឲ្យ​លោក ខឹម វាសនា ឡើង​តុមូល ជជែក​ជាមួយ​ព្រះសង្ឃ​
30, Dec 2015 , 2:13 pm        
រូបភាព
​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម ស្នើ​ឲ្យ​ក្រសួង​ធម្មការ និង​សាសនា រួមទាំង​មន្ត្រី​សង្ឃ​ជាន់ខ្ពស់ អញ្ជើញលោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ឡើង​តុមូល ដើម្បី​សួរដេញដោល ជុំវិញ​ចលនាន​យោបាយ​របស់លោក ដែល​ត្រូវបាន​ចោទថា​ជា​សកម្មភាព​បំផ្លាញ​ព្រះពុទ្ធសាសនា​។ ព្រះអង្គ​មាន​សង្ឃដីកា​បែបនេះ ក្រោយពី​បាន​ស្តា​ប់លោក ខឹម វាសនា ប្រតិកម្ម​ចំពោះ​ព្រះសង្ឃ ដែល​ចោទថា លោក​មាន​ចេតនា​បំផ្លាញ​ព្រះពុទ្ធសាសនា ដោយ​គ្មាន​វត្តមាន​របស់ខ្លួន ហើយ​មានបំណង​ចង់​ចូលខ្លួន​ទៅ​បកស្រាយ​ពីអ្វី​ដែ​លោក​បានធ្វើ​កន្លងមក​។



​ថ្លែង​ក្នុង​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​លើក​ទី​២៤  នា​ថ្ងៃទី​៣០ខែធ្នូ ព្រះអង្គ ប៊ុត ប៊ុន​ទិញ បានយល់ស្រប​នូវ​សំណើ​របស់ លោក ខឹម វាសនា ដែល​ចង់​ចូលខ្លួន​មក​បំភ្លឺ ជុំវិញ​ការចោទប្រកាន់ថា លោក​ចង់​ផ្តួលរំលំ​ព្រះពុទ្ធសាសនា​។

​ព្រះអង្គ​បានបញ្ជាក់​ថា​៖«​រដ្ឋមន្ត្រី គួររៀបចំ​គណៈកម្មកា​រ​មួយ ហើយ​ហៅ​លោក ខឹម វាសនា មក​សួរដេញដោល ព្រោះ​គាត់​ថា បើ​គណៈសង្ឃ​និង​ក្រសួង​ធម្មការ ហ៊ាន​ហៅ​គាត់​នៅទីណា​ក៏បាន ក៏​គាត់​មក​ដែរ​។ ឥឡូវ​ឲ្យ​គាត់​ត្រៀមខ្លួន​ឡើងមក ព្រះសង្ឃ​យើង​ពេញ​ប្រទេសចាំ​សួរ​គាត់​»​។

​មិនមែន​ត្រឹមតែ​ព្រះអង្គ ប៊ុត ប៊ុន​តិ​ញ មួយអង្គ​ទេ សូម្បីតែ​ព្រះសង្ឃ​មួយចំនួនទៀត ក៏​សម្តែង​ការគាំទ្រ​ដែរ ចំពោះការ​អនុញ្ញាត​ឲ្យ​ប្រមុខ​បក្ស​រូបនេះ ​ចូលខ្លួន​មក​បកស្រាយ​។ ប៉ុន្តែ ការលើកឡើង​ខាងលើនេះ ក៏មាន​ព្រះសង្ឃ​ផ្សេងទៀត បដិសេធ​ដែរ ដោយហេតុ​ផល​ថា ករណី​របស់ លោក ខឹម វាសនា គួរ​ធ្វើ​ទៅតាម​វិធានការ​នៃ​ច្បាប់​ទើប​ប្រសើរ​ជាង​។ យ៉ាងណាក៏ដោយ សេចក្តី​សម្រេច​ចុងក្រោយ ដែល​ត្រូវ​ចាត់វិធានការ​ចំពោះ​លោក ខឹម វាសនា នោះ នឹងត្រូវ​បានប្រកាស​នៅពេល​បិទ​អង្គប្រជុំ​មន្ត្រី​សង្ឃ​ទូទាំងប្រទេស នា​រសៀល​ថ្ងៃទី​៣០ ខែធ្នូ​នេះ។​

​កាលពី​ថ្ងៃទី​២៩ ខែធ្នូ លោក ខឹម វាសនា បានសម្តែង​ការមិន​ពេញចិត្ត​ ចំពោះ​មន្ត្រី​សង្ឃ​ទូទាំងប្រទេស ដែល​លើកករណីរ​របស់លោកមក​ពិភាក្សា ​ដោយ​គ្មាន​វត្តមាន​របស់ខ្លួន និង​ចោទប្រកាន់ថាលោក ចង់​ផ្តួលរំលំ​ព្រះពុទ្ធសាសនា​ថែមទៀត​។

​ប្រធាន​បក្សរូបនេះ បាន​មានប្រសាសន៍ថា ប្រសិនបើ​ព្រះសង្ឃ​ច្បាស់ថា ​លោកពិតជា​ចង់​បំផ្លាញ​ព្រះពុទ្ធសាសនា​មែន ​គួរតែ​អញ្ជើញលោកឲ្យចូលរួម ដើម្បី​វែកញែក​ និង​ទទួលកំហុស​។

​លោក ខឹម វាសនា បានបញ្ជាក់​បែបនេះ​ថា​៖«​ប្រសិនបើ​ព្រះសង្ឃ​ច្បាស់​ក្នុង​ចិត្ត​ថា អ្វីដែល​ខ្ញុំ​និយាយ​ក្នុង​វត្ថុបំណង​ដើម្បី​ផ្តួលរំលំ​ព្រះពុទ្ធសាសនា​មែន អ៊ីចឹង​ព្រះសង្ឃ​គួរតែ​ហៅ​ខ្ញុំ​ទៅ​ជជែក​វែកញែក និង​ទទួលកំហុស​លើ​អ្វីដែល​ខ្ញុំ​បាន​និយាយ នៅ​ចំពោះមុខ​ព្រះសង្ឃ​ទាំងអស់​អង្គ​»៕


Tag:
 ​ព្រះសង្ឃ​
  ខឹម វាសនា​
© រក្សាសិទ្ធិដោយ thmeythmey.com