អន្តរជាតិ
វៀតណាម​នឹង​សាកល្បង​យន្តហោះ​ឈ្លបយកការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​
30, Dec 2015 , 9:39 pm        
រូបភាព
​រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​បញ្ចេញ​យន្តហោះ​ឈ្លបយកការណ៍​គ្មាន​អ្នកបើក​សម្រាប់​ល្បាត​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ យន្តហោះ​គ្មាន​អ្នកបើក​នេះ​ជា​យន្តហោះ​ផលិត​ក្នុងស្រុក ហើយ​វា​នឹងត្រូវ​បង្ហោះ​សាកល្បង​នៅ​ឆ្នាំ ២០១៦​ខាងមុខនេះ​។



​ចុងឆ្នាំ ២០១៥ នេះ​រដ្ឋាភិបាល​វៀតណាម​បាន​បញ្ចេញ​យន្តហោះ​គ្មាន​អ្នកបើក​ឈ្លបយកការណ៍​របស់ខ្លួន​ដែល​ប្រើប្រាស់​សម្រាប់​ល្បាត​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ យន្តហោះ​នេះ​ជា​ផលិតផល​ក្នុងស្រុក ហើយ​វា​ជា​សមិទ្ធផល​នៃ​គម្រោង​រួមមួយ​រវាង​ស្ថាប័ន​វិទ្យាសាស្ត្រ​និង​ឧស្សាហកម្ម​វៀតណាម និង​ក្រសួង សន្តិសុខ​សាធារណៈ​។  

​បើតាម​របាយការណ៍រ​បស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម យន្តហោះ​គម្រូ​របស់​វៀតណាម​ត្រូវបាន​គេ​ផលិត​រួចរាល់​នៅក្នុង​ខែវិច្ឆិកា ហើយ​រដ្ឋាភិបាល​ក្រុង​ហាណូយ​នឹង​រៀបចំ​បង្ហោះ​សាកល្បង​យន្តហោះ​របស់ខ្លួន​នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយនេះ​។ គេ​មិន​បានដឹង​ច្បាស់​ថា​វៀតណាម​ផលិត​បានសម្រេច​យន្តហោះ​គ្មាន​អ្នកបើក​ប៉ុន្មាន​គ្រឿង​ឡើយ ប៉ុន្តែ​យន្តហោះ​ម៉ាក​នេះ​អាច​ប្រើប្រាស់​បាន​ទាំង​កិច្ចការ​ស៊ីវិល​និង​យោធា ហើយ​វា​អាច​ហោះ​បាន​រយៈកម្ពស់​៤​គីឡូម៉ែត្រ​។​

​ការផលិត​បាន​យន្តហោះ​គ្មាន​អ្នកបើក​សម្រាប់​ប្រើប្រាស់​ឈ្លបយកការណ៍​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ​ជា​ជោគជ័យ​ធំ​សម្រាប់​វៀតណាម ហើយ​វៀតណាម​នឹង​ប្រើប្រាស់​សម្ភារៈ​ទាំងនេះ​ដើម្បី​សម្រួល​ដល់​ការ​ប្រមែរ​ប្រមូល​របាយការណ៍​ចារកម្ម​និង​ល្បាត​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅពេល​ខាងមុខនេះ​។​

​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ វៀតណាម​ហាក់បីដូចជា​ព្យាយាម​ពង្រឹង​អំណាច​យោធា​របស់ខ្លួន​កាន់តែខ្លាំង តាមរយៈ​ការផលិត​អាវុធ​ផង នាំ​អាវុធ​ចូល​ផង​។ ហើយ​ប្រទេស​នេះ​ក៏​ប្រឹង​អែប​មហាអំណាច​ធំៗ​ដើម្បី​ទុកជា​ខ្នងបង្អែក​ដើម្បី​ប្រឆាំង​ក្រុង​ប៉េកាំង​ផងដែរ​។

​ក្នុង​ឆ្នាំ ២០១៤ វៀតណាម​បាន​នាំចូល​នាវាមុជទឹក​ជាច្រើន​គ្រឿង​ពី​រុស្ស៊ី​ដើម្បី​ពង្រឹង​យុទ្ធសាស្ត្រ​ការពារ​ដែនសមុទ្រ​។ ហើយ​រដ្ឋាភិបាល​នេះ​ក៏​បញ្ជា​ទិញ​យន្តហោះ​គ្មាន​អ្នកបើក​ជាច្រើន​គឿង​ពី​ប្រទេស​បេឡា​រ៉ុ​ស​។  ហើយ​ចន្លោះ​ឆ្នាំ ២០១៤ ដល់ ២០១៥ គេ​ក៏​ឃើញ​វៀតណាម​បញ្ជា​ទិញ​យន្តហោះ​គ្មាន​អ្នកបើក​ជាច្រើន​គ្រឿង​ផងដែរ​ពី​ប្រទេស​អ៊ីស្រាអែល​ដែរ​៕


Tag:
 សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com