ជាតិ
លោក រ៉ុង ឈុន​៖ «​លុយ និង​តំណែង មិនអាច​ទិញ​ខ្ញុំ​បានទេ​»
03, Jan 2016 , 9:19 pm        
រូបភាព
៩​ខែ​ហើយ​ដែល​អតីត​សកម្មជន​សិទ្ធិមនុស្ស និង​ជា​មេដឹកនាំ​សហជីព​គ្រូបង្រៀន និង​កម្មករ កំពុង​អង្គុយ​នៅលើ​កៅអី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​លោក​នឹកស្មាន​មិន​ដល់​។ ប៉ុន្តែ​បើតាម​លោក រ៉ុង ឈុន តំណែង​ធំ ប្រាក់ខែ​ច្រើន នៅតែ​មិន​សំខាន់​ដូច​បញ្ហា​សង្គម ដែល​លោក​ចង់​ចូលរួម​ដោះស្រាយ​នោះឡើយ​។ អតីត​សកម្មជន​អ្នកការពារ​សិទ្ធិ​គ្រូបង្រៀន​រូបនេះ​នៅតែ​ទន្ទេញ​ចាំមាត់ ថា​លោក​នឹង​លាលែង​ចេញពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នេះ បើសិនជា​គណៈកម្មាធិកា​រ​ជាតិ​នេះ មិន​ឯករាជ្យ​។



​តួនាទី និង​តំណែង​ថ្មី​ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) រយៈពេល​៩​ខែ​មកនេះ មិនបាន​ធ្វើ​ឲ្យ​លោក រ៉ុង ឈុន ផ្លាស់ប្តូរ​រូបរាង​ខាងក្រៅ​ច្រើន​ឡើយ​។ លោក រ៉ុង ឈុន ដែលមាន​វ័យ​៤៧​ឆ្នាំ នៅតែ​បង្ហាញ​ភាពសាមញ្ញ ដោយ​រស់នៅក្នុង​ផ្ទះល្វែង​មួយ​នៅក្បែរ​មជ្ឈមណ្ឌល​ស្ប៉ា​ក ដែល​ប្រើ​ជា​ការិយាល័យ​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ដែល​លោក​ធ្លាប់​ធ្វើជា​ប្រធាន​តាំងពី​ឆ្នាំ​២០០០​មក រហូតដល់​លោក​លាលែង​នៅ​ឆ្នាំ​២០១៥​ដើម្បី​ចូល​បំពេញការងារ​នៅ​គ​.​ជ​.​ប​។​

​គេ​ហាក់​មិន​ចម្លែក​ប៉ុន្មាន​ឡើយ​នៅពេលដែល​លោក រ៉ុង ឈុន នៅពេលនេះ កំពុង​រស់នៅក្នុង​ទីស្នាក់ការ​នៃ​សមាគមន​គ្រូបង្រៀន​ឯករាជ្យ​ដែល​លោក​ជា​អ្នកបង្កើត​ឡើង​ដោយ​ខ្លួនឯង​កាលពី​១៥​ឆ្នាំមុន​។ លោក រ៉ុង ឈុន ដែល​បង្កើត​សហជីព​ការពារ​កម្មករ​នៅ​ឆ្នាំ​២០០៥​ថែម​មួយទៀត​នោះ ត្រូវបាន​គេ​មើលឃើញថា លោក​មាន​សម្មានចិត្ត​ទៅលើ​គណបក្ស​សម រង្ស៊ី និង​ក្រោយ​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ រហូតដល់​លោក​បាន​ចូលរួម​ក្នុង​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្រោយ​ការបោះឆ្នោត​នីតិកាល​ទី​៥​ទៀតផង​។ ជា​អ្នក​កំណើត​នៅក្នុង​ភូមិ​ចុង​តូច ស្រុក​ស្អាង ខេត្តកណ្តាល និង​មាន​ឯកទេស​ជា​គ្រូបង្រៀន​ផ្នែក​គណិតវិទ្យា លោក រ៉ុង ឈុន ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់ឈ្មោះ​ស្នើ​ជា​សមាជិក គ​.​ជ​.​ប នៅក្នុង​ក្របខណ្ឌ​នៃ​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ (​ប្រជាជន​កម្ពុជា និង​សង្គ្រោះ​ជាតិ​)  ដើម្បី​កំណែទម្រង់​។​

«​ខ្ញុំ​មិនដែល​គិតថា តំណែង​ធំ និង​លុយកាក់ សំខាន់​ជាង​បញ្ហា​សង្គម​ទេ​»
​នៅ​ថ្ងៃទី​១៣ មេសា ឆ្នាំ​២០១៥ លោក រ៉ុង ឈុន ត្រូវបាន​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត (​គជប​) តែងតាំង​ជា​សមាជិក គ​.​ជ​.​ប​។ តាមរយៈ​តួនាទី​សមាជិក គ​.​ជ​.​ប​នេះ វា​គឺជា​ការផ្លាស់ប្តូរ​របៀប​តស៊ូ​មតិ​ថ្នាក់ជាតិ​ថ្មី​មួយ សម្រាប់​លោក រ៉ុង ឈុន ដែលមាន​មហិច្ឆតា​ចង់រក​យុត្តិធម៌​ក្នុងសង្គម និង​ចង់​ការពារ​សេចក្ដីសុខ​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​។ តួនាទី​សមាជិក គ​.​ជ​.​ប នេះ មិនមែនជា​មហិច្ឆតា​ដែល​លោក រ៉ុង ឈុន សម្លឹង​ឃើញ​និង​ចង់បាន​ដើម្បី​ប្រយោជន៍​ខ្លួន នៅពេលដែល​លោក​ចេញមុខ​តស៊ូ​មតិ​ជាង​២០​ឆ្នាំ​នេះឡើយ​។​

«​ខ្ញុំ​មិនមាន​អារម្មណ៍​ត្រេកត្រអាល​និង​តួនាទី​គ​.​ជ​.​ប​នេះ​ទេ​។ ខ្ញុំ​ដឹងថា​អ្នកខ្លះ​ឃើញ​ខ្ញុំ​មកកាន់​តួនាទី​ជា​សមាជិក គ​.​ជ​.​ប នេះ ប្រហែលជា​ពួកគេ​វាយតម្លៃ ឬ​គិតថា ខ្ញុំ​តស៊ូ​មតិ​កន្លងមក គឺ​ដើម្បី​តែ​តួនាទី និង​តំណែង​ហើយ​មើលទៅ​។ តែ​ខ្ញុំ​សូមបញ្ជាក់ថា តួនាទី តំណែង និង​លុយកាក់​មិន​សំខាន់​ទេ សម្រាប់​ខ្ញុំ​ទេ​។ តំណែង​ធំៗ លុយកាក់ គឺ​មិនអាច​ចាប់ចិត្ត​ខ្ញុំ​ជាប់ មិន​ឲ្យ​ខ្ញុំ​គិត មិន​ឲ្យ​ខ្វល់​ពី​បញ្ហា​សង្គម​ឡើយ​។ ហើយ​អ្វីដែល​សំខាន់​សម្រាប់​ខ្ញុំ គឺ​ដោះស្រាយ​បញ្ហា​សង្គម និង​ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្ដូរ និង​ដំណើរ​ការវិវត្ត​សង្គម​»​។ លោក រ៉ុង ឈុន ក៏បាន​យក​ថវិការ​៣០​ភាគរយ ដែល​ខ្លួន​ទទួលបាន​ពី​បៀវត្ស​ប្រចាំខែ បរិច្ចាគ​ទៅ​ឲ្យ​សមាគម និង​សហជីព​ដែល​លោក​ជា​ស្ថាបនិក​។​

​នៅពេលដែល​សួ​ថា បើ​មិន​ត្រូវការ​តំណែង និង​លុយកាក់ តើ​លោក​ចង់បាន​អ្វី​ក្នុង​ការតស៊ូ​មតិ​ជាង​ឆ្នាំ​២០​មកនេះ​? សមាជិក​គ​.​ជ​.​ប បាន​ឆ្លើយថា ឲ្យ​តែ​ការផ្លាស់ប្ដូរ​សង្គម​ឲ្យ​មាន​ភាពសមរម្យ សង្គម​មាន​ភាពយុត្តិធម៌ ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ភាពថ្លៃថ្នូរ គឺ​គ្រប់គ្រាន់​សម្រាប់​បុរស​វ័យ​៤៦​ឆ្នាំ​នេះហើយ​។​

«​បើ គ​.​ជ​.​ប មិន​ឯករាជ្យ និង​អព្យាក្រឹត​ទេ ខ្ញុំ​នឹង​លាលែង​ពី​តំណែង​»
​បើទោះជា​មិនមាន​ពិសោធន៍​ច្រើន​ក្នុង​កិច្ចការ​បោះឆ្នោត​ក៏ដោយ វា​គ្មាន​អ្វីដែល​អតីត​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​រូបនេះ​ព្រួយបារម្ភ ថា​គាត់​ធ្វើ​មិនបាន​នោះទេ​។ អ្វីដែល​លោក រ៉ុង ឈុន ខ្វាយខ្វល់​នោះ​គឺ​ការរក្សា​ជំហរ​រឹងមាំ​ដើម្បី​ការពារ​ភាពត្រឹមត្រូវ យុត្តិធម៌​នៅក្នុង​ស្ថាប័ន​នេះ រហូតដល់​លោក​ហ៊ាន​អះអាង​ប្រាប់​សារព័ត៌មាន​ថា បើ គ​.​ជ​.​ប មិន​ឯករាជ្យ និង​មិន​អព្យាក្រឹត​ទេ លោក​នឹង​លាលែង​ពី​តំណែង​។ សម្រាប់​លោក រ៉ុង ឈុន ការមកដល់​ស្ថាប័ន​ថ្នាក់ជាតិ​ដ៏​ចម្រូង​ច​សម្រាស​នេះ វា​នឹងធ្វើ​ឲ្យ​លោក​បាន​រៀនសូត្រ​បន្ថែមទៀត​អំពី​ការងារ​រៀបចំ​ការបោះឆ្នោត ដែល​លោក​ធ្លាប់បាន​យកចិត្តទុកដាក់ និង​ធ្លាប់​រិះគន់​មិន​សំចៃមាត់ កាល​នៅ​អាណត្តិ​នៃ​សមាសភាព​ចាស់​នៃ​គ​.​ជ​.​ប​។

«​ខ្ញុំ​អង្គុយ​នៅ​ទីនោះ​ជិត​៩​ខែ យើង​បានធ្វើ​ការងារ​ច្រើន ការរៀបចំ​នីតិវិធី​មួយចំនួន ការរៀបចំ​បញ្ជី​ចុះឈ្មោះ​សាកល្បង​។ ហើយ​មកដល់ពេលនេះ​ក៏​វា​មិនទាន់មាន​ការខ្វែងគំនិត​គ្នា​លើកដៃ​ជំទាស់​ក្នុង​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​នេះឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក រ៉ុង ឈុន​។​

​ការខ្វែងគំនិត​បាន​មានតែ​មួយដង​គត់ គឺ​នៅពេលដែល​លោក រ៉ុង ឈុន ដែល​បាន​ក្លាយជា​សមាជិក​គ​.​ជ​.​ប ហើយ​នោះ ក៏​ស្រាប់​តែមាន​វត្តមាន​នៅក្បែ​រ​ក្បួន​ដង្ហែ​តវ៉ា​របស់​គ្រូបង្រៀន និង​សហជីព​នៅក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃទី​១​ឧសភា​ឆ្នាំ​២០១៥​។ កាលណោះ លោក រ៉ុង ឈុន ត្រូវបាន​ប្រធាន​គ​.​ជ​.​ប កោះហៅ​ដើម្បី​សួរដេញដោល​បញ្ហា​នេះ និង​បានស្នើ​ឲ្យ​លោក រ៉ុង ឈុន បញ្ឈប់​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ឯករាជ្យភាព​នៃ​ស្ថាប័ន​គ​.​ជ​.​ប​។​

​ដើម្បី​គ្រូបង្រៀន​បានរស់នៅ​ថ្លៃថ្នូរ​
​កើត​នៅ​ថ្ងៃ ទី​១៥ ខែកក្កដា ឆ្នាំ​១៩៦៩ លោក រ៉ុង ឈុន គឺជា​កូនចៅ​កសិករ​នៅ​ភូមិ​ចុង​តូច ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្ដាល​។ នៅក្នុង​អំឡុង​ទស្សវត្សរ៍ ១៩៧០ នៅពេលដែល​ប្រទេស​កម្ពុជា​ធ្លាក់​ចូលក្នុង​សង្គ្រាម​ជា​បន្តបន្ទាប់​នោះ ក្រុមគ្រួសារ​របស់​កុមារ រ៉ុង ឈុន បាន​ស្ថិតនៅ​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​ដែល​បានរស់នៅ​រង​ទុក្ខលំបាក​ដែរ មុនពេល​របប​ខ្មែរក្រហម ត្រូវបាន​ផ្តួលរំលំ​ក្នុង ឆ្នាំ​១៩៧៩​។ ក្រោយ​របប​អាវខ្មៅ​ដួលរលំ ក្រុមគ្រួសារ​នេះ ក៏បាន​រស់នៅ​ស្រុកកំណើត​ខ្លួន​វិញ ហើយក៏​ជា​ពេលដែល​កុមារ រ៉ុង ឈុន បាន​ចាប់​ចូលរៀន​នៅ​សាលាបឋមសិក្សា​តា​លន់ រហូតដល់​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​ស្រុក​កោះធំ ខេត្តកណ្ដាល និង​បន្ដ​ការសិក្សា​ដោយ​ប្រឡង​ចូល​សាកលវិទ្យាល័យ​ភ្នំពេញ​នៅ​ឆ្នាំ​១៩៨៦​។ ក្រោយពី​បញ្ចប់​ការសិក្សា​ឯកទេស​គណិតវិទ្យា​នៅ​ឆ្នាំ​១៩៩៣ និស្សិត រ៉ុង ឈុន បាន​នាំយក​ជំនាញ​គណិតវិទ្យា​របស់​ខ្លួន ត្រឡប់​ទៅ​វិទ្យាល័យ​ស្អាង​វិញ ដោយ​បង្រៀន​ផ្នែក​គណិតវិទ្យា ចាប់ពី​ថ្នាក់ ទី​១០ ដល់​ថ្នាក់ ទី​១២ ហើយក៏​ជា​ពេលដែល​គ្រូបង្រៀន​រូបនេះ ចេញមុខ​តស៊ូ​មតិ​ទាមទារ​ប្រាក់ខែ និង​ភាពថ្លៃថ្នូរ​របស់​គ្រូបង្រៀន និង​កម្មករ​រោងចក្រ​ដែរ ក្រោយពី​ខ្លួន​បាន​មើលឃើញ​ភាពអយុត្តិធម៌ និង​អំពើពុករលួយ​ក្នុងសង្គម​តាំងពី​រៀន​នៅ​សកលវិទ្យា​ល័យ​។​

​លោក រ៉ុង ឈុន បានបញ្ជាក់​ដូច្នេះ​ថា​៖«​បន្ទាប់ពី​ខ្ញុំ​បង្រៀន​ជា​ហូរហែរ​មក តាំងពី​រៀន​សាកលវិទ្យាល័យ​មក​ខ្ញុំ​ឃើញ​ប្រព័ន្ធ​ការងារ​រដ្ឋ មាន​អារម្មណ៍​មិន​សប្បាយចិត្ត​ទៅនឹង​ការគ្រប់គ្រង​បែប​ដាក់​សម្ពាធ​ទៅ​មន្ត្រីក្រោមឱវាទ​។ ដូច្នេះហើយ​បានជា​នៅពេល​ខ្ញុំ​បង្រៀន​នៅ​វិទ្យាល័យ​ស្អាង ខ្ញុំ​មានគំនិត​តស៊ូ​មតិ​ចេញពី​វិទ្យាល័យ​ស្អាង​នេះ ពី​បញ្ហា​តម្លាភាព គណនេយ្យភាព​នៃ​ការគ្រប់គ្រង​ថវិកា​របស់​សាលា និង​ការពារ​យុត្តិធម៌​ដល់​សិស្សានុសិស្ស​»​។​

​ស្របពេល​ដែល​លោក​កំពុង​ចេញមុខ​តស៊ូ​មតិ​យ៉ាងខ្លាំង​ក្លា​ដើម្បី​ទាមទារ​សិទ្ធិ​និង​ការពារ​សេចក្ដីថ្លៃថ្នូរ​ប​ស់​គ្រូបង្រៀន​នេះ លោក រ៉ុង ឈុន ក៏បាន​មើលឃើញ​បញ្ហា​ប្រាក់ខែ​របស់​កម្មករ​មួយផ្នែក​ទៀត ដែល​ជំរុញ​ចិត្ត​គ្រូបង្រៀន​រូបនេះ ឲ្យ​បោះជំហាន​យ៉ាងជ្រៅ ចូលក្នុង​ការចូលរួម​សកម្មភាព​ទាមទារ​សិទ្ធិសេរីភាព លក្ខខណ្ឌ​ការងារ និង​ប្រាក់ខែ​កម្មករ​ឲ្យ​បាន​សមរម្យ ជាមួយ​អតីត​សហជីព​សេរី​កម្ម​កលោក ជា វិជ្ជា​។​

​កាន់តែ​គំរាម កាន់​តែមាន​ទឹកចិត្ត​
​ជា​សកម្មជន​សិទ្ធិមនុស្ស ជា​មេដឹកនាំ​បាតុកម្ម​តវ៉ា លោក រ៉ុង ឈុន បានទទួល​ការគំរាមកំហែង​មិនតិច​ដង​ឡើយ​។ នេះ​មិន​រាប់​ពី​ការបាញ់ប្រហារ​សម្លាប់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៅក្នុង​ឆ្នាំ​២០០៤ ដែលជា​មិត្តភក្តិ​ជិតស្និទ្ធ​របស់លោក​ឡើយ​។ ផ្ទុយទៅវិញ ការគំរាមកំហែង​ទាំងនោះ បាន​លើកទឹកចិត្ត​លោក រ៉ុង ឈុន ឲ្យ​រឹតតែ​តស៊ូ​មតិ​កាន់តែខ្លាំង និង​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល​ដោយ​មិន​សំចៃមាត់​។

​លោក រ៉ុង ឈុន ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៥ តុលា ឆ្នាំ​២០០៥ ហើយ​ត្រូវបាន​ឃុំខ្លួន​រយៈពេល​៩៦​ថ្ងៃ ពាក់ព័ន្ធ​នឹង​ការចេញ​សេចក្ដីថ្លែងការណ៍​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​ពី​រឿង​ព្រំដែន​។ តែ​ឧបសគ្គ​ទាំងនេះ​ក៏​មិន​បំបាក់ស្មារតី​លោក រ៉ុង ឈុន ដែលមាន​មហិច្ឆតា​ចង់​ឲ្យ​មានការ​ភាពយុត្តិធម៌​ក្នុងសង្គម​ឡើយ​។ លោក​បញ្ជាក់ថា​៖«​វា​អត់​មាន​ឧបសគ្គ​រារាំង​ទឹកចិត្ត​យើង​ទេ​។ បើសិនជា​យើង​ម្នាក់ៗ​គិតថា​មាន​ឧបសគ្គ​បន្ដិចបន្តួច​គេចវេះ ហើយ​យើង​ទម្លាក់ចោល​នូវ​ការងារ​នេះ ខ្ញុំ​គិតថា វា​នឹងធ្វើ​ឲ្យ​មនុស្ស​រាប់សែន​លាន​នាក់​រងគ្រោះ​ដោយសារ​ភាពអយុត្តិធម៌​។ ដូច្នេះ​បើ​យើង​ជា​អ្នក​យល់ដឹង​ជាងគេ យើង​ត្រូវ​ចូលរួម​ដើម្បី​ទាមទារ​រក​ភាពយុត្តិធម៌ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ជាមួយ​យើង​»​។​

​បុរស​វ័យ​៤៦​ឆ្នាំ​រូបនេះ យល់ថា ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​ឲ្យ​បាន​ទទួលបាន​ផ្លែផ្កា​នោះ មនុស្ស​គ្រប់រូប​ត្រូវ​ចេញមុខ​តស៊ូ​មតិ​ទាមទារ ដោយ​ចិត្ត​ស្មោះត្រង់​នឹង​ប្រទេសជាតិ មិនមែន​តស៊ូ​មតិ អួតខ្លួន​ថា ជា​អ្នកការពារ​ប្រជាពលរដ្ឋ ការពារ​ផលប្រយោជន៍​ជាតិ ដើម្បី​សម្លឹងមើល​តំណែង​និង​ទ្រព្យសម្បត្តិ​មានបាន​នៅពេល​ខាងមុខ​នោះទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com