អន្តរជាតិ
អា​រ៉ា​ប៊ី សា​អូឌីត​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីរ៉ង់​
04, Jan 2016 , 10:10 am        
រូបភាព
ដោយ:
​អា​រ៉ា​ប៊ី សា​អូឌីត បានប្រកាស​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីរ៉ង់ ក្រោយ​បាតុករ​ជនជាតិ​អ៊ីរ៉ង់​បាន​វាយប្រហារ​លើ​ស្ថានទូត​របស់ខ្លួន​ប្រចាំ​ទីក្រុង​តេ​ហេ​រ៉ង់ ដែល​តវ៉ា​ប្រឆាំងនឹង​ការប្រហារជីវិត​មេដឹកនាំ​ស៊ី​អ៊ី​តម្នាក់​ដោយ​អាជ្ញាធរ​អា​រ៉ា​ប៊ី សា​អូឌីត ។ ហើយ​មន្ត្រីការទូត​អ៊ីរ៉ង់​មាន​រយៈពេល​៤៨​ម៉ោង ដើម្បី​ចាកចេញ​ពី​ទីក្រុង​រី​យ៉ា​ដ ។



​រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ី សា​អូឌីត​លោក Adel al-Jubeir បានប្រកាស​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីរ៉ង់ ដែលជា​គូប្រជែង​ក្នុង​តំបន់ ក្រោយ​ការវាយប្រហារ​លើ​ស្ថានទូត​អា​រ៉ា​ប៊ី សា​អូឌីត​ប្រចាំ​ទីក្រុង​តេ​ហេ​រ៉ង់​កាលពី​ថ្ងៃអាទិត្យ ទី​៣ ខែមករា ។ ថ្លែង​ក្នុង​សន្និសីទកាសែត លោក Adel al-Jubeir បាន​ប្រាប់ថា មន្ត្រីការទូត​អ៊ីរ៉ង់​ត្រូវ​ចាក​ចេញពី​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​រយៈពេល​៤៨​ម៉ោង ។ លោក​បន្តថា អា​រ៉ា​ប៊ី សា​អូឌីត មិន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​បង្ក​គ្រោះថ្នាក់​ដល់​ខ្លូន​នោះទេ​។​

​ទាក់ទង​នឹង​ការវាយប្រហារ​ស្ថានទូត​វិញ រដ្ឋមន្ត្រីការបរទេស​រូបនេះ​បាន​បញ្ជាក់ថា មន្ត្រី​ទូត​អា​រ៉ា​ប៊ី សា​អូឌីត បានស្នើ​រក​ជំនួយ​ពី​អាជ្ញាធរ​អ៊ីរ៉ង់​នៅពេលដែល​មានការ​វាយប្រហា​រលើ​ស្ថានទូត តែ​សំណើ​ត្រូវបាន​បដិសេធ​រហូតដល់​ទៅ​៣​ដង ។ មិនតែប៉ុណ្ណោះ លោក al-Jubeir ក៏បាន​ចោទប្រកាន់ថា អាជ្ញាធរ​អ៊ីរ៉ង់​បាន​ចូល​ដៃ​ក្នុងការ​វាយប្រហារ​នេះ ពីព្រោះ​សម្ភារមួយចំនួន​ក្នុង​ស្ថានទូត​ត្រូវបាន​គេ​លួច​។

​ដើមហេតុ​ដំបូង​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​គូប្រជែង​ទាំងពីរ​ធ្លាក់​ដល់​ដំណាក់កាល​នេះ គឺ​នៅ​ថ្ងៃទី​២ មករា ក្រុង​រី​យ៉ា​ដ​បាន​ប្រហារជីវិត មេដឹកនាំ​និកាយ​ស៊ី​អ៊ី​ត Cheikh Nimr និង​មនុស្ស​៤៦​នាក់​ទៀត ដែល​ជាប់ចោទ​ពីបទ​ភេរវកម្ម ។ ប្រមុខ​សាសនា Sheikh Nimr ជា​តួអង្គ​និកាយ​ស៊ី​អ៊ី​ត​ដ៏​សំខាន់ ដែល​ប្រឆាំងនឹង​រាជវង្ស​និកាយ​ស៊ុន​នី​ត Al-Saoud នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ។ គាត់​បាន​លេចធ្លោ​ក្នុង​ចលនា​បដិវត្តន៍​អារ៉ាប់ កាលពី​ឆ្នាំ​២០១១ នៅ​ភាគ​ខាងកើត​ប្រទេស​ដែល​សំបូរ​ដោយ​ធនធាន​ប្រេង ។​

​ក្រោយ​ការប្រហារជីវិត Sheikh Nimr ក្រុម​និកាយ​ស៊ី​អ៊ី​ត​បាន​ងើប​តវ៉ា​ប្រឆាំង​។ មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei បាន​ថ្កោលទោស​ការប្រហារជីវិត​នេះ ។ លោក​និយាយថា អា​រ៉ា​ប៊ី សា​អូឌីត នឹង​ទទួលរង​ការ​សងសឹក​ជាមិនខាន ចំពោះ​ទង្វើ​របស់ខ្លួន ។ ហើយ​ការស្លាប់​របស់ Nimr នឹង​តាម​បន្លាច​អា​រ៉ា​ប៊ី សា​អូឌីត ។

​ក្រៅពី​អ៊ីរ៉ង់ នៅ​បា​រ៉ែ​ន ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បី​បំបែកហ្វូង​បាតុករ​និកាយ​ស៊ី​អ៊ី​ត​។ នៅ​ក្រុង​និកាយ​ស៊ី​អ៊ី​ត Karbala ទឹកដី​អ៊ីរ៉ាក់​ឯណោះ​វិញ បាតុករ​រាប់រយ​នាក់​បាននាំគ្នា​តវ៉ា​ប្រឆាំង​ក្រុង​រី​យ៉ា​ដ​។ នៅ​យេ​ម៉ែន សមាគម​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​បះបោរ​មួយ​បានប្រកាស​គំរាម​ធ្វើ​បដិវត្ត​ធ្ងន់ធ្ងរ ប្រឆាំង​អា​រ៉ា​ប៊ី​សា​អូឌីត​។​
   
​គួរ​បញ្ជាក់ថា តាំងពីដើម​រៀងមក អា​រ៉ា​ប៊ី សា​អូឌីត និង អ៊ីរ៉ង់ មិនដែល​ត្រូវ​គ្នា​នោះទេ ។ នេះ​ក៏ដោយ​សារ​ប្រទេស​ទាំងពីរ​កាន់​និកាយ​ខុសគ្នា ដោយ អា​រ៉ា​ប៊ី សា​អូឌីត ប្រកាន់​និកាយ​ស៊ុន​នី ខណៈ​អ៊ីរ៉ង់​សំបូរ​ដោយ​ជននិកាយ​ស៊ី​អ៊ី​ត​ភាគច្រើន ។ មួយវិញទៀត ប្រទេស​ទាំងពីរ ក៏​ជា​គូប្រជែង​ឥទ្ធិពល​ក្នុង​តំបន់​ផងដែរ ។ ជាក់ស្ដែង​នោះ គឺ​វិបត្តិ​នៅ​យេ​ម៉ែន​តែម្ដង ពោលគឺ​អា​រ៉ា​ប៊ី សា​អូឌីត គាំទ្រ​កងកម្លាំង​រដ្ឋាភិបាល ឯ​អ៊ីរ៉ង់​គាំទ្រ​ក្រុម​ឧទ្ទាម ដែល​កំពុង​ប្រយុទ្ធ​គ្នា​នៅឡើយ ៕


Tag:
 អា​រ៉ា​ប៊ី សា​អូឌីត​
  អ៊ីរ៉ង់​
© រក្សាសិទ្ធិដោយ thmeythmey.com