អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស្ថាន​កុងស៊ុល​ឥណ្ឌា​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​រង​ការវាយប្រហារ​ក្រោយ​ទស្សនកិច្ច​លោក​ម៉ូ​ឌី​
04, Jan 2016 , 5:16 pm        
រូបភាព
 
 
​ខ្មាន់កាំភ្លើង​មួយក្រុម​បាន​បើក​ការវាយប្រហារ​លើ​ស្ថាន​កុងស៊ុល​ឥណ្ឌា​នៅ​ទីក្រុង​ភាគ​ខាងជើង​អា​ហ្វ​ហ្កា​នី​ស្ថាន​នៅ​ថ្ងៃអាទិត្យ ទី​៣ ម្សិលមិញ ហើយ​គេ​អាច​លឺ​សំឡេង​ផ្ទុះ​និង​ការប្រយុទ្ធ​គ្នា​រវាង​កងសន្តិសុខ​និង​ក្រុម​ខ្មាន់កាំភ្លើង ។ យ៉ាងណាក៏ដោយ មកទល់ពេលនេះ គេ​មិនទាន់​កំណត់​អត្តសញ្ញាណ​ក្រុម​នេះ​បាន​នៅឡើយ​ទេ ។​

 
​ស្ថាន​កុងស៊ុល​ឥណ្ឌា​ប្រចាំ​ទីក្រុង Mazar-i-Sharif បាន​រង​ការវាយប្រហារ​ពី​សំណាក់​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម​នៅ​ថ្ងៃទី ៣ ខែមករា ម្សិលមិញ ។ ក្រុម​ខ្មាន់កាំភ្លើង​បាន​បើក​ការវាយប្រហារ​លើ​ស្ថាន​កុងស៊ុល​ដែល​នៅ​ភាគ​ជើង​ប្រទេស ហើយ​គេ​ក៏បាន​លឺ​សំឡេង​ផ្ទុះ​ខ្លាំង​ផងដែរ ។ តែ​ពេលនេះ មិនទាន់មាន​ក្រុម​ណា​ចេញមក​ទទួលខុស​ត្រួវ​នៅ​ចំពោះ​ការវាយប្រហារ​ឡើយ​ទេ ។​
 
​យោងតាម​សារព័ត៌មាន AFP  មន្ត្រី​កុងស៊ុល​ឥណ្ឌា​បាន​ថ្លែងថា​៖«​យើង​កំពុង​រង​ការវាយប្រហារ ហើយ​ការវាយប្រហារ​កំពុងតែ​បន្ត​នៅឡើយ ។ មន្ត្រី​រូបនេះ​ដែល​បាន​និយាយ​ចេញពី​អាគារ​ដែល​ត្រូវបាន​ការពារ​យ៉ាង​តឹងរ៉ឹង​បន្តទៀតថា បុគ្គលិក​ក្នុង​ស្ថាន​កុងស៊ុល​ទាំងអស់​មាន​សុវត្ថិភាព​។ 
 
​បើ​យោងតាម​មន្ត្រី​សន្តិសុខ​អា​ហ្វ​ហ្កា​នី​ស្ថាន​វិញ ក្រុម​ខ្មាន់កាំភ្លើង​បាន​លាក់ខ្លួន​ក្នុង​អាគារ​មួយ​នៅក្បែរ​ស្ថាន​កុងស៊ុល​ឥណ្ឌា ហើយ​បាន​បើក​ការវាយប្រហារ​មកលើ​អាគារ​កុងស៊ុល ។ ភ្លាមៗ​នោះ កងសន្តិសុខ​អា​ហ្វ​ហ្កា​នី​ស្ថាន​ដែល​ការពារ​នៅ​ទីនោះ​ក៏បាន​បាញ់​តដៃ​វិញ​ដែរ ។ លោក Shir Jan Durrani មន្ត្រីប៉ូលិស​ប្រចាំ​ទីក្រុង Mazar-i-Sharif បញ្ជាក់ថា កងកម្លាំង​សន្តិសុខ​បាន​ព័ទ្ធ​តំបន់​នោះ​អស់ហើយ ។ ចំណែក​ប្រតិបត្តិការ​បោសសំអាត​កំពុងតែ​ធ្វើឡើង​យ៉ាង​ប្រុងប្រយ័ត្ន ។​
 
​ការវាយប្រហារ​នេះ​បានកើត​ឡើង ក្រោយ​ក្រុម​ជ្រុលនិយម​ឥស្លាម​មួយក្រុម​បើក​ការវាយប្រហារ​ដូចគ្នា​លើ​មូលដ្ឋាន​ទ័ពអាកាស​ឥណ្ឌា ដែលមាន​ទីតាំង​ក្បែរ​ព្រំដែន​ប៉ា​គី​ស្ថាន ។ ទាហាន ៧​នាក់​និង​ខ្មាន់កាំភ្លើង​៦​នាក់​បាន​ស្លាប់​នៅ​មូលដ្ឋានទ័ព Pathankot ក្នុង​រដ្ឋ​Punjab ។​
 
​លើសពីនេះ ការវាយប្រហារ​នេះ​កើតឡើង​ត្រឹម​មួ​យស​ប្ដា​ហ៏​ប៉ុណ្ណោះ ក្រោយ​ដំណើរ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី (Narendra Modi) ទៅកាន់​អា​ហ្វ​ហ្កា​នី​ស្ថាន និង​ប៉ា​គី​ស្ថាន ។ លោក ម៉ូ​ឌី បាន​ទៅដល់​ទីក្រុង​កា​ប៊ុល ដើម្បី​សម្ភោ​ធ​អាគារ​សភា​ដែល​ឥណ្ឌា​ជួយ​កសាង និង​ប្រគល់​ឧទ្ធម្ភាគចក្រ​ផលិត​នៅ​រុស្សី ៣​គ្រឿង​ដល់​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន​ថែមទៀត​៕     
 
 

Tag:
 ឥណ្ឌា​
  អា​ហ្វ​ហ្កា​នី​ស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com