អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រោយ​ស្ងប់ស្ងាត់​មួយរយៈ ចិន​-​វៀតណាម ប្រឈមមុខគ្នា​ជាថ្មី​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង
05, Jan 2016 , 7:59 am        
រូបភាព
ដោយ:
 
​បើទោះបីជា​ប្រធានបទ​សមុទ្រ​ចិន​ខាងត្បូង តែងតែ​ត្រូវបាន​លើក​ជា​របៀបវារៈ​រៀងរាល់​កិច្ចប្រជុំ​កំពូល​រវាង អាស៊ាន និង​ចិន​ក៏ដោយ ដំណោះស្រាយ​ផ្លែផ្កា នៅ​មិនទាន់​ត្រូវបាន​សម្រេច​នៅឡើយ​នោះទេ​។ អវត្តមាន​នៃ​ដំណោះស្រាយ​នេះ គឺជា​ឱកាស​មួយ​សម្រាប់​ចិន ក្នុង​ការបន្ត​អនុវត្ត​គោលនយោបាយ​វាតទី​និយម​។ ភាពមិន​ដាច់ស្រេច​នេះ បានធ្វើ​ឲ្យ​មហា​យក្ស​ចិន និង​វៀតណាម ត្រូវ​ប្រឈមមុខគ្នា​ជាថ្មី បន្ទាប់ពី​ស្ថានភាព​ហាក់ដូចជា​ស្ងប់ស្ងាត់​មួយរយៈ​ពេល​។​




​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​រដ្ឋាភិបាល​ក្រុង​ហាណូយ​ពី​ការបំពាន​លើ​អធិបតេយ្យ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ហើយ​អះអាងថា​សកម្មភាព​រប​ស់​ខ្លួន​ធ្វើឡើង​ដោយ​ស្របច្បាប់​។ សេចក្តីប្រកាស​នេះ​ធ្វើឡើង​ក្រោយពី​យន្តហោះ​ល្បាត​របស់​ចិន បាន​ចុះចត​លើ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​
 
​កាលពី​ថ្ងៃទី​២ មករា​កន្លងទៅ យន្តហោះ​ល្បាត​របស់​ចិន បាន​ចូល​ចុះចត​នៅក្នុង​តំបន់​ថ្ម​ប៉ប្រះ​ទឹក Fiery ដែលជា​ផ្នែក​មួយ នៃ​បណ្តុំ​កោះ​ស្ព្រា​ត​លី និង​ជា​តំបន់​ដែល​ចិន និង​វៀតណាម​កំពុងតែ​ប្រទាញប្រទង់ គ្នា​ក្នុងការ​ដាក់​ជា​កម្មសិទ្ធិ​រៀងៗ​ខ្លួន​។ ភាគី​ទាំងពីរ សុទ្ធសឹងតែ​អះអាងថា មាន​សិទ្ធិ​ក្នុងការ​ចូលទៅ កាន់កាប់​នៅក្នុង​តំបន់​ជម្លោះ​។​
 
​តាមពិតទៅ វា​មិនមែនជា​រឿង​ថ្មី​នោះទេ ដែលមាន​វត្តមាន​កង​ទ័ព ឬ​សកម្មភាព​ចិន​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ គឺ​រយៈពេល​៤​ទសវត្សរ៍​ហើយ​ដែល​ចិន បន្តសកម្មភាព​ចូលទៅក្នុង​តំបន់​ជម្លោះ សមុទ្រ​ចិន​ខាងត្បូង​ជា​ឯកតោភាគី​ដែលជា​តំបន់​ត្រួតស៊ីគ្នា​ជាមួយនឹង​រដ្ឋ​អាស៊ាន​នោះ​។ រដ្ឋ​ពាក់ព័ន្ធ នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​។ 
 
​ខណៈ​ការចរចា​រវាង​អាស៊ាន និង​ចិន​កំពុងតែ​ស្ថិតនៅក្នុង​នីតិវិធី ចិន បាន និង​កំពុង​សាងសង់​កោះ​សិប្បនិម្មិត​នៅក្នុង​តំបន់​ជម្លោះ​ជាច្រើន​ហិកតា​។ កោះ​សិប្បនិម្មិត​នេះ ត្រូវបាន​គេ​ជឿជាក់ថា នឹង​ប្រែក្លាយ ជា​មូលដ្ឋាន​យោធា​របស់​ចិន​ដ៏​សំខាន់ បើទោះជា​ចិន បាន​អះអាងថា​សកម្មភាព​រប​ស់​ខ្លួន គឺ​ដើម្បី​បំពេញតម្រូវការ​ស៊ីវិល​ក៏ដោយ​។ ការបន្ត​សកម្មភាព​ម្តង​បន្តិចៗ​របស់​ចិន​នៅក្នុង​កោះ​សិប្បនិម្មិត កំពុងតែ​ក្លាយជា​ការគំរាមកំហែង​ទាំង​ផ្នែក​សន្តិសុខ និង​សកម្មភាព​ពាណិជ្ជកម្ម​តាម​ដែនសមុទ្រ​។ 
 
​កន្លងមក គេ​សង្កេតឃើញថា មានតែ​ហ្វីលីពីន​ប៉ុណ្ណោះ​នោះទេ ដែល​ហ៊ាន​ចេញមុខ​តវ៉ា​ជាមួយ​ចិន ទាំង​ផ្នែក​ការទូត ច្បាប់ និង​យោធា​។ យ៉ាងណាក៏ដោយ ចុងក្រោយ​នេះ វៀតណាម  ជា​ភាគី​ជម្លោះ និង ជា​រដ្ឋ​ជិតខាង​ជាមួយនឹង​ចិន បាន​ប្រតិកម្ម​ខ្លាំង​ទៅនឹង​សកម្មភាព​របស់​ចិន​ក្នុង​តំបន់​ជម្លោះ​។ ក្នុងនោះ រដ្ឋាភិបាល​វៀតណាម បាន​កោះ​ឲ្យ​រដ្ឋាភិបាល​ចិន បញ្ឈប់​សកម្មភាព​រប​ស់​ខ្លួន​ជាបន្ទាន់​នៅក្នុង​តំបន់ ជម្លោះ ដោយ​ចោទថា​ចិន បាន​បំពាន​ច្បាប់ និង​បំពាន​ដែន​អធិបតេយ្យ​ទាំងស្រុង​។ 
 
​សូម​រម្លឹក​ផងដែរ ការប្រឈមមុខ​ចុងក្រោយ​ខ្លាំង ចិន និង​វៀតណាម ផ្ទុះឡើង​នៅ​ឆ្នាំ​២០១៤​។ នោះ​គឺ មាន​ប្រជាជន​វៀតណាម​ជាច្រើន បាន​ផ្ទុះ​កុបកម្ម និង​បាន​បំផ្លាញ​ទ្រព្យសម្បតិ្ត​ដែលជា​កម្មសិទ្ធិ​របស់ ចិន​នៅក្នុង​ប្រទេស​វៀតណាម​ជាច្រើន ក្រោយពី​ទាហាន​ល្បាត​ចិន បាន​បាញ់​ពន្លេច​ទូក​នេសាទ​របស់​វៀតណាម​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​៕ 

Tag:
 សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com