ពីនេះ ពីនោះ
ប្រយ័ត្ន​៤​យ៉ាង ដើម្បី​រក្សា​ជីវិត​ឲ្យ​ប្រពៃ​!
06, Jan 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុង​ជីវិត​ប្រចាំថ្ងៃ​រមែង​តែងតែ​ជួប​រឿងរ៉ាវ​គ្រប់យ៉ាង មនុស្ស​គ្រប់​ប្រភេទ និង​ស្ថានភាព​ផ្សេងៗ​ដែល​អាចមាន​ឥទ្ធិពល​ល្អ និង​អាក្រក់​មកលើ​ការរស់នៅ​។ បុគ្គល​គ្រប់រូប​ត្រូវតែមាន​ស្មារតី​ប្រុងប្រយ័ត្ន ការពារចំពោះ​ហេតុ​អាក្រក់​គ្រប់បែបយ៉ាង​ដើម្បី​នាំ​ជីវិត​ខ្លួន ឲ្យ​ធ្វើដំណើរ​ទៅ​ប្រកបដោយ​សន្តិភាព និង​កុសល​។ ខាងក្រោម​នេះ​ជា​ប្រយ័ត្ន​បួន​យ៉ាង​ដែល​បុគ្គល​គ្រប់រូប​គួរ​ពិចារណា​ដើម្បី​រក្សា​ជីវិត​ឲ្យ​ប្រពៃ​៖



១/. នៅ​ម្នាក់ឯង​ឲ្យ​ប្រយ័ត្ន​គំនិត​៖ មនុស្ស​យើង​ពេល​នៅ​ម្នាក់ឯង តែងតែ​ចង់​ធ្វើ​អ្វី​ទៅតាម​អារម្មណ៍​នឹកឃើញ​របស់ខ្លួន ដោយ​គ្មាន​ការប្រុងប្រយ័ត្ន​ព្រោះ​គិតថា​គ្មាន​អ្នកណា​ដឹង​រឿង​របស់ខ្លួន​។ ជន​ខ្លះ​មិន​ហ៊ាន​ធ្វើអំពើ​បាប ទាប​ថោក​នៅ​ចំពោះមុខ​អ្នកដទៃ នៅ​ទីប្រជុំជន ដោយ​ខ្លាច​គេ​ឃើញ គេ​និន្ទា ឬ​ខ្លាចត្រូវ​ទោសទណ្ឌ​កម្ម ដោយ​ប្រការ​ណាមួយ។ តែពេលនៅ​ម្នាក់ឯង ឬ​នៅ​កន្លែង​ស្ងាត់ ដែល​គេ​មិនដឹងមិនឮ​បើ​ធ្វើបាប​កម្ម​ទៅ ក៏​គ្មាន​ន​ណារ​ដឹងឮ ឬ​មានទោស​អ្វី​ឡើយ។ ម្លោះ​ហើយក៏​យក​ការ​នៅ​ម្នាក់ឯង ឬ​កន្លែង​ស្ងាត់ ធ្វើ​នូវ​បាបកម្ម​តាម​បំ​ណង​របស់ខ្លួន​។ បាបកម្ម​ហុច​ផល​អាក្រក់​តាំងពី​ចាប់​ផ្ដើមធ្វើ​ម្លេះ ទោះ​នរណាៗ​មិនដឹងមិនឃើញ​ ក៏​ខ្លួនឯងមិនអាច​មានចិត្ត​សុខ​ស្ងប់​ស្រួល​ឡើយ​។ ហេតុនេះហើយ ទើបបានជា​គេ​ឲ្យ​ប្រយ័ត្ន​គំនិត​ពេល​នៅ​ម្នាក់ឯង គឺថា​យើង​ត្រូវ​មានការ​ប្រុងប្រយ័ត្ន ដោយ​មិន​ធ្វេសប្រហែស​ជានិច្ច មិន​ថា​​យើង​នៅ​ម្នាក់ឯង ឬ​នៅមាន​គ្នា​នោះទេ​។​

២/. នៅ​ជាមួយ​ញាតិមិត្ត​ឲ្យ​ប្រយ័ត្ន​វាចា​៖ វាចា​ឬ​សម្ដី​របស់​យើង ពេលខ្លះ​ក៏​ពិ​រោះ ហើយ​ពេលខ្លះ​ក៏​គំរោះគំរើយ មិន​សមរម្យ សម្ដី​ដោយ​ខ្វះ​ការគោរព​គ្នា​ជាដើម​។ ជាពិសេស​ត្រូវ​ប្រុងប្រយ័ត្ន​វចីទុច្ចរិត គឺ​អំពើ​ដែល​ប្រព្រឹត្ត​អាក្រក់ ដោយ​វាចា មាន​៤​យ៉ាង​គឺ​៖ និយាយ​កុហក​គេ និយាយ​ញុះញង់​គេ និយាយ​ពាក្យចាក់ដោត​គេ និង និយាយ​ពាក្យ​រោយរាយ​ឥតប្រយោជន៍​។ ដើម្បី​រក្សា​ចំណងមិត្តភាព និង​ភាពជឿជាក់​រវាង​ខ្លួន​យើង និង​ញាតិមិត្ត យើង​ត្រូវ​ប្រុងប្រយ័ត្ន នូវ​រាល់​វាចារ​របស់​យើង គួរ​និយាយ​ពាក្យ​ណា​ដែលមាន​ប្រយោជន៍ រិះគន់​បែប​ស្ថាបនា ឲ្យ​មានការ​រីកចម្រើន និង​ដើម្បី​ទំនាក់ទំនង​ល្អ​។​

៣/. នៅ​ជាមួយ​ព្រះមហាក្សត្រ​ត្រូវ​ប្រយ័ត្ន​កិច្ចការ​៖ ពាក្យ​ក្សត្រ គឺជា​ពាក្យ​ម៉ឺងម៉ាត់ កាលណា​ព្រះមហាក្សត្រ​មាន​ព្រះ​រាជបញ្ជា ឲ្យ​យើង​ធ្វើ​អ្វីមួយ​ហើយ គឺត្រូវធ្វើ​ឲ្យ​បានសម្រេច ហើយ​ត្រូវ​ប្រយ័ត្នប្រយែង កិច្ចការ​ទាំងនោះ​ផងដែរ​។ ហេតុអ្វី​? ព្រោះថា​បើកាលណា យើង​ធ្វេសប្រហែស​កិច្ច​ការដែល​ព្រះរាជា​ដាក់​ឲ្យ​យើង​ធ្វើ ហើយ​ធ្វើ​មិនបាន​សម្រេច​នោះ ប្រាកដ​ណាស់​នឹងត្រូវ​ដាក់ទណ្ឌកម្ម ពី​ព្រះរាជា​រហូតដល់​ស្លាប់​ក៏មាន​។ ហេតុនេះ ទើបបានជា​គេ​ឲ្យ​យើង​ប្រុងប្រយ័ត្ន​កិច្ចការ ដែល​ព្រះរាជា​ឲ្យ​ធ្វើ គឺត្រូវធ្វើ​ដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​ដោយ​ផ្ចិតផ្ចង់​បំផុត ទើប​អាច​រស់នៅ​ជាមួយ​ក្សត្រ​បាន​។​

៤/. នៅ​ជាមួយ​ពាល​ឬ​ស្យា​ឲ្យ​ប្រយ័ត្ន​គ្រប់យ៉ាង​៖ ពាល​ឬ​ស្យា គឺជា​មនុស្ស​ដែល​ល្ងង់ខ្លៅ មិន​ឈ្លាស កាច​សាហាវ ច្រណែន​ឈ្នា​នី​ស​។ កាលណា​យើង​សេពគប់​ជាមួយ​បុគ្គល​ពាលត្រូវ​ចាំ​ថា អាច​នឹង មាន​គ្រោះថ្នាក់ គ្រប់ពេលវេលា​ទាំងអស់ ព្រោះ​មនុស្ស​ពាល​គឺជា​មនុស្ស ដែ​ល​មិន​ស្គាល់​ហេតុផល​អាក្រក់​ល្អ​ស​ខ្មៅ​ឡើយ​។ វិញ្ញូ​ជន​និយាយស្ដី ស្របតាម​ការប្រព្រឹត្ត​និង​ការងារ​ជាក់ស្ដែង​របស់ខ្លួន ចំណែក​មនុស្ស​ពាល ចេះតែ​គ្រលាស់​អណ្តាត​មួយ​មុខ​ប៉ុណ្ណោះ​។ វិញ្ញូ​ជន​វិភាគ​រិះគន់ ក្នុងន័យ​ស្ថាបនា​ផ្ដល់​កម្លាំងចិត្ត​ចំពោះ​គ្នា ទៅតាម​ភាពត្រឹមត្រូវ ពោរពេញ​ដោយ​បំណងល្អ​ដល់​គ្នា ចំណែក​មនុស្ស​ពាល បែរជា​ណែនាំ​គ្នា​ទៅ​បង្ក​កម្ម​អកុសល​ដោយ​ក្នុង​ចិត្ត​គ្មាន​បំណងល្អ បរិសុទ្ធ​ចំពោះ​គ្នា​អ្វី​ឡើយ​៕

​ដកស្រង់​ពី​សៀវភៅ​៖ («​ប្រយ័ត្ន កម្ចាត់ ចម្រើន រក្សា​», សមាគម​ទ្រទ្រង់​ការបោះពុម្ពផ្សាយ​និង​អប់រំ​)


© រក្សាសិទ្ធិដោយ thmeythmey.com