អន្តរជាតិ
បុរស​ម្នាក់​អាច​ជាប់គុក​ដល់​៥​ឆ្នាំ​ដោយសារ​ប្រដូច​ម្ហូប​ប្រពៃណី​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ទៅនឹង​លឹ​ង្គ​សេះ​
05, Jan 2016 , 7:59 pm        
រូបភាព
ដោយ: ធីតា
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​គៀក​ហ្ស៊ី​ស្ថាន បាន​ចោទប្រកាន់​ជា​ផ្លូវការ​ទៅលើ​បុរស​ជនជាតិ​ស្កុ​ត​ឡេ​ន​ម្នាក់​ពី​ជំរុញ​ឲ្យ​ស្អប់​ជាតិ​សាសន៍ ក្រោយពី​បុរស​រូបនោះ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កដោយ​ប្រៀបធៀប​ម្ហូបអាហារ​ប្រពៃណី​របស់​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ថា​ដូចជា​លឹ​ង្គ​សេះ​។ តាមច្បាប់ រូបគេ​ត្រូវ​ប្រឈម​ជាប់ពន្ធនាគារ​ពី​៣​ទៅ​៥​ឆ្នាំ​។​



​លោក Michael Mcfeat ជនជាតិ​ស្កុ​ត​ឡេ​ន ជា​បុគ្គលិក​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​កាណាដា «Centerra Gold» នៅក្នុង​ប្រទេស​គៀក​ហ្ស៊ី​ស្ថាន ហើយ​លោក​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​លោក​បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​មិត្តភក្តិ​គៀក​ហ្ស៊ី​ស្ថាន​ម្នាក់​ដែល​ឈរ​តម្រង់​ជួរ​ក្នុង​ពិធីបុណ្យ​ម្ហូបអាហារ​។ លោក​បានសរសេរថា «​ម្ហូបអាហារ​ពិសេស​របស់​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​គឺជា​លឹ​ង្គ​សេះ​»​។​


​អ្វីដែល​លោក Mcfeat បាន​សរសេរ​នោះ គឺ​សំដៅលើ​ម្ហូប​ប្រពៃណី​របស់​គៀក​ហ្ស៊ី​ស្ថាន «​សាច់ក្រក​សាច់​សេះ​» (Chuchuk) ដែល​ពេញនិយម​បំផុត​នៅក្នុង​ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ដែល​នៅ​ជិតខាង​។ ពិធីបុណ្យ​ម្ហូបអាហារ​នេះ តែងតែ​ត្រូវបាន​ប្រារព្ធ​ឡើងជា​ប្រចាំ​ផងដែរ​ក្រោយ​ការដួលរលំ​អតីត​សហភាពសូវៀត​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ទោស​ដែល​ទាក់ទង​នឹង​ការ​ញុះញង់​ឲ្យ​មានការ​ស្អប់​ជាតិ​សាសន៍​អាច​ជាប់ពន្ធនាគារ​ពី​៣​ទៅ​៥​ឆ្នាំ​។ ក្រោយ​ការសរសេរ​របស់លោក Mcfeat មាន​សេចក្តីរាយការណ៍​ថា បុគ្គលិក​រុករក​រ៉ែ​ផ្សេងទៀត​បាននាំគ្នា​ធ្វើ​កូតកម្ម​រយៈពេល​ខ្លី​មួយ មុននឹង​ចូលធ្វើការ​វិញ​។​

​បន្ទាប់ពី​មានការ​រិះគន់​យ៉ាងធ្ងន់ធ្ងរ លោក Mcfeat បាន​លុប​សារ​របស់ខ្លួន ហើយ​បានធ្វើការ​សុំទោស​ជា​សាធារណៈ ដោយ​លោក​បាន​អះអាងថា ខ្លួន​គ្មាន​បំណង​ណាមួយ​មើលងាយ​ដល់​ពលរដ្ឋ និង​ប្រពៃណី​របស់​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​នោះឡើយ​។ លោក​បាន​សុំទោស​ជាច្រើនលើក និង​បន្ត​អះអាងថា លោក​មិនដឹងថា អ្វីដែល​ខ្លួន​សរសេរ ខុសច្បាប់​នោះឡើយ​។​

​ចៅក្រម​ម្នាក់​បាន​លើកឡើងថា លោក Mcfeat គួរតែ​ត្រូវបាន​បណ្តេញ​ចេញពី​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ខណៈ​មន្ត្រី ក្រសួង ការបរទេស​បញ្ជាក់ថា ការស៊ើបអង្កេត​មួយ​កំពុងតែ​ដំណើរការ​ក្រោម​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​៕


Tag:
 ​ប្លែកៗ​
© រក្សាសិទ្ធិដោយ thmeythmey.com